អភិបាលខេត្តបាត់ដំបងចូលរួមអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា

AKP បាត់ដំបង ថ្ងៃទី០២ ខែឧសភា ឆ្នាំ ២០១៩ -នៅថ្ងៃពុធ ១២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៣ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០១៩ ក្រោមប្រធានបទ ” កិច្ចគាំពារសង្គមដើម្បីផលិតភាព” ដែលរៀបចំដោយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ដំបង នៅក្រុមហ៊ុនស៊ីម៉ង់ត៍បាត់ដំបងខនស៍ស៊ីមេន (CONCH Cement) ស្រុករតនមណ្ឌល ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរស្រុករតនមណ្ឌល កម្មករ នយោជិត នយោជក ប្រមាណជាង ៤០០នាក់ ។

ក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ បានធ្វើការសំណេះសំណាលផ្តាំផ្ញើ និងសួរសុខទុក្ខទៅដល់កម្មករ នយោជិត នយោជក ទាំងអស់របស់ក្រុមហ៊ុនស៊ីម៉ង់ត៍ បាត់ដំបងខនស៍ស៊ីមេន (CONCH Cement) ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៣ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០១៩ នេះផងដែរ ។ការប្រារព្ធទិវា ១ ឧសភា នេះបានធ្វើជារៀងរាល់ឆ្នាំ ពីព្រោះទិវាពលកម្មអន្តរជាតិនេះ គឺជាបុណ្យដ៏ធំធេងរបស់ពលករ កម្មករ នៅតាមបណ្ដាប្រទេសជាច្រើនលើសកលលោក។ ដោយឡែកនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៦៩មក យើងជាសមាជិករបស់អង្គការពលកម្មអន្តរជាតិ (ILO) ហើយនៅឆ្នាំ២០១៩ ជាខួប ៥០ឆ្នាំដែលកម្ពុជាចូលជាសមា   ជិក នៃអង្គការអន្តរជាតិខាងការងារ ។

នៅព្រះរាជាណាចក្រកម្ពុជាយើង ទិវាពលកម្មអន្តរជាតិ ១ ឧសភា នេះ គឺត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ នឹងជាថ្ងៃឈប់សម្រាករបស់មន្ត្រីរាជការ និងកម្មករនិយោជិតទាំងអស់ ដូចថ្ងៃបុណ្យជាតិ បុណ្យប្រពៃណី និងបុណ្យអន្តរជាតិនានាដែរ ។

ឯកឧត្តម អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការ ក៏បានអញ្ជើញចូលរួមពិសាអាហារសាមគ្គីថ្ងៃត្រង់ជាមួយកម្មករ នយោជិត នយោជក របស់ក្រុមហ៊ុនស៊ីម៉ង់ត៍ បាត់ដំបងខនស៍ស៊ីមេន យ៉ាងស្និទ្ធស្នាល ៕

ដោយណយ នឿន (ប្រភព រដ្ឋបាលខេត្តបាត់បង)