សម្ដេចតេជោនាយករដ្ឋមន្ត្រីបង្ហាញពីសាមគ្គីភាពជាមួយកម្មករ កម្មការិនី ក្នុងឱកាស ខួបលើកទី១៣៣ នៃទិវាពលកម្មអន្តរជាតិ

AKP កណ្ដាល ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ — ក្នុងខណៈបង្ហាញពីអំពីទំនាក់ទំនងជិតស្និទ្ធរវាងកម្មករ កម្មការិនី ជាមួយមេដឹកនាំប្រទេ​ស ​​​ក្នុ​ងឱកាសខួបលើកទី១៣៣នៃទិវាពលកម្មអន្តរជាតិនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាស​ម្ដេ​​​ច​ អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់ប្រាប់កម្មករ កម្មការិនីថា នេះគឺ​ជា​សិ​​ទ្ធិ​ដែលបានអនុវត្តន៍នៅក្នុងប្រទេសរបស់យើង។ ក្នុងពិធីជួបសំណេះសំណាល ស្រ​ស់​ស្រូបអាហារសាមគ្គី និងរាំលេង​កម្សា​ន្ត​ជា​មួយ​កម្ម​ករ​ និយោជិតនៅរោងចក្រយីដា ចំនួន​ ៣.៧០០នាក់ ស្ថិតក្នុងភូមិឫស្សីស្រុក ឃុំឈើទាល  ស្រុ​ក​កៀ​នស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី ០១ ខែ ឧសភាឆ្នាំ២០១៩ សម្ដេ​ចតេជោ ហ៊ុន សែន បានមាន​ប្រសា​ស​ន៍​​​ថ្លែងអំណរគុណចំពោះក្រុម​ហ៊ុនយីដា ដែលបានរៀបចំកម្មវិធី​សំណេះសំណាល និងការហូប​បា​​យសាមគ្គី ក៏ដូចជាការរាំកម្សាន្តនៅក្នុងរោងចក្រ ដែល​មានកម្មកររហូតដល់៣.៧០០​នា​ក់​។​ ស​ម្ដេចតេជោបន្តថា ឆ្នាំនេះគឺឆ្នាំទី២ ដែលសម្ដេច​បានធ្វើសកម្មភាពនៅតាមរោងចក្រ នៅថ្ងៃទី០១ ខែ​ឧ​ស​ភា ដែលជាខួបលើកទី១៣៣ នៃ​ទិវាពលកម្មអន្តរជាតិ។ សម្ដេចតេជោក៏បានលើក​ឡើង​ផ​ង​​ដែរថា ប៉ុន្មានអាទិត្យកន្លងមក​នេះ​មា​ន​អ្នកនយោបាយខ្លះ បានស្នើឱ្យកម្មករចាប់សម្ដេច ប៉ុន្តែផ្ទុ​យ​ទៅវិញ ​ថ្ងៃ​​នេះ​កម្មករពិតជា​ចាប់មែន គឺចាប់ថើប ចាប់ឱប និងចាប់ថតរូប។ ដូច្នេះ​សកម្ម​ភា​ព​នេះ​ក៏​បង្ហា​ញអំពីទំនាក់ទំនង​ជិតស្និទ្ធរវាងកម្មករ កម្មការិនី ជាមួយមេដឹកនាំប្រទេស។ ប៉ុន្តែ​អ្វី​ដែ​លទៅហួសពីនេះ​គឺការ​សាមគ្គីភាពនៅក្នុងចំណោមយើងទាំងអស់គ្នា។

សម្ដេចតេជោក៏​បា​ន​​សម្ដែងនូវការអរគុណ​ចំពោះរោងចក្រចំនួន១.២៨៧រោងចក្រផ្សេងទៀតដែលបានរៀប​ចំនូ​វ​ក​​ម្មវិធីសំណេះសំណាល និងការជួបជុំដើម្បីហូបបាយសាមគ្គី រាំលេងកម្សាន្តនៅតាម​រោងចក្រ ហើយបើប្រៀប​ធៀបជា​មួយនឹងឆ្នាំទៅ ក្នុងឆ្នាំនេះមាន១.៧៨៧រោងចក្រ គឺកើន៣៩៤រោងចក្រ ដែ​ល​បានរៀប​ចំកម្មវិធីបែបនេះ។ ឯសម្រាប់កម្មករឆ្នាំនេះក៏មានទៅដល់៧៩ម៉ឺននាក់ គឺកើន២៦ម៉ឺន​នា​ក់ ប្រៀបធៀបជាមួយនឹងឆ្នាំមុនផងដែរ។ សម្ដេចតេជោគូសបញ្ជាក់ទៀតន៍ថា នេះជាសិទ្ធិ​ជ្រើ​ស​រើ​ស​ ដែលក្នុងនោះមាន អ្នកខ្លះជ្រើសរើសមកចូលរួមបាយសាមគ្គីនៅតាមរោងចក្រ អ្នកខ្លះ​ជ្រើ​ស​រើសនៅតាមផ្ទះ អ្នកខ្លះជ្រើសរើសទៅធ្វើការប្រមូលផ្ដុំដាក់ញាត្តិទាមទារនេះ ទាមទារ​នោះ នេះ​គឺជាសិទ្ធិដែលបានអនុវត្តន៍នៅក្នុងប្រទេសរបស់យើង។ សម្ដេចតេជោក៏បានសម្ដែង​នូវការ​អ​​ប​អរ​សាទរ​ជាមួយ ម្ចាស់រោងចក្រ កម្មករ​​ កម្ម​ការិនី ដែលបានចូលរួមក្នុងពិធីកម្សាន្ត​នៃ​ទិវា​ព​ល​​កម្មអន្តរជាតិ។

ក្នុងពិធីជួបសំណេះសំណាល ស្រ​ស់​ស្រូបអាហារសាមគ្គី និងរាំលេង​កម្សា​ន្ត​ជា​មួយ​កម្ម​ករ​និយោជិតនៅរោងចក្រយីដានេះដែរ សម្តេចតេជោយករដ្ឋមន្រ្ដី ក៏បានផ្តល់ថវិកា​លើកទឹក  ​ចិ​ត្ត​​ដល់កម្មករ​ កម្មការិនីចំនួន​ ៣.៧០០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិការចំនួន ៥០.០០០ រៀល ក្រុមតន្ត្រីទទួលបានថវិកាចំនួន១០ លានរៀល។ ក្រុមគ្រូពេទ្យប្រចាំការ​​៥លានរៀល និ​ង​ផ្តល់ថវិកាសម្រាប់កូនក្មួយកម្មការិនីមានផ្ទៃពោះចំនួន១៩៥នាក់ផងដែរ៕

ដោយ ជឹម ណារី