ក្រសួងព័ត៌មានស្នើសុំឱ្យក្រសួងឧស្សាហកម្ម និងសិប្បកម្មដាក់សារព្រមានលើសំបកកំប៉ុង និងសំបកដបផលិតផលគ្រឿងស្រវឹង

AKP ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ -ក្រសួងព័ត៌មានបានស្នើសុំឱ្យក្រសួងឧស្សាហកម្ម និងសិប្បកម្មដាក់សារព្រមានលើសំបក​កំប៉ុង និងសំបកដបផលិតផលគ្រឿងស្រវឹងដើម្បីដាស់តឿនដល់អ្នកសេពគ្រឿងស្រវឹង​ឱ្យ​ទទួលទានដោយមានការទទួលខុសត្រូវ។ ការស្នើសុំនេះ ធ្វើឡើងតាមរយៈលិខិត​របស់ក្រសួង​ព័ត៌មានដែលចុះហត្ថលេខាដោយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន កាលពី ថ្ងៃទី៣០ខែមេសាឆ្នាំ២០១៩ ផ្ញើជូនឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ។

ក្នុងលិខិតរបស់ឯកឧត្តម ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា ដើម្បីទប់ស្កាត់ផលប៉ះ​ពាល់នៃការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ផងនោះ កាលពីពេលថ្មីៗនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានស្នើឱ្យក្រសួង ព័ត៌មានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធតម្រូវឱ្យក្រុមហ៊ុនផលិតគ្រឿងស្រវឹងនៅក្នុង ស្រុកទាំងអស់ដាក់សារព្រមាននៅលើសំបកកំប៉ុង និងសំបកដបផលិតផលគ្រឿងស្រវឹង។ ជាមួយគ្នានេះ ក្នុងការដាក់សារព្រមាននៅលើសំបកកំប៉ុង និងសំបកដបផលិតផលគ្រឿង ស្រវឹង ត្រូវដាក់ថា ”ពិសាគ្រឿងស្រវឹងសូមកុំបើកបរ” ដែលជួយពញាក់អារម្មណ៍អ្នកសេព គ្រឿងស្រវឹងឱ្យទទួលទានដោយមានការទទួលខុសត្រូវ ចៀសវាងការទទួលទានហួស ប្រមាណធ្វើឱ្យប៉ះពាល់ដល់សុខភាព អាយុជីវិត និងបង្កគ្រោះថ្នាក់ចរាចរណ៍។

សូមរម្លឹកថា កាលពីថ្ងៃទី២៥ខែមេសាឆ្នាំ២០១៩ គណៈប្រតិភូក្រសួងព័ត៌មានបាន​ជួប​ប្រជុំពិភាក្សាជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីពិនិត្យអំពីផល ប៉ះពាល់នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងការទទួលទានគ្រឿងស្រវឹងហួសប្រមាណ ដោយខ្វះការទទួលខុសត្រូវបណ្តាលឱ្យប៉ះពាល់ដល់សុខភាព និងបង្កគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ និងបាត់បង់អាយជីវិតរបស់ប្រជាពលរដ្ឋ៕

ដោយ គង់ សិរីរ័ត្ន