លោកជំទាវ រ៉ូណា ស្មីត ស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញ បង្កើនឱ្យមានច្រកចេញ ចូលតែមួយនៅតាមបណ្តាខណ្ឌ

AKP ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ — លោកជំទាវ រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់ឧត្តមស្នងការអង្គការសហប្រជា ជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញបង្កើនឱ្យមាន ច្រកចេញ ចូលតែមួយនៅតាមបណ្ដាខណ្ឌ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អថែម ទៀត។

លោកជំទាវ បានស្នើបែបនេះខណៈ លោកជំទាវ បានចូលជួបពិភាក្សាការងារជាមួយ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវ នឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ដើម្បីចង់ដឹងពីការងារមួយចំនួនពាក់ព័ន្ធ នឹងសិទ្ធិមនុស្សនៅកម្ពុជា ហើយលោកជំទាវ ក៏បាន សម្តែងការកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានបង្កើនឱ្យមានច្រកចេញ ចូលតែមួយនៅតាមខណ្ឌ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អថែមទៀត។

ឯកឧត្ដម ឃួង ស្រេង បានថ្លែងការអរគុណចំពោះអង្គការសហប្រជាជាតិ ដែលបាន ចូលរួមចំណែកយ៉ាងសកម្មជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា និយាយដោយឡែក រាជធានីភ្នំពេញ មានភាពជាដៃគូដែលមានសារៈសំខាន់ក្នុងការលើកកម្ពស់សិទ្ធិមនុស្សនៅ កម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចនេះលោកជឿជាក់ថា នឹងនាំមកនូវកិច្ចសហប្រតិបត្តិការ កាន់តែល្អប្រសើរក្នុងការរួមចំណែកកែលម្អជីវភាព កាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជា ពលរដ្ឋ ស្របតាមគោលការណ៍សហស្សវត្សរ៍ និងកម្មវិធីនយោបាយយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាល។

ឯកឧត្ដម ឃួង  ស្រេង បានលើកឡើងពីការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង ចំពោះការ រីកចម្រើនរបស់រាជធានីភ្នំពេញ និងការកើនឡើងប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។ ទន្ទឹមនឹងនេះដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ នៅបានបង្កើតឱ្យមានច្រកចេញចូលតែមួយនៅតាមខណ្ឌទាំង អស់នៅក្នុងរាជធានីភ្នំពេញ និងនូវបានបង្កើតឱ្យមានច្រកចេញចូលតែមួយនៅថ្នាក់រាជធានីថែមទៀត។

លោកជំទាវ រ៉ូណា ស្មីត ក្នុងឱកាសនោះដែរ លោកជំទាវក៏បានថ្លែងនូវការកោត សរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញដែលបានបង្កើនឱ្យមានច្រកចេញ ចូលតែមួយនៅ គ្រប់ខណ្ឌ ក្នុងរាជធានីភ្នំពេញ ដើម្បីបម្រើសេវាជូនពលរដ្ឋកាន់តែល្អប្រសើរថែមទៀត។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ចំពោះការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ គឺរដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឱ្យប្រជាពលរដ្ឋមានសិទ្ធិបញ្ចេញមតិគ្រប់បែបយ៉ាង ដោយ យើងបានបង្កើតឱ្យមានទីលានប្រជាធិបតេយ្យមួយ ដើម្បីឱ្យពួកគាត់ធ្វើការតវ៉ា បានបញ្ចេញ មតិ។ ឯកឧត្ដមបន្តទៀតថា តាមការណែនាំរបស់ក្រសួងមហាផ្ទៃ គឺបានណែនាំឱ្យរាជធានី ខេត្តទូទាំងប្រទេស បង្កើតឱ្យមានទីលានប្រជាធិបតេយ្យមួយនៅតាមបណ្ដារាជធានី ខេត្ត របស់ខ្លួនដើម្បីឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនបានធ្វើការតវ៉ា និងបានបញ្ចេញ មតិ៕

ដោយ សួស សំរិត