ឯកឧត្តម ទៀ សីហា ចូលរួមក្នុងពិធីបំពាក់កន្សែង ដល់យុវជនកាកបាទក្រហមកម្ពុជាចំនួន២០៥នាក់

AKP សៀមរាប ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ — នាថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងវិទ្យាល័យ១០មករា១៩៧៩ មានរៀបចំពិធីបំពាក់កន្សែង ដល់យុវជនកាកបាទក្រហមកម្ពុជាចំនួន២០៥នាក់ ដែលមកពីវិទ្យាល័យចំនួន៣ ក្នុងក្រុងសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបនិងលោកជំទាវ។

ឯកឧត្តម ទៀ សីហា បានលើកឡើងថា ដើម្បីអបអរសាទរខួបគម្រប់៦៤ឆ្នាំ ថ្ងៃកំណើត កាកបាទក្រហមកម្ពុជា (១៨ កុម្ភៈ ១៩៥៥ – ១៨ កុម្ភៈ ២០១៨) និងដើម្បីអបអរ សាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០១៩ ក្រោមប្រធានបទ (ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា) នោះ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានរៀបចំពិធីនេះឡើង ហើយកម្ពុជាបានចាត់ទុកយុវជនជាធនធានគន្លឹះ ដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងការរក្សា សន្តិភាព។ នៅគ្រប់សម័យកាល គ្រប់សង្គម យុវជនជាកម្លាំងស្រួចដែល មានកម្លាំងកាយចិត្ត និងស្មារតីភ្លឺស្វាង មានទឹកចិត្តក្លាហាន ពុះពារមិនរារែកគ្រប់ឧបសគ្គ ការលំបាកនានា ពិសេសយុវជនគឺជាសសរទ្រូងរបស់ប្រទេសជាតិទាំងនៅ ពេលបច្ចុប្បន្ននិងទៅអនាគត។

ឯកឧត្តម ទៀ សីហា បានលើកឡើងទៀតថា កាកបាទក្រហមកម្ពុជា បានទទួលស្គាល់ថា យុវជនកាកបាទក្រហមកម្ពុជា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេងដែលជា កម្លាំងស្នូលមួយដ៏មានសារៈសំខាន់ និងសកម្មបំផុតក្នុងការផ្ដល់នូវសេវាកម្មមនុស្សធម៌ ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ និងការលះបង់ឥតងាករេ ស្របតាមប្រធានបទ “កាកបាទ ក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” និង “យុវជនជាភ្នាក់ងារនៃការ ផ្លាស់ប្តូរឥរិយាបថក្នុងសង្គម”។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់ក្មួយៗ ទាំងយុវជនកាកបាទក្រហម និងសិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់លើការងារបរិស្ថាន ដើមី្បធ្វើឱ្យសាលា រៀនយើងល្អស្អាត ក្រុងប្រវត្តិសាស្ត្របុរាណយើងស្រស់ស្អាត ប្រកបទៅដោយពណ៌បៃតង ចូលយើងគ្រប់រូបត្រូវចូលរួមក្នុងការដាំដុះកូនឈើ នៅតាមសាលារៀន សហគមន៍ ដើមី្បទ្រទ្រង់ភពផែនដីនៃយើង។ ដោយសារការបាត់បង់ធនធានធម្មជាតិទាំងអស់នេះហើយ ដែលធ្វើឱ្យភពផែនដីយើង មានការប្រែប្រួលអាកាសធាតុ និងទទួលរងនូវគ្រោះ ធម្មជាតិទៀតផង។

នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវសូមឱ្យក្មួយៗត្រូវចាកជៀសឱ្យ ឆ្ងាយពីគ្រឿងញៀន និងត្រូវចេះគោរពច្បាប់ចរាចរណ៍ជើងគោក គឺត្រូវចាប់ផ្តើមពីខ្លួនយើង គ្រប់ៗគ្នាជាមុនផងដែរ៕

ដោយ ហង្ស សៀក