ប្រមុខការទូតកម្ពុជា លើកឡើងថា អាស៊ានជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើន

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ
ភ្នំពេញ៖ប្រមុខការទូតកម្ពុជា លើកឡើងថា អាស៊ានជំរុញសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើនកាន់តែល្អប្រសើរឡើងបន្ថែមទៀត ខណៈដែលកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់រហូតដល់៧.៥ភាគរយ។
ថ្លែងក្នុងឱកាសខួប២០ឆ្នាំ នៃការចូលជាសមាជិកអាស៊ានរបស់កម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ កាលពីព្រឹកថ្ងៃទី៣ ខែឧសភានេះ ឯឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានបញ្ជាក់ថា កម្ពុជាបានទទួលនូវផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចយ៉ាងច្រើនពីការចូលជាសមាជិកនៃក្រុមគ្រួសារអាស៊ាន។
ឯឧត្តម ឧបនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា បច្ចុប្បន្នអាស៊ានគឺជាទីផ្សារធំជាងគេទី៣ របស់កម្ពុជា បន្ទាប់ពីសហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក។ ឯឧត្តម បញ្ជាក់ថា ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេស សមាជិកអាស៊ានដទៃទៀតបានកើនឡើងពី៤ភាគរយនៅឆ្នាំ១៩៩៩ ដល់ជាង២០ភាគរយនៅឆ្នាំ២០១៨។

ឯឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានឲ្យដឹងទៀតថា អាស៊ានបានជួយសម្រួលដល់ដំណើរការសេដ្ឋកិច្ច ការវិនិយោគ ការធ្វើពាណិជ្ជកម្មក្នុងតំបន់ និងក្នុងបណ្ដាប្រទេសអាស៊ាន ជាពិសេសក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងទីផ្សារសេរី និងកិច្ចព្រមព្រៀងជាច្រើនទៀតជាមួយដៃគូអាស៊ាន។
សូមបញ្ជាក់ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក៏កំពុងប្រែក្លាយកម្ពុជាពីប្រទេសដែលមានចំណូលកម្រិតទាប ទៅប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕