ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមពិធីបុណ្យសពអតីត ប្រធានរដ្ឋវៀតណាម នៅទីក្រុងហាណូយ

AKP ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ដែលក្នុងនោះរួមមាន គណៈប្រតិភូគណ​បក្សប្រជា​ជន​ក​​​ម្ពុ​​ជា រាជរដ្ឋាភិបាល និងកងយោធពលខេមរភូមិន្ទ ធ្វើដំណើរទៅកាន់ទីក្រុងហាណូយ នៃសា​ធារ​​ណ​រដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ តាមជើងយន្តហោះ​ពិ​សេ​ស ដើម្បីចូលរួមក្នុងពិធីបុណ្យសព ឯកឧត្តមឡេ ដឹកអាញ់ អតីតប្រធានរដ្ឋ នៃសាធារ​ណ  រ​ដ្ឋសង្គមនិយមវៀតណាម ដែលបានទទួលមរណភាព កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ​២​០​១​៩ ដោយជរាពាធ។

អញ្ជើញជូនដំណើរគណៈប្រតិភូនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ឯកឧត្ដមឧ​ប​នាយករដ្ឋមន្ត្រី យឹម ឆៃលី ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងឥស្សរជនជាន់ខ្ពស់​រា​ជរដ្ឋាភិបាលជាច្រើនរូបទៀត។ ដោយឡែកមន្ត្រីស្ថានទូតវៀតណាមប្រចាំកម្ពុជា ក៏មានវត្ត​មា​ន​ក្នុងឱកាសនោះដែរ។

ឯកឧត្តម ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាន​ប្រាប់​ក្រុ​មអ្នកសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា គណៈប្រតិភូអមដំណើ​រសម្ដេ​ចតេ​ជោទៅកាន់​ប្រទេសវៀតណាមនេះរួមមាន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ​ម​ន្ត្រី​ក្រសួងការពារជាតិ លោកជំទាវសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រ​សួ​​ង ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយនឹងមន្ត្រីជាន់ខ្ពស់ ផ្នែក​យោ​ធា​ រួម​មាន ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និង ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រួម​ជាមួយនឹងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។ ឯកឧត្ដមបានឱ្យដឹងដែរថា តាមការគ្រោងទុក នា​រា​ត្រី​ថ្ងៃទី០២ ខែឧសភានេះ ឯកឧត្ដម​នាយក​រដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹង​រៀបចំពិធីជប់លៀង ទទួលសម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ដើម្បីថ្លែងអំណរគុណចំពោះសម្ដេចដែ​លបាន​អ​ញ្ជើ​ញ​មកចូលរួមពិធីបុណ្យ​សព​របស់អតីតប្រធានរដ្ឋវៀតណាមរូបនេះ។ ដោយ​ឡែ​​ក នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៩ព្រឹក សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹង​ដឹ​ក​​​​នាំគណៈប្រតិភូចូលទៅគោរពវិញ្ញាណ​ក្ខន្ធសព ដើម្បីជាកិច្ចលាគ្នាជាលើកចុងក្រោយ។

គួររម្លឹកថា ឯកឧត្ដម ឡេ ដឹកអាញ់ បានទទួលមរណភាព ក្នុងអាយុ ៩៩ ឆ្នាំ កាលពី   វេ​លា​​យប់ ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៩ ដោយសារ រោគាពាធ។ ឯកឧត្ដម ឡេ ដឹកអាញ់ បា​ន​​​​ចំណាយពេលភាគច្រើនក្នុងមួយជីវិត របស់ឯកឧត្ដម នៅឯភាគខាងត្បូង ប្រទេសវៀត​ណា​ម ជាទីដែលរូបឯកឧត្ដមបានចូលរួមក្នុងសង្គ្រាម ប្រឆាំងនឹងអាម៉េរិក។ ឯកឧត្តម ឡេ ដឹ​ក​អា​ញ់​​ ក្នុងឋានៈជានាយទាហាន ដែលក្រោយមកទៀត ជាប្រធានរដ្ឋវៀតណាម បាន​ចំ​ណា​យ​ពេ​ល​វេលា នៅក្នុងជីវិតរបស់ឯកឧត្តម ក្នុងការជួយរំដោះអាយុជីវិតប្រជាជនកម្ពុជា ពីរបបប្រ​ល័​យ​ពូជសាសន៍ ប៉ុល ពត និងជួយទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបមួយនេះ ក៏ដូចជា​ការ​ឧ​បត្ថម្ភគាំទ្រគ្រប់បែបយ៉ាង នៅពេលដែលកម្ពុជា ទើបតែងើបពីរបបប្រល័យពូជសាសន៍។

គណៈប្រតិភូជាន់ខ្ពស់ ដែលដឹកនាំដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងវិលត្រឡប់​មក​កាន់មាតុភូមិវិញ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩៕

ដោយ ជឹម ណារី