ប្រជាពលរដ្ឋខ្មែរអ៊ិស្លាមនៅសង្កាត់ច្រាំងចំរេះទី១និង២ ខណ្ឌឫស្សីកែវទទួលអំណោយពីតំណាងរាស្ដ្រមណ្ឌលភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ​ឆ្នាំ២០១៩ -នៅក្នុងបរិវេណវិហារធំគីឡូម៉ែត្រលេខ៩ ឫស្សីកែវ កាលពីរសៀលថ្ងៃពុធ ១២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ ប្រជាពលរដ្ឋខ្មែរអ៊ិស្លាម ចំនួន២០០គ្រួសារ នៅសង្កាត់ច្រាំងចំរេះទី១ និងទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានទទួលអំណោយសប្បុរសធម៌ ពីលោកជំទាវ ម៉ាណ ណាវី អ្នកតំណាងរាស្ដ្រមណ្ឌលភ្នំពេញ ដើម្បីយកទៅស្រាយបួសរ៉ាម៉ាឌន ។

លោកជំទាវ ម៉ាណ ណាវី អ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ បានលើកឡើងថា ដោយមើលឃើញពីតម្រូវការក្នុងខែបួសរ៉ាម៉ាឌន របស់បងប្អូនខ្មែរអ៊ិស្លាម អ្នកមានលទ្ធភាពត្រូវជួយអ្នកមិនមានលទ្ធភាព ហើយក៏ដូចជាទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺសុទ្ធតែជាទុក្ខលំបាករបស់រាជរដ្ឋាភិបាលកម្ពុជាដូចគ្នា ។ ក្នុងនាមតំណាងរាស្រ្តមណ្ឌលភ្នំពេញ សូមចូលរួមផ្ដល់ការយកចិត្ដទុកដាក់ចុះសួរសុខទុក្ខ ក្នុងខែបួសរ៉ាម៉ាឌន ដោយនាំយកអំណោយសប្បុរសម៌មកចែកជូនបងប្អូនប្រជាពលរដ្ឋខ្មែរអ៊ិស្លាម។ ប៉ុន្តែជាធម្មតាបងប្អូនភាគច្រើនតែងតែត្រូវបានថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា និង អង្គការ សមាគមនានា បានចុះជួបសួរសុខទុក្ខនិងនាំយកអំណោយ សប្បុរស់ធម៌ជាច្រើន ចូលរួមដោះស្រាយដើម្បីជួយសម្រួលនូវទុកលំបាករបស់បងប្អូននៅក្នុងគ្រួសារ បានមួយរយៈផងដែរ ។

លោកជំទាវ ម៉ាណ ណាវី បានបញ្ជាក់ថា ដោយសារគោលនយោបាយសុខដុមបនីយកម្ម របស់រាជរដ្ឋាភិបាល សហគមន៍អ៊ីស្លាម មានភាពកក់កក្ដៅនិងរីកចម្រើនជាបន្តបន្ទាប់តាមគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ខណៈកម្ពុជាក៏មានបងប្អូនអ្នកកាន់សាសនាអ៊ីស្លាម បាន និងកំពុងរួមរស់ រួមសុខ រួមទុក្ខ ក្រោមដំបូលសន្តិភាពតែមួយ របស់ព្រះរាជាណាចក្រកម្ពុជា ដែលមានសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ។ មិនតែប៉ុណ្ណោះ បងប្អូនសាសនិកអ៊ិស្លាមនៅកម្ពុជា ក៏ទទួលបាននូវគោលនយោបាយល្អៗ ដើម្បីបំពេញរាល់តម្រូវការចាំបាច់ របស់សហគមន៍ខ្មែរអ៊ិស្លាម ជាពិសេសការបើកសិទ្ធិទូលំ ទូលាយឱ្យទទួលយកការប្រតិបត្តិតាមជំនឿសាសនារបស់ខ្លួន ទំនៀមទម្លាប់ប្រពៃណីមិនតែប៉ុណ្ណោះ និងការអនុញ្ញាតឱ្យទទួលបានការងារក្នុងជួររាជរដ្ឋាភិបាល ក៏ដូចជារដ្ឋសភាព្រឹទ្ធសភា និងតាមស្ថាប័នក្រសួងមន្ទីរផងដែរ ។

អំណោយដែលចែកជូននៅពេលនោះ មាន ជាកញ្ចាប់អាហារ ,តែ, ប្រេងឆា, ស្ករ, មី, ទឹកដោះគោ, និងថវិកា ហើយអំណោយទាំងនេះបានមកពីការជួយឧបត្ថម្ភពីសប្បុរជនម៉ាឡេស៊ី ជាពិសេសក្រុមហ៊ុន VAN M .SOHAIMY ៕

ដោយសួស សំរិត