មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតផ្តល់សេវាព្យាបាលអ្នកជម្ងឺប្រកបដោយគុណភាពដូចគ្នាៗទាំងអ្នកជម្ងឺកាន់ប័ណ្ណសមធម៌  ប័ណ្ណប.ស.ស .និងអ្នកបង់លុយ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ ហុក សុខរិន
ភ្នំពេញ៖ ថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានអះអាងថា រាល់ការពិនិត្យព្យាបាលអ្នកជម្ងឺទាំងអ្នកកាន់ប័ណ្ណសមធម៌ ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គមហៅកាត់ថា ប...និងអ្នកបង់លុយគឺធានាគុណភាពសេវាព្យាបាលដូចគ្នា ដោយគ្មានការរើសអើងឡើយ។
លោកស្រីវេជ្ជបណ្ឌិត ចក ធីតា អនុប្រធានមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀតបានអោយដឹងថា មន្ទីរពេទ្យនេះបានគោរព ក្រមសីលធម៌ក្នុងការព្យាបាលអ្នកជម្ងឺដោយគ្មានការរើសអើងឡើយ ដើម្បីសង្គ្រោះអាយុជីវិតអ្នកជំងឺ និងធានាឲ្យអ្នកជំងឺឆាប់ជាសះស្បើយ។
លោស្រីវេជ្ជបណ្ឌិតបានអះអាងថា បច្ចុប្បន្នការព្យាបាលអ្នកជំងឺនៅក្នុងមន្ទីរពេទ្យនេះចែកចេញជា៣ប្រភេទ គឺការបង់លុយ មូលនិធិសមធម៌ និងរបបបេឡាជាតិសន្តិសុខសង្គម។ ប៉ុន្តែទោះបីអ្នកជំងឺនោះក្រីក្រដោយមិនមានប្រាក់បង់ឬតាមរយៈមូលនិធិសមធម៌ឬរបបបេឡាជាតិសន្តិសុខសង្គមក៏ដោយក៏ការព្យាបាលធានាគុណភាពដូចអ្នកបង់លុយដែរ ពោលគឺគ្មានទុក អ្នកជម្ងឺណាម្នាក់ពុំបានព្យាបាលឡើយ។
សម្លេង«គាត់ទទួលសេវាដូចអ្នកបង់លុយដូចគ្នាចឹង ដូចគ្នាគ្រាន់តែថាអ្នកបង់លុយទៅគាត់មានបន្ទប់មួយឯកជន ហើយបើអ្នកដែលមិនបង់លុយគឺមានបន្ទប់រួមតែប៉ុណ្ណឹងទេ តែគាត់ទទួលសេវាកើតឆ្លងទន្លេថែទាំគឺដូចគ្នាទាំងអស់ »
អ្នកស្រី សុខ រ៉ានី ជាកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់នៅរាជធានីភ្នំពេញ ដែលបានមកសម្រាលកូននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានឲ្យដឹងថា ការមកទទួលសេវាព្យាបាលដោយប្រើប័ណ្ណបសសបច្ចុប្បន្ននេះគឺមានភាពងាយស្រួលហើយបានកាត់បន្ថយ ការចំណាយសេវាព្យាបាលថែមទៀតផង។
អ្នកស្រីបានបញ្ជាក់ថា ក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ក្នុងការព្យាបាលជំងឺជូនអ្នកជំងឺ ប្រកបដោយភាពកក់ក្តៅដូចអ្នកជម្ងឺដ៏ទៃទៀតដែលបង់លុយផ្ទាល់។ អ្នកស្រីបានបញ្ជាក់ថា ការព្យាបាលដោយយកចិត្តទុកដាក់និងមិនអស់កម្រៃសេវានេះ បានជួយសម្រាល ការលំបាកក្នុងបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋក្រីក្របានមួយកម្រិតធំ។
សម្លេង«បានទទួលសេវាព្យាបាលស្រួលទៅពេទ្យកន្លែងណាក៏អត់លុយដែរអោយតែមានដាក់ស្លាកបសស ទី ១ ឆ្លងទន្លេអញ្ចឹងគឺអត់អស់លុយហើយឆ្លងទន្លេបាន ៤០ ម៉ឺនរៀលទៀត ហើយគេអត់បើកលុយយើងដល់កន្លែងទេ គេឲ្យយើងបើកលុយនៅធនាគារផ្ញើលេខកូដមកអញ្ចឹងធម្មតា បើមានអានឹងគឺទៅកន្លែងណាក៏អស់លុយដែរ។ យើងនិយាយទៅលើកលែងតែពេទ្យគេបើលគ្លីនិកនៅផ្ទះអាហ្នឹងបានអត់លុយ »
សូមបញ្ជាក់ថា គោលនយោបាយបេឡាជាតិរបបសន្តិសុខសង្គមនិងប័ណ្ណសមធម៌របស់ រាជរដ្ឋាភិបាលទទួលបានការគាំទ្រយ៉ាងខ្លំាងពីប្រជាពលរដ្ឋដែលជាសំណាញការពារសុខភាពយ៉ាងសំខាន់របស់ មន្រ្តីរាជការ និវត្តន៍ជន កងកម្លំាងប្រដាប់អាវុធកម្មករ កម្មការិនី និងប្រជាពលរដ្ឋក្រីក្រ ដោយរាល់ការព្យាបាលនិងពិនិត្យជម្ងឺគឺពុំមានអស់កម្រៃសេវាអ្វីឡើយ៕