ក្រសួងការពារជាតិប្រកាសបដិសេធពាក្យចចាមអារ៉ាមរឿងទម្លាក់ស័ក្តិនាយទាហាន

AKP ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ — ក្រសួងការពារជាតិបានប្រកាសបដិសេធច្រានចោលចំពោះពាក្យអាចាមអារ៉ាមដែលបានលើកឡើងថា មានការទម្លាក់ស័ក្តិនាយទាហាន។ ការច្រានចោលរបស់ក្រសួងការពារជាតិនេះ ធ្វើ ឡើងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារបន្ត សម្រាប់ ខែឧសភា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយ​ករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ​ កាលពីព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ នៅទីស្ដីការ ក្រសួងការពារជាតិ។ នេះបើយោងតាមការចេញផ្សាយតាមបណ្ដាញទំនាក់ទំនង​សង្គមហ្វេស ប៊ុករបស់អ្នកនាំពាក្យក្រសួងការពារជាតិ។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្ដម នាយឧត្តមសេនីយ៍ នាង ផាត បានគូសបញ្ជាក់ និង​បដិសេធចំពោះ​ពាក្យចចាមអារ៉ាមដែលលើកឡើងថា ក្រសួងការពារជាតិមានគម្រោងទម្លាក់ ស័ក្តិ ដែលព័ត៌មាននេះមិនមែនជាការពិតនោះទេ។ ឯកឧត្ដម នាយឧត្តមសេនីយ៍បានសុំឱ្យ នាយទាហានទាំងអស់កុំមានការភ្ញាក់ផ្អើល តាមការបកស្រាយខុសគោលបំណងរបស់រាជ រដ្ឋាភិ​​បាលកម្ពុជា ក្នុងផែនការកែទម្រង់កងយោធពលខេមរភូមិន្ទរយៈពេល៥ឆ្នាំ ២០១៥-២០១៩។ ឯកឧត្ដម នាយឧត្តមសេនីយ៍បានបន្ដថា ការកែទម្រង់ឋានន្តរស័ក្តិក្នុងកងយោធ​ពល ​ខេមរភូមិន្ទ មានផែនការយុទ្ធសាស្រ្តយូរអង្វែង ជាជំហានៗ ដើម្បីកសាងកង​ទ័ពមួយមាន​គុណភាព និងប្រសិទ្ធភាពដឹកនាំ បញ្ជាឱ្យសមស្របតាមការវិវឌ្ឍន៍ នៃសភាពការណ៍ជាតិ និងអន្តជាតិ។ ជាមួយគ្នានេះ មិនមែនកាត់ ឬទម្លាក់ស័ក្តិ ដូចការបកស្រាយភាន់ច្រឡំនោះទេ។

សូមរម្លឹកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណាចក្រកម្ពុជា ធ្លាប់បានមានប្រសាសន៍លើកឡើងកាលពីពេលថ្មីៗនេះថា នៅថ្ងៃអនាគត ខាងមុខនេះ ក្នុងជួរកងទ័ពមានតែរដ្ឋមន្រ្តីការពារជាតិ និងអគ្គមេបញ្ជាការកងយោធពល​ខេមរ​ភូមិន្ទប៉ុណ្ណោះ ដែលពាក់ផ្កាយ៤។ ជាមួយគ្នានេះ សម្រាប់អគ្គមេបញ្ជាការរង និងអគ្គនាយក​នៃអគ្គនាយកដ្ឋាននានា ត្រូវពាក់ផ្កាយ៣, អគ្គនាយករងពាក់ត្រឹមផ្កាយ២ប៉ុណ្ណោះ។

សម្តេច​តេជោបានបញ្ជាក់ទៀតថា មេបញ្ជាការកងទ័ពជើងគោក ជើងអាកាស ជើងទឹក គឺពាក់ត្រឹម​ផ្កាយ៣ និងតាមបណ្តាមេបញ្ជាការភូមិភាគនានា ផ្តល់ត្រឹមតែផ្កាយ២។ ដោយឡែក អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទទាំងអស់ នឹងត្រូវពាក់ត្រឹមផ្កាយ៣។ សម្តេចតេជោ បានថ្លែងបន្ថែមថា នៅពេលខាងមុខមន្រ្តីថ្នាក់រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ដែល​ពាក់ផ្កាយ៤ និងទម្លាក់មកត្រឹមផ្កាយ៣ លើកលែងតែមន្រ្តីចាស់ៗ មួយចំនួនប៉ុណ្ណោះ​រក្សា​ទុកផ្កាយ៤។ ពាក់ព័ន្ធនឹងកំណែទម្រង់វិស័យកងកម្លាំងប្រដាប់អាវុធនេះដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតថា នឹងធ្វើកំណែទម្រង់លើកម្លាំងនគរបាលផងដែរ ហើយទាំងក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ នឹងសិក្សាលម្អិតបន្ថែមលើការកែទម្រង់​នេះ៕

ដោយ ប៊ុន រិទ្ធ