ឯកឧត្ដម ធុន គ្រី នាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកចិត្របុរី

AKP ក្រចេះ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ — ឯកឧត្ដម ធន គ្រី  ប្រធានសាខាកាកបាទ ក្រហមកម្ពុជាខេត្តក្រចេះ បាននាំយក អំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ទៅចែកជូនដល់គ្រួសារប្រជាពល រដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងគ្រួសារទីទ័លក្រចំនួន២១គ្រួសារ នៅឃុំបុសលាវ ស្រុកចិត្របុរី កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩។ អំណោយដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ និងទីទ័លក្រទាំង២១គ្រួសារនា ពេលនោះ គឺសម្រាប់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ១៤គ្រួសារ គឺក្នុង១គ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម  មី១កេស ត្រីខ ១០កំប៉ុង មុងសុវត្ថិភាព១ សម្លៀកបំពាក់មួយចំនួន និងថវិកា៣០.០០០រៀល។ ចំណែកគ្រួសារជនទីទ័លក្រ ចាស់ជរាចំនួន ៧ គ្រួសារ គឺក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥ គីឡូក្រាម មី១ កេស  ត្រីខ ១០កំប៉ុង មុងសុវត្ថិភាព ១ សម្លៀកបំពាក់មួយចំនួន និងថវិកាចំនួន ៥០.០០០ រៀល។

ឯកឧត្តម ធុន គ្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ គិតគូរពីសុខុមាលភាពជូនប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ និងពណ៌សម្បុរ ដោយអនុវត្តន៍តាមគោលការណ៍និងកម្មវិធីកាកបាទក្រហមកម្ពុជា មានគ្រប់ ទីកន្លែង សម្រាប់គ្រប់ៗគ្នា និងមិនទុកនរណាម្នាក់ចោលនោះឡើយ។ ហើយសម្ដេច ក៏តែងតែ មានការព្រួយបារម្ភ ពីសុខទុក្ខប្រជាពល រដ្ឋគ្រប់ច្រកល្ហក ជាពិសេសបងប្អូនដែល កំពុង ទទួលរងគ្រោះថ្នាក់ដោយគ្រោះធម្មជាតិ ដែលនាំឱ្យខាតបងនូវទ្រព្យសម្បត្តិ ផ្ទះសម្បែងនិងផលដំណាំរបស់បងប្អូន។

ឯកឧត្តម ធុន គ្រី បានបញ្ជាក់ថា ដើម្បីជាការចូលរួមចំណែកជួយដោះស្រាយនូវ ទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនិងកំពុងរងគ្រោះដែលត្រូវការជំនួយជាបន្ទាន់នោះសាខាកាកបាទក្រហមកម្ពុជាខេត្ត បានរៀបចំគ្រឿងឧបភោគ បរិភោគ និងសម្ភារមួយចំនួន ដើម្បីជួយដល់បងប្អូនភ្លាមៗក្នុងគ្រាដែលកំពុងជួបការលំបាក និងការខ្វះខាតនេះ៕

ដោយ  ជួន សុជាតិ