សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញមកដល់កម្ពុជាវិញ បន្ទាប់ពីបានដឹកនាំ​គណៈប្រតិភូ ជាន់​ខ្ពស់ទៅចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមអតីតប្រធានរដ្ឋវៀតណាម

AKP ភ្នំពេញ​ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ — បន្ទាប់ពីបានដឹកនាំគណៈប្រតិភូទៅចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឡេ ឌឹ​ក​​អាញ់ អតីតប្រធានរដ្ឋវៀតណាម នៅទីក្រុងហាណូយសាធារណរដ្ឋសង្គមនិយម នាព្រឹក​ថ្ងៃ​ទី០៣ ខែឧសភា ឆ្នាំ២០១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុ​ន សែន បានអញ្ជើញនិវត្តន៍មកដល់កម្ពុជាវិញតាមជើងយន្តហោះពិសេស។

គួរបញ្ជាក់ដែរថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី នៃ​ព្រះ​រា​ជា​​ណាចក្រកម្ពុជា ក្នុងនាមជាមេដឹកនាំពិភពលោកមួយរូប និងជាអ្នកដែលធ្លាប់មានទំនាក់​ទំ​ន​ងយ៉ា​ងជិតស្និទ្ធជាមួយនឹង ឯកឧត្តម ឡេ ឌឹកអាញ់ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់​រាជ​រដ្ឋា​ភិបាលកម្ពុជា និងថ្នាក់ដឹកនាំកង យោធពលខេមរភូមិន្ទ សរុបចំនួន ២៥រូប អញ្ជើញគោរពវិញ្ញា​ណ​​ក្ខ​ន្ធ ឯកឧត្តម ឡេ ឌឹកអាញ់ អតីតប្រធានរដ្ឋវៀតណាម ដែលប្រារព្ធធ្វើឡើងនៅវិមាន​តម្ក​ល់​​សពអគារលេខ៥ ចិនថាញើតុង (Tran Thanh Tong) ក្នុងទីក្រុងហាណូយ ប្រទេសវៀ​ត​ណា​ម។

នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ បក្ស និងរដ្ឋាភិ​បាល​នៃសាធារ​ណ​រដ្ឋ​ស​ង្គ​​មនិ​យ​ម​​វៀត​ណា​ម បាន​ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធផ្លូវការ ជូនសពឯកឧត្តម ឡេ ឌឹ​​ក​​អាញ់ អតីត​ប្រ​ធានរដ្ឋវៀតណាម ដើម្បីឱ្យបណ្តាមេដឹកនាំពិភពលោក និងប្រជាជន​វៀត​ណា​ម ចូលរួមគោ​រ​ពវិ​​ញ្ញាណក្ខន្ធ និងការ​ជូនដំណើរជាលើកចុងក្រោយជូនដល់វិញ្ញាណក្ខន្ធ ឯ​ក​ឧត្តម ឡេ ឌឹក​អា​ញ់​ ដែលពិធីគោរពវិញ្ញាណ​ក្ខន្ធផ្លូវការនេះ រៀបចំឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០៣ និង​ទី​០៤​ខែឧ​សភា ឆ្នាំ២០១៩ មុនពិធី​ហែសពទៅ​បញ្ចុះនៅស្រុកកំណើតរបស់​ឯក​ឧ​ត្ត​​ម​នៅភូមិភាគ​ក​ណ្តា​​​ល របស់ប្រទេសវៀតណាម។ ក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និងជាការជូនដំណើរជាលើក​ចុ​ង​ក្រោ​យចំពោះសព ឯកឧត្តម ឡេ ឌឹក អាញ់ សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញ​សរសេរ​លើ​សៀវ​ភៅក្រាំងមាស នៃការចូលរួម​មរណទុក្ខ ជូនចំពោះ រដ្ឋាភិបាល គ្រូសារសព និងប្រ​ជា​ជន​វៀ​តណាម ដែលមានអត្ថន័យយ៉ាង ជ្រាលជ្រៅថា «អ៊ុំ ឡេ ឌឹកអាញ់ ជាទីគោរព ខ្ញុំ និង​គ​ណៈ​​​ប្រ​តិភូបក្ស រាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា បានមកជូនដំណើរអ៊ុំ​ជាលើក​ចុងក្រោយ ដែ​ល​គ្មា​ន​​ពេលនឹងបានជួបវិញ។ តាំងពីបានជួបគ្នាលើកដំបូងនាដើមឆ្នាំ១៩៧៨ នៅ​មន្ទីរពេទ្យ ថុង​ញិ​ត​ ​ក្រុងហូជីមិញ រហូតមកដល់ពេលនេះ រូបអ៊ុំផ្ទាល់រួមជាមួយកងទ័ព និង​ប្រជាជន វៀតណាម បាន​ជួយដល់ប្រជាជនកម្ពុជាច្រើនណាស់។ កងកម្លាំងប្រដាប់អាវុធ​សាមគ្គី​សង្រ្គោះជាតិកម្ពុជា ត្រូវ​បានកសាងឡើងក្រោមការជួយឧបត្ថម្ភផ្ទាល់ពីសំណាក់លោកអ៊ុំ ដែល​ពេល​នោះ លោកអ៊ុំ ជា​មេបញ្ជាការយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម។ ការរំដោះ​ប្រជាជនចេញ​ពី​រប​ប​ប្រល័យពូជសាសន៍ ប៉ុល ពត ការទប់ស្កាត់ការវិលត្រឡប់ នៃរបប​ប្រល័យ​ពូជសាសន៍ ការកសាងកម្ពុជាឡើងវិញ ពិសេសការរីកធំធាត់ នៃកងទ័ពកម្ពុជា ។ល។ សុទ្ធតែមាន​ការ​រួម​ចំ​ណែ​ករបស់លោកអ៊ុំ។ ក្នុងពេលបំពេញភារកិច្ចនៅកម្ពុជា លោកអ៊ុំ បានតំណាងឱ្យបក្ស រដ្ឋាភិ​បា​ល និងកងទ័ពស្ម័គ្រចិត្តវៀតណាម អនុវត្តន៍បានយ៉ាង ពេញលេញនូវគោលការណ៍ គោរព​ឯករាជ្យ អធិបតេយ្យភាពកម្ពុជា គោរពយ៉ាងម៉ឺងម៉ាត់ នូវការជ្រើសរើសរបស់ប្រជាជនកម្ពុជានូវ​​ប្រព័ន្ធនយោបាយ សេដ្ឋកិច្ចសង្គមរបស់កម្ពុជា។

ក្នុងពេលបំពេញមុខងារជាប្រធានរដ្ឋ​វៀត​ណា​ម លោកអ៊ុំជាមនុស្សម្នាក់ ដែលបានរួមជាមួយបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀត​ណា​ម ជំរុញ​នូវទំនាក់ទំនងលើគ្រប់វិស័យ រវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ឱ្យរីកចម្រើ​ន​យ៉ាង​​ឆាប់​រហ័ស។ តាំងពីពេលស្គាល់គ្នារហូតមកដល់ពេលបែកគ្នា លោកអ៊ុំ តែងយកចិត្ត​ទុក​​ដាក់​ដល់​រូប​ខ្ញុំ ភរិយា និងកូនៗ របស់ខ្ញុំ ដូចឪពុក និងកូន ជីតានិងចៅ។ ខ្ញុំនៅចាំបានថា នៅ​ក្នុងគ្រាដែល ​ខ្ញុំ​លំបាកបំផុត ពេលកសាងកងទ័ពដំបូង លោកអ៊ុំបានផ្តល់នូវការឧបត្ថម្ភ​គ្រប់​យ៉ាង ដើម្បីឱ្យ​កងទ័ព​កម្ពុជា បានរីកធំធាត់យ៉ាងឆាប់រហ័ស។ លោកអ៊ុំមិនពិសារបារីទេ តែ​លោ​កអ៊ុំមិនភ្លេច​ផ្ញើ​បារីឱ្យខ្ញុំ ដោយសាអ៊ុំដឹងថា ខ្ញុំជាអ្នកជក់បារីច្រើន។ លោកអ៊ុំតែងផ្តល់យោ​ប​ល់​ឱ្យខ្ញុំថែសុខភាព។  ក្នុងឋានៈជាអ្នកនយោបាយមួយរូប និងជាមេបញ្ជាការកងទ័ពមួយរូប ខ្ញុំ​បានចាត់ទុកលោកអ៊ុំ ជា​អ្នក​កំពូលយុទ្ធសាស្រ្តលើផ្នែកយោធា និងនយោបាយ ដែលខ្ញុំពុំ​ទាន់​ជួប​មនុស្ស​ផ្សេងទៀត នៅ​តាម​ប្រទេសនានានៅឡើយ។ សូមគោរពលា និងជូនដំ​ណើរ លោ​កអ៊ុំ ដោយក្តៅអាឡោះអាល័យ​ជាមួយនឹងទុក្ខ​ដ៏ក្រៀម​ក្រំបំផុត»។

សូមបញ្ជាក់ថា ឯកឧត្តម ឡេ ឌឹកអាញ់ បានចំណាយពេលភាគច្រើន ក្នុងមួយជីវិត​រប​ស់​​លោក នៅឯភាគ​ខាង​ត្បូងប្រទេស​វៀត​ណាម ជាទីដែលឯកឧត្តមបានចូលរួមក្នុងសង្រ្គាម រ​ប​​​ស់បក្ស​កុម្មុ​យ​និស្ត​វៀត​ណាម ប្រឆាំង​នឹង​អាម៉រិក។ ឯកឧត្តមបានកាន់មុខតំណែងជាប្រធាន​រដ្ឋ​​វៀ​តណាម ចាប់ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​១៩៩៧ និងនៅឆ្នាំ១៩៩៥ ឯកឧត្តមបានក្លាយជាប្រមុខ​រដ្ឋ​វៀត​ណា​ម​ដំ​បូង​គេ​ ដែលបានឈាន​ជើង​ជាន់លើទឹកដីអាម៉េរិក ក្រោយសម័យសង្រ្គាម​វៀត​ណា​ម នៅពេល​ដែ​ល​ ឯកឧត្តមធ្វើដំណើរ​ទៅចូលរួមគម្រប់ខួប ៥០ឆ្នាំ របស់អង្គការសហប្រជា​ជា​តិនៅញូវយ៉ក។ ជាមួ​យនិងប្រទេសកម្ពុជា ឯកឧត្តម ឡេ ដឹកអាញ់ អតីតប្រធានរដ្ឋ និង​ជា​អតី​ត​មេទ័ពវៀត​ណា​ម​​ម្នាក់ ដែលបានជួយ​កម្ពុជា ក្នុង​ការផ្តួលរំលំរបបប្រល័យពូជសាសន៍​ខ្មែរ​ក្រ​ហម។ ឯកឧត្តម​បាន​​ទទួលមរណភាព ក្នុង​អាយុ​៩៩​ឆ្នាំ កាលពីវេលាយប់ ថ្ងៃចន្ទ ទី២២ ខែ​មេ​សា ឆ្នាំ២០១៩ ដោយ​សាររោគាពាធ។ ឯកឧត្តម​អតីតប្រធានរដ្ឋ ទទួលបានការអប់រំនៅ​ក្នុង​អតី​ត​សហភាព​សូ​វៀ​ត (រុស្ស៊ីបច្ចុប្បន្ន) និង​ពិការ​ភ្នែក​មួយចំហៀង និងធ្លាប់បានកាន់តួនាទី​យោ​ធា​​ខុសគ្នាៗ ក្នុង​អំ​ឡុង​​សង្រ្គាមវៀតណាម។ ថ្នាក់​ដឹកនាំនិងប្រជាជនវៀតណាម ចាត់ទុកឯក​ឧត្ត​ម ឡេ ឌឹកអាញ់ ជាបុគ្គលមួយរូប ដែលបាន​ជួយ​រំដោះទីក្រុងសៃហ្គន (Saigon – ទីក្រុងហូ​ជី​​មិ​ញបច្ចុប្បន្ន) នៅ​ក្នុ​ង​​​ប្រតិបត្តិការវាយ និងផ្តួល​រំលំ​រដ្ឋាភិបាលវៀតណាមខាងត្បូង ដែលគាំ​ទ្រ​ដោយអាម៉េរិក៕

ដោយ ជឹម ណារី