ក្រុមកងវិស្វកម្មក្រសួងការពារសាងសង់ស្ពានចំនួន៤តភ្ជាប់ផ្លូវចូលទៅកាន់តំបន់ទេសចរណ៍ ព្រះរំកិលនិងព្រះនិមិត្ត

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹម ហឿន

ស្ទឹងត្រែង៖ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរនិងប្រជាពលរដ្ឋក្នុងការ​ធ្វើចរាចរណ៍ចេញចូល​និងដឹកកសិកផលនៅតាមបណ្តោយផ្លូវក្រាលគ្រួសក្រហម ភ្ជាប់ពីផ្លូវជាតិលេខ៩ ទៅកាន់តំបន់ទេសចរណ៍ផ្សោតព្រះរំកិល និងទឹកធ្លាក់ព្រះនិមិត្ត ត្រូវបានក្រុមកងវិស្វកម្មក្រសួងការពារជាតិចាប់ផ្តើមសាងសង់ស្ពានចំនួន៤បន្ថែមទៀត។

ក្នុងសកម្មភាពសាងសង់ស្ពានតាមបណ្តាយផ្លូវចូលទៅឃុំព្រះរំកិលនៅថ្ងៃទី០២ ខែឧសភាលោក សុខ ណា តំណាងឱ្យក្រុមការងារសាងសង់ស្ពាននេះបានបញ្ជាក់ថា៖ផ្លូវនេះក្រុមកងវិស្វកម្មក្រសួងការពារជាតិសាងសង់ស្ពានបេតុងចំនួន៤បន្ថែមទៀតបន្ទាប់ពីឆ្នាំ២០១៨បានសាងសង់ចំនូន៧ស្ពានរួចមកហើយ។លោកថា៖នេះជាផែនការអភិវឌ្ឍន៍ផ្លូវស្ពានរបស់រាជរដ្ឋាភិបាលដែលត្រូវអនុវត្តចាប់ពីទីក្រុងរហូតដល់ជនបទហើយនៅតំបន់នេះជាមូលដ្ឋានសេដ្ឋកិច្ចដែលកសិករ ផលិតបានកសិកផលនាំចេញទៅកាន់ទីផ្សារខេត្តស្ទឹងត្រែងផង។លោកថា៖ស្ពានទាំង៤នេះក្រុមការងារប្រឹងប្រែងសាងសង់ឱ្យបានរួចរាល់នៅមុនរដូវវស្សាចូលមកដល់ដើម្បីបំរើការធ្វើចរាចរណ៍របស់ភ្ញៀវទេសចរជាតិអន្តរជាតិនិងប្រជាពលរដ្ឋរស់នៅតំបន់នេះបានធ្វើដំណើរចេញចូលស្រួលជាពិសេសប្រជាពលរដ្ឋឃុំព្រះរំកិលទាំងមូលដែលប្រើប្រាស់ផ្លូវស្ពាននេះជាអចិន្ត្រៃ។
លោកស៊ីម វៃ ប្រជាពលរដ្ឋនៅភូមិ ឃុំសំអាងស្រុកថាឡាបរិវ៉ាត់បានបញ្ជាក់ថា៖ផ្លូវនេះជាយុទ្ធសាស្ត្ររវាងខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ព្រោះតភ្ជាប់ឆ្ពោះទៅកាន់ទឹកដីនៃស្រុកប៉ាកសេ ខេត្តចំប៉ាសាក់ ប្រទេសឡាវ ឆ្លងកាតត់តាមស្ពានទន្លេពៅ នៅពេលសាងសង់រួចធ្វើដំណើរឆ្អោះមកតាមផ្លូវនេះបាន។ លោកថា៖ជាងនេះទៀតប្រជាពលរដ្ឋរស់នៅឃុំព្រះរំកិល ឃុំសំអាង ឃុំអន្លង់ជ្រៃក៍ប្រាស្រ័យទាក់ទងគ្នាផ្នែកសេដ្ឋកិច្ចគ្រួសារក្នុងការដឹកកសិផលចេញចូលដោះដូរគ្នាទៅវិញទៅមកដែរ។
លោក សួស ចាន់ថន ក្រុមប្រឹក្សាឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ បានបញ្ជាក់ថា ៖ សារៈសំខាន់ជាងនេះទៀតពេលស្ពានតាមផ្លូវនេះសាងសង់ហើយងាយស្រួលធ្វើចរាចរ ភ្ញៀវទេសចរនិងមកកាន់តំបន់នេះច្រើន ព្រោះតំបន់អេកូទេសចរណ៍សត្វផ្សោតព្រះរំកិល នៅជិតរមណីយដ្ឋានទឹកធ្លាក់ព្រះនិមិត្ត ដែលជាខ្សែចង្វាក់ទេសចរណ៍សម្រាប់ភ្ញៀវទស្សនាផងដែរ។
សូមបញ្ជាក់ថា៖ស្ពានចំនួន៤នេះជាបណ្តាញតភ្ជាប់ជាមួយផ្លូវក្រាលគ្រួសក្រហមមានប្រវែង៣៧គីឡូម៉ែត្រចូលទៅកាន់តំបន់ទេសចរណ៍ធម្មជាតិសត្វផ្សោតព្រះរំកិល ខេត្តស្ទឹងត្រែង និងរមណីយដ្ឋានទឹកធ្លាក់ព្រះនិមិត្តខេត្តព្រះវិហារផងដែរ៕