រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ កម្ពុជាប្រហែលជាអាចនឹងមានច្បាប់កំណត់ពីកម្រិតវប្បធម៌ សម្រាប់តួនាទីអ្នកកាសែត

AKP ភ្នំពេញ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ការបង្កើតច្បាប់ ស្តីពី សិទ្ធិទទួលបានព័ត៌មាន អាចនឹងបញ្ចូលពីការកំណត់ពីកម្រិតវប្បធម៌ សម្រាប់តួនាទីអ្នក​កាសែត។ ការលើកឡើងពីការកម្រិតវប្បធម៌សម្រាប់អ្នកធ្វើការក្នុងវិស័យសារព័ត៌មាននេះ ខណៈដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញចូលរួម ក្នុងទិវាសេរីភាពសារព័ត៌មាន ពិភព​លោក កាលពីព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។ ឯកឧត្តម ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា ការកម្រិតសញ្ញាបត្រនេះ នឹងរាប់​បញ្ចូល ទាំងបទពិសោធន៍ក្នុងការធ្វើព័ត៌មានផងដែរ មុននឹងកាន់តួនាទីអ្វីមួយក្នុងស្ថាប័នព័ត៌មាន ណា​មួយ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានបន្ដថា “រឿងនេះយើងបានសរសេររួចហើយតែនៅ កម្រិតក្រុមបច្ចេកទេសនៅឡើយក្រសួងព័ត៌មាននឹងអញ្ជើញអ្នកកាសែតមកពិភាក្សាឡើងវិញមុន នឹងដាក់បញ្ចូលទៅក្នុងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន”។ ឯកឧត្តមរដ្ឋមន្ត្រីបាន​បន្ថែម​ថា  ការចង់ឱ្យមានការកំណត់សញ្ញាបត្រសម្រាប់អ្នកកាសែតនេះធ្លាប់បានពិភាក្សាម្តងរួច មក ហើយកាលពី១៥ឆ្នាំមុន តែការលើកឡើងនេះក៏មានទស្សនៈមួយចំនួនលើកឡើងថានាំឱ្យប៉ះ ពាល់ដល់សិទ្ធិសេរីភាពសម្រាប់អ្នកសារព័ត៌មានទៅវិញ។

ជាមួយគ្នានេះ លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជាសំណូមពរឱ្យសហ គមន៍ជាតិនិងអន្តរជាតិជួយផ្តល់ជាថវិកា សម្រាប់គម្រោងបណ្តុះបណ្តាលអ្នកកាសែតដើម្បី ឱ្យពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើរឿងធំៗដែលមានប្រយោជន៍សម្រាប់ជាការយល់ដឹងរបស់ប្រជាពលរដ្ឋ។ នៅក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក០៣ឧសភានេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ជំរុញ​ឱ្យ​អ្នកសារព័ត៌មានផ្សាយព័ត៌មានប្រកបដោយគុណភាព និងចូលរួមចំណែករក្សា​សុខ​សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍពិតយ៉ាងពិតប្រាកដ៕

ដោយ គង់ សិរីរ័ត្ន រូបថត៖ ខឹម សុវណ្ណារ៉ា