កិច្ចប្រជុំសភាប្រទេសនិយាយភាសាបារាំង បានបើកជាផ្លូវការហើយនៅភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ -កិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ នៃសភា និយាយភាសាបារាំង ហៅកាត់ថា APF ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ បានបើកជាផ្លូវការហើយ នៅ ព្រឹកថ្ងៃសុក្រ ១៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០១៩នេះ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានក្រុមសភាជាតិកម្ពុជានៃសភានិយាយភាសាបារាំង(APF)  និងលោកជំទាវ អង់ ហ្សេលីកហ្គូម៉ា (Angelique Ngoma) ប្រធានគណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ នៃសភានិយាយភាសាបារាំង(APF) ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូសភានៃបណ្ដាប្រទេសនិយាយភាសាបារាំងប្រមាណ ៤០រូប មកពី ១៥ប្រទេស។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ថ្លែងថា កិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ នៃសភានិយាយភាសាបារាំង ហៅកាត់ថា APF ដែលមានរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ មានសារៈសំខាន់ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិ បត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នៅក្នុងគ្រួសារ APF ហើយក៏ជាឱកាសដ៏ល្អសម្រាប់តំណាងប្រជាពលរដ្ឋមកពីគ្រប់ទិសទីនៅលើពិភពលោក រួមគ្នាត្រួតពិនិត្យលទ្ធផលដែលបានអនុវត្តន៍នាពេលកន្លងមក ធ្វើការពិភាក្សា និងផ្លាស់ប្តូរទស្សនទាន លើប្រធានបទសំខាន់ៗដែលជាបញ្ហាសកល ជាអាទិ៍៖ ការពិនិត្យមើលសកម្មភាពរបស់អង្គការ (AFD) ទាក់ទងនឹងការអភិវឌ្ឍជាចីរភាពនៅព្រះរាជាណាចក្រកម្ពុជា និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងបណ្តាប្រទេសនិយាយភាសាបារាំង រួមមាន៖ ១-បទបង្ហាញ និងការពិនិត្យលើសេចក្តីព្រាងរបាយការណ៍ និងសេចក្តីសម្រេច ស្តីពីអំពើពុករលួយជាឧបសគ្គដល់ការអភិវឌ្ឍ។ ២-ការប្រើប្រាស់ឌីជីថល នៅក្នុងតំបន់និយាយភាសាបារាំង។ ៣ -ផលប៉ះពាល់នៃបដិវត្តន៍ឌីជីថលលើការងារនៅក្នុងលំហនៃប្រទេសនិយាយបារាំង។ ៤-ការបាត់បង់ និងការខ្ជះខ្ជាយចំណីអាហារ។

សូមជម្រាបថា គណៈកម្មការសហប្រតិបត្តិការ និងអភិវឌ្ឍន៍ជាគណៈកម្មការមួយក្នុងចំណោមគណៈកម្មការជំនាញចំនួន ៥ទៀត របស់សភានិយាយភាសាបារាំង APF ។ សភានិយាយភាសាបារាំង(APF) បានបង្កើតឡើងនៅឆ្នាំ១៩៦៧ មកទល់នឹងពេលនេះ APF មានសមាជិកជាង ៨០ក្រុមសភាជាតិ និងបានផ្លាស់វេនគ្នារៀបចំកិច្ចប្រជុំគណៈកម្មការនីមួយៗ ជាទៀងទាត់៕

ដោយ ប៉ាល់ សុង