សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញទៅដល់ប្រទេសវៀតណាមកាលពីល្ងាចថ្ងៃទី3ខែឧសភាដើម្បីគោរពវិញ្ញាណក្ខន្ធ អតីតប្រធានាធិបតីវៀតណាម ដែលគ្រោងធ្វើឡើងនៅព្រឹកនេះ

វិទ្យុជាតិកម្ពុជា៖ដោយលោកជៀង យ៉ារ៉ត

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកបដោយសុវត្តិភាពដើម្បីគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឡេ ឌឹកអាញ់អតីតប្រធានាធិបតីវៀតណាម ដែលគ្រោងធ្វើឡើងនៅព្រឹកថ្ងៃទី៣ឧសភា។
តាមសេចក្តីរាយការណ៍របស់អ្នកយកព័ត៌មានពិសេសទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថាយន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ០០១ បានធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិណយបៃ កាលពីវេលាម៉ោង១៧និង១០នាទីថ្ងៃទី០២ខែ ឧសភាឆ្នាំ២០១៩នេះ

ក្រោមវត្តមាននៃការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីឯកឧត្តម Nguyen Quoc Cuong អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម ឯកឧត្តម ប្រាក់ ងួនហុង ឯកអគ្គរាជទូតវិសាមញ និង ពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម និងឥស្សរជនការទូត របស់ព្រះរាជា ណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ជាច្រើនរូប។
សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋវៀតណាម នៅអគារបញ្ចុះសពផ្លូវការ ក្នុងទីក្រុងហាណូយ នៅព្រឹកថ្ងៃទី៣ឧសភា។
គណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមប្រធានរដ្ឋវៀតណាមរួមមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋ មន្រ្តីក្រសួងការពារ ជាតិ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ ខ្ពស់រាជរដ្ឋាភិបាល និងឥស្សរជនជាន់ខ្ពស់ក្រសួងការពារជាតិជាច្រើនរូប។
សូមបញ្ជាក់ដែរថា ឯកឧត្តម ឡេ ដឹកអាញ់ បានទទួលមរណភាព ក្នុងអាយុ៩៩ឆ្នាំ កាលពីវេលាយប់ថ្ងៃទី២២ ខែមេសាឆ្នាំ២០១៩ ដោយសាររោគាពាធ៕