រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចស្នើដល់មន្រ្តីពាក់ពន្ធ័បំពេញការងាររបស់ខ្លួនទៅតាមជំនាញឲ្យបានល្អ ដើម្បីផ្តល់សេវាទាន់ពេលវេលា

ឯកឧត្តម វង សូត រដ្ឋមន្ត្រី ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើដល់មន្រ្តីពាក់ពន្ធ័បំពេញការងាររបស់ខ្លួនទៅតាមជំនាញឲ្យបានល្អ ដើម្បីផ្តល់សេវាទាន់ពេលវេលា
វិទ្យុជាតិកម្ពុជា៖ដោយ លោក លឹម តុងហួត
ព្រះសីហនុ៖ ក្នុងឱកាសចុះទស្សនកិច្ចនៅមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាល ដោយស្ម័គ្រនិងផ្អែកលើសហគមន៍ នៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅថ្ងៃទី២ ខែឧសភា ឯកឧត្ដម វង សូត បានសំណូមពរដល់អ្នកពាក់ព័ន្ធទាំងអស់ជួយសម្រប​សម្រួលការងារតាមជំនាញបច្ចេកទេសរៀងៗខ្លួនដើម្បីឲ្យមជ្ឈមណ្ឌលជាតិនេះអាចដំណើរការផ្តល់សេវាព្យាបាលដល់ជនរងគ្រោះបានឆាប់។
ដំណើរទស្សនៈកិច្ចនេះ ក៏មានការអញ្ជើញចូលរួមពីនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងថ្នាក់ដឹកនាំ ជាអគ្គនាយក អគ្គលេខាធិការ រង ប្រធាន នាយកដ្ឋាន ប្រធាន មន្ទីរ នៃក្រសួង ស្ថាប័នពាក់ព័ន្ធ គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុផងដែរ។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ នៅភូមិឬទ្ធី ២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯក ឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើទំហំដី សរុប២០ហិកតា ដែលមានសមត្ថភាពទទួលជនរងគ្រោះបានរហូតដល់២ពាន់នាក់ ៕