មហាជនគាំទ្រដល់ចំណាត់ការបញ្ឈប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅថ្ងៃបុណ្យពិសាខបូជានិងមាឃបូជា

វិទ្យុជាតិកម្ពុជា៖ អត្ថបទ៖ ទុយ សូលីដា

ភ្នំពេញ៖ មហាជនគាំទ្រ ដល់ចំណាត់ការរបស់ក្រសួងព័ត៌មានដែលឲ្យបញ្ឈប់ការផ្សាយស្ប៉តពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹងនៅថ្ងៃបុណ្យពិសាខបូជានិងមាឃបូជា ដើម្បីជំរុញការលើក កម្ពស់ការប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនា ក៍ដូចជាគាំពារដល់សុខភាពរបស់ប្រជាពលរដ្ឋ ។

    កញ្ញា រឿន នីតា រស់នៅរាជធានីភ្នំពេញបានប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងថា កញ្ញាក៏ដូចជាប្រជាពលរដ្ឋដ៏ទៃទៀតមានការពេញចិត្តយ៉ាងខ្លំាងចំពោះក្រសួងព័ត៌មាន ដែលបានហាមឃាត់ពុំអោយមានការផ្សព្វផ្សាយស្ប៉តពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ប្រភេទនៅលើប្រព័ន្ធផ្សព្វ ផ្សាយនាថ្ងៃបុណ្យមាឃបូជា និងវិសាខបូជាដោយសារកម្ពុជា គឺជាប្រទេសដែលកាន់ព្រះពុទ្ធសាសនា ហើយគ្រឿងស្រវឹងជាបំរាមមួយនៅក្នុងសាសនានេះ។

  កញ្ញាចង់អោយក្រសួងរឹតបណ្តឹងវិធានការណ៍នេះឲ្យបានម៉ឹងម៉ាតដើម្បីឲ្យម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់នោះសហការអនុវត្តតាមសេចក្តីណែនាំនេះ ដែលវាបានរួមចំណែកដល់ ប្រជាពលរដ្ឋនិងយុវជនមិនពិសាគ្រឿងស្រវឹងនៅថ្ងៃបុណ្យពិសាខបូជា និងបុណ្យមាឃបូជាពីព្រោះថាគ្រឿងស្រវឹងមានផលប៉ះពាល់ដល់សុខភាព ហើយអាចប្រើអំពើហឹង្សានៅពេលស្រវឹង  និងបង្កជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ផងដែរ ។

 សម្លេង៖  ក្រសួងគួរតែចាត់វិធានការប្រសិនបើស្ថានីយណា នៅតែផ្សាយត្រូវចេញលិខិតព្រមាន បើនៅតែបន្តផ្សាយទៀតគួរតែដកអជ្ញាប័ណ្ណបណ្ដោះអាសន្ន ដើម្បីអោយគាត់បញ្ឈប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅថ្ងៃបុណ្យពិសាខបូជា ។

ស្រដៀងគ្នានេះដែរ លោក ជា សុភ័ក្រ ប្រជាពលរដ្ឋមកពីខេត្តកណ្តាលបានអោយដឹងថា ការហាមប្រាមមិនឲ្យផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងនៅថ្ងៃបុណ្យធំគឺរឿងដ៏ល្អ ខណៈដែលប្រជាពលរដ្ឋខ្មែរកាន់តែនិយមបរិភោគគ្រឿងស្រវឹងហើយបង្កឲ្យមានផលប៉ៈពាល់ ដល់សុខភាព និងមានអាត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងកម្រិតខ្ពស់ដោយសារការពិសារគ្រឿងស្រវឹង។

សម្លេង៖ខ្ញុំយល់ថាកាលដែលក្រសួងព័ត៌មានចេញបែបនេះគឺល្អ ទីមួយការពារសុខភាពរបស់ប្រជាពលរដ្ឋ  និងទីពីរដើម្បីចូលរួមលើកកំពស់វិស័យព្រះពុទ្ធសាសនារបស់យើងពីព្រោះថាថ្ងៃមាឃបូជានិងគឺជាថ្ងៃសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋកម្ពុជាយើង ក្នុងការគោរពព្រះពុទ្ធសាសនា ខ្ញុំសូមគាំទ្រទាំងស្រុងនិងសូមអោយប្រព័ន្ធផ្សព្វផ្សាយ ទាំងអស់កុំផ្សាយនៅថ្ងៃពិសាខបូជានិងមាឃបូជា ដើម្បីចូលរួមគោរពព្រះពុទ្ធសាសនាទាំងអស់គ្នា។

ឯកឧត្តមខៀវកាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានចេញសេចក្តីជូនដំណឹងទៅ ដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទំាងអស់ត្រូវបញ្ឈប់ការផ្សាយស្ប៉តពាណិជ្ជកម្មគ្រឿងស្រវឹងនៅថ្ងៃបុណ្យមាឃបូជានិងវិសាខបូជាជារៀងរាល់ឆ្នាំដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ៕