មន្ទីរពេទ្យព្រះអង្គឌួងអំពាវនាវឲ្យប្រជាពលរដ្ឋកុំព្រួយបារម្ភចំពោះការប្រើប្រាស់ប័ណ្ណសមធម៌ និងប័ណ្ណប.ស.ស.នៅក្នុងមន្ទីរពេទ្យនេះ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ៖ជួន បូណា
ភ្នំពេញ៖ ថ្នាក់ដឹកនាំមន្ទីរពេទ្យព្រះអង្គឌួងបានអំពាវនាវឲ្យប្រជាពលរដ្ឋកុំមានការព្រួយបារម្ភចំពោះ ការប្រើប្រាស់ប័ណ្ណសមធម៌ និងប័ណ្ណប.ស.ស.ក្នុងការមកទទួលសេវាព្យាបាល និងពិនិត្យជំងឺនៅក្នុងមន្ទីរពេទ្យនេះ ព្រោះការព្យាបាលគោរពក្រសីលធម៌វិជ្ជាជីវៈ និងធានាគុណភាពដូចនឹងអ្នកបងលុយដែរ។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានរបស់វិទ្យុជាតិកម្ពុជា នាព្រឹកថ្ងៃទី ០២ ខែឧសភា នៅមន្ទីរពេទ្យព្រះអង្គដួង លោកសាស្រ្ដចារ្យ ស៊ុន សារិន អនុប្រធានមន្ទីរពេទ្យព្រះអង្គដួងមានប្រសាសន៍ថា មន្ទីរពេទ្យព្រះអង្គឌួងមានគោលការណ៍ផ្ដល់គុណភាពក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺដែលមានប័ណ្ណក្រីក្រ និងប័ណ្ណបសស គឺមិនមានការរើសអើងនោះឡើយ ដោយក្រុមគ្រូពេទ្យធ្វើការព្យាបាលដោយយកចិត្ដទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ដូចជាការព្យាបាលអស់ថវិកាផងដែរ ។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា មន្ទីរពេទ្យបានពង្រឹងវិន័យ និងក្រមសីលធម៌វិជ្ជាជីវរបស់គ្រូពេទ្យជាប្រចាំ ដើម្បីផ្ដល់សេវាដល់អ្នកជម្ងឺប្រើប្រាស់ប័ណ្ណសមធម៌ និងប័ណ្ណបសសឲ្យធានាគុណភាពខ្ពស់បំផុត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានយកចិត្ដទុកដាក់ទៅលើសុខភាពប្រជាពលរដ្ឋ។
លោកវេជ្ជបណ្ឌិត ក៏ស្នើសុំការអធ្យាស្រ័យចំពោះប្រជាពលរដ្ឋដែលមកទទួលសេវា មានការរង់ចាំ និងមិនមានការទាន់ចិត្ដ ដោយសារមន្ទីរពេទ្យមានអ្នកជំងឺមកទទួលសេវាព្យាបាលច្រើន ។
លោក ប៊ុន ប្រាក់ រស់នៅខេត្ដកំពង់ចាម ដែលបានមកពិនិត្យនិងព្យាបាលជម្ងឺនៅមន្ទីរពេទ្យព្រះអង្គឌួងបានសម្ដែងអារម្មណ៍សប្បាយរីករាយចំពោះរាជរដ្ឋាភិបាល ដែលបានផ្ដល់ប័ណ្ណបសស ដែលបង្ករភាពងាយស្រួលដល់ពួកគាត់មកទទួលការពិនិត្យនិងព្យាបាលជំងឺដោយមិនគិតប្រាក់ ដែលជួយកាត់បន្ថយការចំណាយថវិកាក្នុងគ្រួសារ ដោយពួកគាត់កំពុងតែជួបបញ្ហាការលំបាកក្នុងជីវភាពជាដើម។លោកបន្ដថា ការប្រើប្រាស់ប័ណ្ណបសសនេះ គឺមានការយកចិត្ដទុកដាក់ និងការប្រើប្រាស់សម្ដីសមរម្យពីលោកគ្រូពេទ្យជាមួយអ្នកជម្ងឺ ដូចអ្នកបង់លុយធម្មតាដែរ គឺគ្មានការរើសអើងអ្វីឡើយ។ លោកបានអះអាងថា បើគ្មានប័ណ្ណបសសនេះទេនោះ រូបលោកពុំមានលទ្ធភាពមកទទួលសេវា ព្យាបាលជម្ងឺបានឡើយ ដោយសារតែជីវភាពខ្វះខាត។
យោងតាមរបាយការណ៍របស់មន្ទីរពេទ្យព្រះអង្គឌួងក្នុងមួយថ្ងៃៗមានប្រជាពលរដ្ឋមកព្យាបាលជំងឺនៅមន្ទីរពេទ្យនេះប្រមាណជាង១០០០នាក់ ហើយមានប្រជាពលរដ្ឋដែលប្រើប័ណ្ណក្រីក្រ និងប័ណ្ណបសសមានប្រហែលជាង៥០ភាគរយនៃអ្នកជំងឺសរុប៕