សម្ដេចចៅហ្វាវាំង គង់ សំអុល អញ្ជើញចុះត្រួតពិនិត្យទីព្រះស្រែសម្រាប់ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល

AKP តាកែវ ថ្ងៃទី០២ ខែឧសភា ​ឆ្នាំ២០១៩ -នៅថៃ្ងពុធ ១២រោច ខែចេត្រ ឆ្នាំកុរ​ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៣:៥០នាទីរសៀល នៅទីព្រះស្រែភូមិត្រពាំងអង្គរ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានរៀបចំកិច្ចប្រជុំស្ដីពីការត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ក្រោមអធិបតីភាពសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ- អន្តរជាតិ អមដំណើរដោយឯកឧត្តម គុយ សុផល ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ។

នៅក្នុងកិច្ចប្រជុំស្ដីពីការត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនេះសម្ដេចចៅហ្វាវាំង បានធ្វើការណែនាំដល់អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវតែយកចិត្តទុកដាក់ការពារសុខ សុវត្ថិភាពដោយស្មារតីទទួលខុសត្រូវខ្ពស់ និងម៉ឺងម៉ាត់ បំផុត។ ព្រោះព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀតរបស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងតំណាងស្ថានទូតជាច្រើនក៏នឹងស្ដេចយាង និងអញ្ជើញចូលរួមនៅក្នុងព្រះរាជពិធីដ៏មហោឡារិកនេះ។ ​ដូច្នេះទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ ត្រូវតែការពារឱ្យព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនេះប្រព្រឹត្តទៅដោយរលូន ។

សម្តេចចៅហ្វាវាំងឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា កិច្ចការងារនេះវាពិតជាសំខាន់ខ្លាំងណាស់ ហើយក៏ជាមហាកិត្តិយសផងដែរសម្រាប់ខេត្តតាកែវ ដែលបានការពារសុខសុវត្ថិភាពថ្វាយព្រះមហាក្សត្រ និងជូនថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀត ក៏ដូចជាតំណាងស្ថានទូត និងឯកអគ្គរដ្ឋទូតប្រទេសជាមិត្តនានាផងដែរ ដែលបានស្តេចយាងនិងអញ្ជើញចូលរួមនៅក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនៅខេត្តតាកែវឆ្នាំ២០១៩នេះ​។ ដូច្នេះវាទាមទារឱ្យយើងទាំងអស់គ្នាដែលជាកងកម្លាំងមានសមត្ថកិច្ចទាំងអស់ រួមទាំងកងកម្លាំងនគរបាលជាតិ កងកម្លាំងនគរបាលខេត្តតាកែវ រួមសហការគ្នា និងសាមគ្គីគ្នាក្នុងការការពារឱ្យបានល្អបំផុតទៅតាមគោលដៅរៀងៗខ្លួន។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរួចមក សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋ  មន្ត្រីក្រសួងព្រះបរមរាជវាំង អមដំណើរដោយឯកឧត្តម គុយ សុផល ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្រ្តី នៃក្រសួងព្រះបរមរាជវាំង និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ជាច្រើនរូប ក៏បានអញ្ជើញទៅត្រួតពិនិត្យទីព្រះស្រែសម្រាប់ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលនឹងប្រព្រឹត្តទៅនៅថៃ្ងទី២២ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះនៅខេត្តតាកែវ ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ៕

ដោយសោម ឫទ្ធី