រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាត់ទុកកំពង់ផែក្រុងព្រះសីហនុថាជាអង្គសេដ្ឋកិច្ច​ដ៏សំខាន់

AKP ព្រះសីហនុ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ — ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានចាត់ទុកកំពង់ផែក្រុងព្រះសីហនុថា ជាអង្គសេដ្ឋកិច្ចដ៏សំខាន់ និងមិនអាចខ្វះ​បានក្នុងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយនឹងពិភពលោកទាំងមូល ក៏ដូចជាការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ។ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្មករ និយោជិតនៃ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសអបអរសាទរខួបលើកទី១៣៣ នៃទិវាពលកម្មអន្តរ ជាតិ ០១ ឧសភា ឆ្នាំ២០១៩នេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើក​ឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តនូវគោលនយោបាយ យុទ្ធសាស្ត្រ និងវិធាន​ការ​មុតស្រួចមួយចំនួន សំដៅសម្រេចបាននូវការអភិវឌ្ឍទាំងសេដ្ឋកិច្ច និងសង្គម ក្នុងល្បឿន​មួយ​​លឿន និងរឹងមាំ។

ជាក់ស្ដែងក្នុងរយៈពេលពីរទស្សវត្សរ៍ចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជា​សម្រេចបាននូវកំណើនប្រចាំឆ្នាំជាមធ្យមក្នុងរង្វង់ ៧.៧ភាគរយ ដែលបានប្រែក្លាយកម្ពុជា​ទៅជា​ប្រទេស​មានចំណូលមធ្យម កម្រិតទាបនៅឆ្នាំ២០១៥ និងជាខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី នៅក្នុងឆ្នាំ២០១៦ ផងដែរ។ ដោយឡែកក្នុងឆ្នាំ២០១៩នេះ តាមការប៉ាន់ស្មានជាបឋម អត្រា​កំណើនសេដ្ឋកិច្ចកម្ពុជាអាចនឹងសម្រេចបានក្នុងរង្វង់ ៧.៥ភាគរយ ដែលគាំទ្រកំណើនពី​វិស័យ​សំណង់ កំណើនខ្ពស់ជាងការរំពឹង ទុកនៃវិស័យកាត់ដេរ ការងើបឡើងវិញនៃវិស័យ​ទេសចរណ៍ កំណើនខ្ពស់នៃវិស័យលក់ដុំ- លក់រាយ និងវិស័យទូរគមនាគមន៍ និងដឹកជញ្ជូន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ច្បាស់ណាស់ថា សមិទ្ធ ផលទាំងនេះកើត​ចេញ​ពីការរួមចំណែកដ៏ធំធេងនៃកម្លាំងពលកម្ម ជាពិសេសកម្លាំងពលកម្ម វ័យក្មេង និងប្រកប​ដោយសក្តានុពល ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងវិស័យសំខាន់ៗនៃ សេដ្ឋកិច្ច។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុ​ណចំពោះកំពង់ផែក្រុងព្រះសីហនុ ដែលបានចូលរួមនៅ​ក្នុងការ កែទម្រង់ដ៏មុតស្រួចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈការបញ្ចុះតម្លៃការ​លើកដាក់ ព្រមទាំងថ្លៃ Bonus និងការមិនយកឈ្នួលបន្លាស់ទីចំណតនាវា ដោយឯកឧត្តម​បាន​សង្កត់ធ្ងន់ថា ទោះបីការធ្វើបែបនេះ នឹងធ្វើឱ្យកំពង់ផែបាត់បង់នូវចំណូលប្រមាណជាង ២លានដុល្លារអាម៉េរិក ក៏ប៉ុន្តែប្រការនេះ បានធ្វើឱ្យថ្លៃឡូជីស្ទីកមានកម្រិតទាបជាងមុន និង​ពង្រីកនូវភាពប្រកួតប្រជែងរបស់កម្ពុជាទាំងមូល។ ទន្ទឹមនឹងនេះដែរ កំពង់ផែក្រុងព្រះសីហនុ ក៏ជាតួអង្គដែល ទទួលបាននូវអត្ថប្រយោជន៍ដោយផ្ទាល់ពីការកែទម្រង់ខាងលើ តាមរយៈ​វិធាន​ការនៃការរំកិលកាំកុងត្រូលចេញពីច្រកទ្វារព្រំដែន និងការរំសាយអង្គភាពកាំសាប ដែល​ចូលរួមចំណែកធ្វើឱ្យប្រតិបត្តិការរបស់ផែមានភាពរលូនជាងមុន និងស្របតាមនិយាមប្រតិបត្តិ​ការនៃផែអន្តរជាតិទូទៅ។ បើតាមរបាយការណ៍បានឱ្យដឹងថា បរិមាណទំនិញឆ្លងកាត់ផែបាន​កើនឡើង ខ្ពស់កាលពីឆ្នាំ២០១៨ ពោលគឺមានកំណើន ២២.០៨ភាគរយ ក្នុងនោះបរិមាណ​កុងតឺន័រឆ្លងកាត់ មានកំណើន ១៧.៧០ភាគរយ ធៀបនឹងឆ្នាំ២០១៧ រីឯចំណូលអាជីវកម្ម​សរុបសម្រេចបានប្រមាណ ៧២ លានដុល្លារអាម៉េរិក។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ជាការពិតហើយថា ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា​ការពង្រឹង និងកសាងសមត្ថភាពផ្សេងៗទៀត របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាអាទិ​ភាព​នៅក្នុងទិសដៅយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់​គុណភាពសេវាកម្ម និងភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងសកលលោក។ ឯកឧត្តមបន្ដថា ការធ្វើឱ្យសេវាមានតម្លៃសមរម្យ ប្រកបដោយ ប្រសិទ្ធភាព និងទទួលបាន​នូវជំនឿទុកចិត្តពីសំណាក់អតិថិជនដែលជាក្រុមហ៊ុននាវាដឹកជញ្ជូន ក៏ដូចជាអ្នកប្រើប្រាស់​សេវា​កំពង់ផែទាំងអស់ នឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនចំណូលថវិកាជាតិ និង​សកម្មភាពពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងផ្តល់ឱកាសការងារជាច្រើន ជូនប្រជាពលរដ្ឋ សំដៅ​លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើងថែមទៀត៕

ដោយ គង់ ​សិរីរ័ត្ន