រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តការងារមនុស្សធម៌នៅកម្ពុជា

វិទ្យុជាតិកម្ពុជាអត្ថបទ ស្រីផល

ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្ញើសារលិខិតមួយច្បាប់ ដើម្បីជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ខែឧសភាខាងមុខនេះ។

សារលិខិតរបស់ឯកឧត្តមរដ្ឋមន្ត្រីបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំង៣ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកជួយតាមបីបាច់ថែរក្សាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឲ្យទទួលបាននូវកាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ប្រាជ្ញាឈ្លាសវៃ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ ដើម្បីដឹកនាំស្ថាប័នកាកបាទក្រហមកម្ពុជាទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។

ឯកឧត្តម បានកោតសរសើរដោយស្មោះ ចំពោះសកម្មភាពរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានដឹកនាំស្ថាប័នកាកបាទក្រហមកម្ពុជា ឆ្ពោះទៅរកភាពជោគជ័យជាបន្តបន្ទាប់ ធ្វើឱ្យកិត្យានុភាពកាកបាទក្រហមកម្ពុជា កាន់តែមានភាពល្បីល្បាញទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាថ្នាក់ដឹកនាំមួយរូប ប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ និងមានវីរភាពដ៏ប្រពៃថ្លៃថ្លា ដែលតែងតែមានវត្តមានគ្រប់ពេលវេលា ក្នុងការចុះជួយសង្គ្រោះប្រជាពលរដ្ឋ ជួបគ្រោះមហន្តរាយនានាទូទាំងប្រទេសផ្តល់ភាពកក់ក្តៅ និងជាទីពំនាក់ដែលមិនអាចខ្វះបាន សម្រាប់ប្រជាពលរដ្ឋទូទៅ៕