ក្រុមសភានិយាយភាសាបារាំងរួមគ្នាស្វែងរកគន្លឹះនៃការអភិវឌ្ឍប្រកបដោយចីរភាព

វិទ្យុជាតិកម្ពុជាដោយលោក វ៉ាងភក្តី

ភ្នំពេញ៖  ក្រុមសភានិយាយភាសាបារាំងរួមគ្នាស្វែងរកគន្លឹះនៃការអភិវឌ្ឍប្រកបដោយចីរភាព ដែលនាំមកនូវសុខុដុមរមនីយកម្មដល់ប្រទេសជាតិ និងប្រជាជន។

 

ថ្លែងក្នុងកិច្ចប្រជុំរបស់គណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៃសភានិយាយភាសាបារាំង ហៅកាត់ថា  APF ដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញពីថ្ងៃទី៣-៤ ខែឧសភានេះ លោកជំទាវ អង់ហ្សេលីក ហ្គូម៉ា ប្រធានគណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៃសភានិយាយភាសាបារាំង មានប្រសាសន៍ថា ប្រធានបទដែលបានរៀបចំសម្រាប់ការពិភាក្សានៅកម្ពុជានេះ គឺផ្តោតលើបញ្ហាប្រឈមសម្រាប់ប្រទេសទាំងអស់នៅក្នុងពិភពលោក មានដូចជាភាពក្រីក្រ អំពើពុករលួយ ការខ្វះការងារធ្វើ ការខ្ជះខ្ជាយអាហារ ការប្រើឌីជីថល ផលប៉ះពាល់នៃបដិវត្តន៍ឌីជីថលលើការងារនៅក្នុងលំហនៃប្រទេសនិយាយបារាំង ជាដើម។

 

ឯកឧត្តម ប៉ែន បញ្ញា សមាជិករដ្ឋសភាកម្ពុជា និងជាប្រធានក្រុមសភាជាតិកម្ពុជានៃសភានិយាយភាសាបារាំង បានបង្ហាញការជឿជាក់ថា កិច្ចសហការក្នុងក្របខណ្ឌនៃសភានិយាយភាសាបារាំង នឹងជួយឲ្យប្រទេសជាសមាជិកទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពរីកចម្រើន។ ឯកឧត្តម មានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចនឹងមិនអាចសម្រេចបានទេ បើគ្មានការផ្លាស់ប្តូរជាមួយបណ្តាប្រទេសដទៃទៀត ក្នុងបរិបទនៃសាកលភាវូបនីយកម្មនេះ។ ឯកឧត្តមបន្តថា កម្ពុជាបានបង្កើតទំនាក់ទំនងជាមួយបណ្តាប្រទេសទាំងអស់ រួមទាំងប្រទេសដែលជាសមាជិករបស់សភានិយាយភាសាបារាំងផងដែរ ចំពោះកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរ និងភ្ជាប់ទំនាក់ទំនងទៅបញ្ហានយោបាយ សន្តិសុខ សេដ្ឋកិច្ច ការវិនិយោគ ប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន សន្តិសុខស្បៀង និងបញ្ហាសំខាន់ៗផ្សេងៗទៀតមួយចំនួនទៀត។

 

 

          យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំរបស់គណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៃសភានិយាយភាសាបារាំងនៅកម្ពុជានេះ មានគណៈប្រតិភូសភាចូលរួមប្រហែល៤០រូប មកពី១៥ប្រទេស ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នៅក្នុងគ្រួសារនៃសភានិយាយភាសាបារាំង។

 

សូមបញ្ជាក់ថា គណៈកម្មការសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៃសភានិយាយភាសាបារាំង ជាគណៈកម្មការមួយក្នុងចំណោមគណៈកម្មការជំនាញចំនួន៥ទៀត របស់សភានិយាយភាសាបារាំង ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៧។

 

គិតមកទល់បច្ចុប្បន្ន សភានេះ មានសមាជិកជាង៨០ក្រុមសភាជាតិ និងបានផ្លាស់វេនគ្នារៀបចំកិច្ចប្រជុំគណៈកម្មការនីមួយៗជាទៀងទាត់៕