រដ្ឋបាលរាជធានីភ្នំពេញនិងសាលាក្រុងប៉ារីស រួមគ្នាផ្សព្វផ្សាយសៀវភៅ ដើម្បីអភិវឌ្ឍន៍ទីក្រុងភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែឧសភា ​ឆ្នាំ២០១៩ -សៀវភៅអានស្តីពីការអភិវឌ្ឍទីក្រុងភ្នំពេញ ជាពិសេសការផ្លាស់ប្តូរទីក្រុងភ្នំពេញឱ្យមានពណ៌បៃតង ដែលចំណាយថវិកាបោះពុម្ភអស់១២ម៉ឺនដុល្លារអាម៉េរិក ត្រូវបានធ្វើពិធីផ្សព្វផ្សាយ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម  ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី Valentine Gigaudaut តំណាងស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជា។

សៀវភៅនេះចែកចេញជាពីរប្រភេទសំខាន់ ដោយការផ្លាស់ប្ដូរទីក្រុងឱ្យទៅជាទីក្រុងមានពណ៌បៃតង និងមានបរិស្ថានល្អ។ សៀវភៅនេះបានសរសេរគិតទុកជាមុនពីបញ្ហាបរិស្ថាន បញ្ហាទឹកជំនន់ និងលើកទឹកចិត្តចំពោះអ្នកអាន ពិសេសអ្នកដែលពាក់ព័ន្ធនឹងធ្វើការងារអភិវឌ្ឍន៍ទីក្រុង។

ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ក្នុងពិធីផ្សព្វផ្សាយសៀវភៅនេះថា សៀវភៅនេះគឺបានគិតទុកជាមុនពីបញ្ហាបរិស្ថាន បញ្ហាការអភិវឌ្ឍទីក្រុងសម្រាប់ពេលអនាគត។ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះទីក្រុងប៉ារីស ដែលបានបង្កើតប្លង់គោល ដែលជាប្លង់តម្រង់ទិសសម្រាប់រាជធានីភ្នំពេញឆ្ពោះទៅរកការអភិវឌ្ឍនិងរីកចម្រើន ។ ជាមួយគ្នានេះដែរឯកឧត្ដមក៏បានថ្លែងអំណរគុណចំពោះក្រុមការងារ ដែលរួមសហការគ្នារវាងទីក្រុងភ្នំពេញ និងទីក្រុងប៉ារីស បង្កើតឱ្យមានឡើងនូវសៀវភៅដ៏ល្អនេះ និងបំពេញបន្ថែមនូវអ្វីដែលមាននៅក្នុងដៃ រក្សាបានទីក្រុងមានភាពបៃតង ជាទីក្រុងវៃឆ្លាត៕

ដោយសួស សំរិត