វ៉េស្ទឡាញន៍ និងក្លិបបាល់ទាត់បឹងកេត ចុះអនុស្សរណៈយោគយល់លើការអភិវឌ្ឍវិស័យ​កីឡា​បាល់ទាត់ថ្នាលវ៉េស្ទឡាញន៍ឱ្យកាន់តែប្រសើរ

AKP ភ្នំពេញ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ — ក្រុមហ៊ុន វ៉េស្ទឡាញន៍ អេឌ្យូខេសិន គ្រុប ដែលមានសាលារៀន វ៉េស្ទឡាញន៍ និងសាលារៀន ណត្សឡាញន៍ បានស្ម័គ្រចិត្តរួមគ្នាជាមួយក្លិបបាល់ទាត់កម្រិតអាជីព បឹងកេត ដោយបាន​ឈានដល់ការចុះអនុស្សរណៈយោគយល់ កាលពីល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នៅ សាខាសាលារៀនវ៉េស្ទឡាញន៍ ស្ថិតនៅសង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីរៀបចំ​ការ​បណ្តុះបណ្តាល និងអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ថ្នាលយុវជនរបស់​វ៉េស្ទ​ឡាញន៍​ឱ្យត្រឹមត្រូវបានក្បួនបច្ចេកទេសបាល់ទាត់។

លោក ប៉ិច បូឡែន ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុនវេស្ទឡាញន៍ អេឌ្យូខេសិន គ្រុបបាន​បង្ហាញ​ពីគោលបំណងរបស់ខ្លួន ក្នុងឆន្ទៈចង់ឱ្យសិស្សានុសិស្សរបស់ខ្លួនទទួលបានឱកាស​បណ្តុះបណ្តាលកីឡាបាល់ទាត់ពីក្លិប អាជីពបឹងកេត តាមស្តង់ដារបច្ចេកទេស។ លោកបាន​បន្ដថា ជាធម្មតា សកម្មភាពនៅក្នុងវិស័យអប់រំតែងតែពាក់ព័ន្ធគ្នាយ៉ាងជិត ស្និទ្ធជាមួយវិស័យ​កីឡា និងសិល្បៈជាដើម ដោយសាលារៀន វ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ កំពុង​ធ្វើបានល្អប្រសើរ ដែលមានទាំងសិល្បៈ និងកីឡា។ ទន្ទឹមនេះ ដោយសារតែយើងបានមើល​ឃើញ​ពី​ការសន្ទុះរីកចម្រើនជាបន្តបន្ទាប់ ដោយបច្ចប្បន្នមានកីឡាករនៅសាខាជាង១០ មាន​ជាង២០០នាក់ ទើបថ្នាក់ដឹកនាំក្រុមហ៊ុន សម្រេចចិត្តចាប់ដៃគូជាមួយបឹងកេត ដើម្បីឱ្យមាន​បច្ចេកទេសកាន់តែល្អប្រសើរ។ លោកបន្ថែមទៀតថា បើសិនជាសិស្សានុសិស្ស ទាំងអស់នេះ​ចង់ក្លាយជាកីឡាករអាជីព នាថ្ងៃអនាគតអាចបន្តហ្វឹកហ្វាត់ ជាមួយបឹងកេតបាន ហើយ​ប្រសិន​បើពួកគាត់មិនចង់ក្លាយជាកីឡាករអាជីពទេនោះ ក៏ពួកគាត់អាចហ្វឹកហាត់ និងលេង​កីឡាដើម្បីសុខភាព និងលេងតាមក្បួនខ្នាតត្រឹមត្រូវនៃបច្ចេកទេសបាល់ទាត់ផងដែរ។ លោកបានបញ្ជាក់ពីមូលហេតុដែលចាប់ដៃគូជាមួយ បឹងកេតនោះ ព្រោះលោកបានមើល​ឃើញ​ពីបឹងកេតតែងតែឧស្សាហ៍ ធ្វើកិច្ចការសង្គមនានា ជាពិសេសគឺសិស្សានុសិស្សរបស់​លោកស្រឡាញ់បឹងកេតច្រើនជាង។

លោកស្រី ពុធ ធីតា ប្រធាននាយកប្រតិបត្តិ នៃក្លិបកីឡាបាល់ទាត់បឹងកេតបានសម្តែង​នូវក្តីរីករាយ ដែលក្លិបបឹងកេតបានចាប់ដៃគូជាមួយ វ៉េស្ទឡាញន៍ អេឌ្យូខេសិន គ្រុប ដើម្បី​ផ្តល់គ្រូបង្វឹកផ្តល់បច្ចេកទេសឱ្យបានត្រឹមត្រូវជូនដល់កីឡាករ ដែលជាសិស្សរបស់​វ៉េស្ទ​ឡាញន៍។ លោកស្រីបន្ថែមថា នេះដោយសារការមើលឃើញពី គុណភាពនៃវិស័យអប់រំរបស់​ក្រុមហ៊ុននេះឈានមុខគេនៅកម្ពុជា ហើយមានឆន្ទៈខ្ពស់ក្នុងការគោលដៅឱ្យថ្នាល យុវជន​របស់ខ្លួនឱ្យទទួលបានបច្ចេកទេសត្រឹមត្រូវតាមក្បួនខ្នាត។

លោក បែ​ មករា អ្នកចាត់ការទូទៅក្លឹបបឹងកេតបញ្ជាក់ដែរថា ក្លិបបឹងកេតនឹងបើកវគ្គ​បណ្តុះ​បណ្តាលខ្លីៗជូនដល់គ្រូបង្វឹកជាបន្តបន្ទាប់ ហើយបឹងកេតក៏បានតាមដានការប្រកួត​ពានរង្វាន់ វ៉េស្ទឡាញ​ន៍ ឆ្នាំ២០១៩ មកពីសាខាទាំង១០ ដែលធ្វើជារៀងរាល់ឆ្នាំដែរ ក្រៅពីនេះ​លោកនឹងរៀបចំការប្រកួតពានរង្វាន់នានាបន្ថែមទៀត៕

ដោយ ហេង ណាលីន