អគ្គស្នងការនគរបាលជាតិស្នើឱ្យក្រុមអ្នកវិនិយោគចិន ជួយណែនាំដល់ជនជាតិចិនដែលមក ធ្វើការនៅកម្ពុជា ឱ្យគោរព និងអនុវត្តន៍ច្បាប់កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ — អគ្គស្នងការនគរបាលជាតិកម្ពុជា បានស្នើឱ្យក្រុមអ្នកវិនិយោគចិនជួយណែនាំឱ្យជនជាតិចិន ដែល​មកធ្វើការនៅកម្ពុជា ត្រូវគោរព និងចូលរួមអនុវត្តន៍ច្បាប់របស់ប្រទេសកម្ពុជា ខណៈ​ដែល​កំណើននៃការវិនិយោគចិន និងជនជាតិចិនយ៉ាងច្រើនមកបណ្ដាក់ទុន និងធ្វើការនៅ​កម្ពុជា។

ការស្នើនេះគឺធ្វើឡើង ខណៈពេលដែល ឯកឧត្តម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ម៉ូតូនគរបាល ចំនួន១០០គ្រឿង ដែលជាការផ្តល់ពីខាងសមាគមអភិវឌ្ឍន៍ឧស្សាហកម្មសម្ព័ន្ធវប្បធម៌ចិន, ក្រុមហ៊ុន និងសណ្ឋា​គារ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩នេះ នៅអគ្គស្នងការដ្ឋាននគរ​បាលជាតិ។

ឯកឧត្តម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានសំណូមពរឱ្យក្រុមហ៊ុន ជួយអប់រំដល់​បងប្អូនជនជាតិចិនដែលមកធ្វើការនៅកម្ពុជាពីទំនៀមទម្លាប់ និងការគោរព អនុវត្តន៍ច្បាប់​របស់​កម្ពុជា។ ពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានទទួលស្គាល់ពីការអភិវឌ្ឍនាពេលបច្ចុប្បន្នគឺមានការផ្សាភ្ជាប់​ជាមួយនឹង​ទុនវិនិយោគរបស់បណ្តាក្រុមហ៊ុនចិន។ ក្នុងឯកឧត្តម នាយឧត្តមសេនីយ៍ បាន លើក​ទឹកចិត្តឱ្យក្រុមហ៊ុនបន្តការរកស៊ីនៅកម្ពុជាដែលជាប្រទេសនីតិរដ្ឋថែមទៀត។

ឯកឧត្តម នាយឧត្តមសេនីយ៍បានសន្យាក្នុងកិច្ចការពារ ការអនុវត្តច្បាប់ ដើម្បីការពារ​សេចក្តីសុខដល់អ្នកវិនិយោគ អ្នកទេសចរណ៍ និងប្រជាពលរដ្ឋផងដែរ៕

ដោយ ចាន់ សុធីវង្ស