សម្តេចតេជោនាយករដ្ឋមន្រ្តី ជួបពិភាក្សាជាមួយឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀត ណាម មុនពិធីគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឡេ ឌឹកអាញ់

វិទ្យុជាតិកម្ពុជា៖ ដោយលោកជៀងយ៉ារ៉េត

បន្ទាប់ពីអញ្ជើញដល់ទីក្រុងហាណូយនៅរាត្រីថ្ងៃទី២ខែឧសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើជំនួបពិភាក្សាជាមួយ ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ នេះបើតាមសេចក្តីរាយការណ៍របស់អ្នកយកព័ត៌មានពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជាពីទីក្រុងហាណូយ។ប្រភពដដែលបានបញ្ជាក់ថាក្នុងជំនួបពិភាក្សាគ្នានោះ ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម មានប្រសាសន៍ក្នុងនាមរដ្ឋាភិបាលនិងប្រជាជនវៀតណាម ឯកឧត្តមផ្ទាល់សូមសំដែងនូវការ គោរពយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃបំផុត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឡេ ឌឹកអាញ់ ដែលជាមេដឹកនាំដ៏ឆ្នើមរបស់ប្រទេសនិងប្រជាជនវៀតណាមជាបងប្អូន។មានប្រសាសន៍ក្នុងជំនួបនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងអរគុណ ជូនចំពោះឯកឧត្តមនាយករដ្ឋមន្រ្តី វៀតណាម ដែលបានជួយសំរួលដល់គណៈប្រតិភូកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឡេ ឌឹកអាញ់ ដែលជាមេដឹកនាំកំពូលមួយរូបរបស់ប្រទេសវៀតណាម ដែលមានគុណបំណាច់ជួយរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការទប់ស្កាត់មិនឲ្យវិលត្រឡប់មកវិញ នៃរបប ប៉ុល ពត។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រ សាសន៍បន្តថា សម្តេចនឹងសរសេរសារដ៏មានសារសំខាន់ លើសៀវភៅក្រាំងមាសនៃការចូលរួមរំលែកទុក្ខ ដើម្បីជាការជូនដំណើរជាលើកចុង ក្រោយ ជូនដល់វិញ្ញាណក្ខន្ធ ឯកឧត្តម ឡេ ឌឹកអាញ់។ សម្តេច តេជោនាយករដ្ឋមន្រ្តីក៏បានរៀប រាប់ពីប្រវត្តិ នៃការជួបសន្ទនាជាមួយ ឯកឧត្តម ឡេ ឌឹកអាញ់ ទាំងក្នុងពេលនៅមន្ទីរពេទ្យ និងការងារផ្សេងៗ ដោយបានចាត់ទុកថា ឯកឧត្តម ឡេ ឌឹកអាញ់ គឺ ជាមេដឹកនាំកំពូលរបស់វៀតណាម ដែលបានជួយដល់កម្ពុជាទាំងផ្នែកស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។ សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា នេះគឺជាលើកចុងក្រោយនៃការអញ្ជើញមកគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឡេឌឹកអាញ់ ពិសេសការបញ្ជាក់ពីការគោរពស្រឡាញ់ក្នុងនាមជាប្រទេសដែលមានភូមិផងរបងជាមួយ ។ សម្តេចតេជោមានប្រសាសន៍បន្តថា វត្តមានរបស់សម្តេចនិងគណៈប្រតិភូនៅពេលនេះ គឺបញ្ជាក់ពីការគោរពស្រឡាញ់គ្នាទៅវិញទៅមក ក្នុងនាមជាប្រជាជនដែលធ្លាប់តែជួយគ្នា ក្នុងគ្រាមានការលំបាកដូចគ្នាកាលពីអតីតកាល។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា វៀតណាម ក៏បានពិភាក្សាគ្នាផងដែរ ពីជំនួបក្នុងអាហារពេលព្រឹក នៅទីក្រុងប៉េ កាំង ប្រទេសចិន ក្នុងឱកាសដែលមេដឹកនាំទាំងពីរ អញ្ជើញចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី២ ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ជាមួយគ្នានេះភាគីទាំងពីរក៏បានធ្វើការពិភាក្សាផងដែរ ទាក់ទិនទៅនឹងទំនាក់ទំនងទ្វេភាគី ពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា៕