ក្រសួងបរិស្ថានពង្រឹងផែនសកម្មភាពក្រុមការងារគ្រប់គ្រងសំណល់ប្លាស្ទិក

AKP ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ — នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ក្រុមការងារគ្រប់គ្រងសំណល់ប្លាស្ទិក ជួបប្រជុំគ្នាលើកទី១ ក្រោមអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារគ្រប់គ្រងសំណល់ប្លាស្ទិក។

ប្រភពព័ត៌មានពីក្រសួងបរិស្ថានបានឱ្យដឹងថា គោលបំណងរបស់ក្រុមការងារគ្រប់ គ្រងសំណល់ប្លាស្ទិក ជួបប្រជុំគ្នាលើកទី១ ដើម្បីពិភាក្សាលើផែនការ សកម្មភាពសាកល្បងរយៈពេល០៦ខែ លើការកៀរគរធនធានហិរញ្ញវត្ថុសម្រាប់ប្រតិបត្តិការ និងការបែងចែកភារកិច្ចនិងការទទួលខុសត្រូវក្នុងការអនុវត្តការងារ។

ឯកឧត្តម អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា ដើម្បីធានាប្រសិទ្ធភាពនៃការ គ្រប់គ្រង និងកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា តាមរយៈការលើកសំណើគោល នយោបាយ ការរៀបចំបទបញ្ញត្តិនានា និងការរៀបចំយុទ្ធនាការផ្សព្វផ្សាយ ក្រុមការងារគ្រប់គ្រងសំណល់ប្លាស្ទិកត្រូវបានបង្កើត ឡើងតាមរយៈសេចក្តីសម្រេចលេខ ០០៤ សសរ.ក.ជ.អ.ច. ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩។ ក្រុមការងារនេះត្រូវពិគ្រោះយោបល់និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិលលើការងារគ្រប់គ្រង និងការអនុវត្តសកម្មភាពកាត់បន្ថយសំណល់ប្លាស្ទិក និងប្រអប់ស្នោនៅកម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងឱកាសនេះ ក្រុមការងារគ្រប់គ្រងសំណល់ប្លាស្ទិក បានពិភាក្សាយ៉ាងយកចិត្តទុកដាក់លើផែនការសកម្មភាព នៃគម្រោង គ្រប់គ្រងសំណល់ប្លាស្ទិក សម្រាប់ធ្វើការសាកល្បង០៦ខែ ដោយផ្តោតលើ៖ ១. បទបញ្ញត្តិស្តីពីការគ្រប់គ្រងទុយោប្លាស្ទិក និងប្រអប់ស្នោសម្រាប់ខ្ចប់អាហារ និងការប្រមូលថ្លៃ លើការប្រើប្រាស់សំណល់ប្លាស្ទិក។ ២. យុទ្ធនាការស្តីពីសំណល់ប្លាស្ទិក ។ ៣. ការងារដែលក្រសួងបរិស្ថាននឹងដឹកនាំជាគំរូ និង ៤.ហិរញ្ញប្បទាននវានុវត្តន៍ស្តីពីប្លាស្ទិក/សំណល់ផ្សេងៗ ។

ជាមួយនេះដែរ អង្គប្រជុំក៏បានពិភាក្សាលើបញ្ហាប្រឈមពីការប្រើប្រាស់បា្លស្ទិក និងការអនុវត្តនៅក្នុងប្រទេសកម្ពុជា ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ការលើកកម្ពស់ការយល់ដឹងជាសាធារណៈតាមសាលារៀន សហគ្រាសឯកជន ស្ថាប័នរដ្ឋ ព្រមជាមួយនឹងការវាយតម្លៃលើកការអនុវត្តយន្តការច្បាប់ដែលមានជាធរមាន និងការអនុវត្តគម្រោងសាកល្បងដែលអាចយកជាគំរូសម្រាប់ការគ្រប់គ្រងសំណល់ប្លាស្ទិក ៕

ដោយ ពេជ្រ ណារិទ្ធ