លោកជំទាវ អោង សានស៊ូជី មានការចាប់អារម្មណ៍លើសិលាចារឹកភូមា​នៅតំបន់អង្គរ ដែលបង្ហាញថា កម្ពុជា និងភូមាមានទំនាក់ទំនងតាំងពីសម័យបុរាណ

AKP សៀមរាប  ខែឧសភា ឆ្នាំ២០១៩​ — នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩នេះ លោកជំទាវ អោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាព​មីយ៉ាន់ម៉ាអមដំណើរដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការ នារី បានអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ដែលជាប្រាសាទ​បុរាណ​ដ៏អស្ចារ្យរបស់ខ្មែរ និងជាសម្បត្តិបេតិកភណ្ឌពិភពលោក។ បើតាមការបញ្ជាក់ឱ្យដឹងពី លោក អ៊ឹម សុខរិទ្ធី អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិ​ស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា ដែលជាអ្នកបកស្រាយពន្យល់ផ្ទាល់​ដល់លោកជំទាវ អោង សានស៊ូជី អំពីប្រវត្តិប្រាសាទបុរាណខ្មែរ បានលើកឡើងថា នៅក្នុង​ដំណើរទស្សនកិច្ចនៅលើទឹកដីអង្គរនេះ លោកជំទាវ អោង សានស៊ូជី ទីប្រឹក្សារដ្ឋ នៃសា​ធារ​ណរដ្ឋ​សហភាពមីយ៉ាន់ម៉ា បានសម្តែងការស្ញប់ស្ញែងចំពោះប្រាសាទបុរាណរបស់ខ្មែរនេះ។ លោកជំទាវ អោង សានស៊ូជី គឺជាគណៈប្រតិភូជាន់ខ្ពស់ម្នាក់ដែលបានទស្សនាប្រាសាទ និង​ធ្វើការសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្រ្តខ្មែរយ៉ាងហ្មត់ចត់ ហើយដែលលោកជំទាវមានការ ចាប់អារម្មណ៍ខ្លាំងគឺនៅពេលដែលលោកជំទាវបានឃើញ សិលាចារឹកភូមាមាននៅក្នុង​តំបន់​អង្គរ ដែលសិលាចារឹកនេះបង្ហាញថា កម្ពុជា និងភូមាមានទំនាក់ទំនងតាំងពីសម័យបុរាណ។

បន្ទាប់ពីបានទស្សនាប្រាសាទដ៏អស្ចារ្យរបស់ខ្មែររួចមកលោកជំទាវ អោង សានស៊ូជី មាន​បំណងធ្វើកិច្ចប្រតិបត្តិការជាមួយកម្ពុជាក្នុងការតភ្ជាប់ទំនាក់ទំនងវិស័យទេសចរណ៍ គឺការ​តភ្ជាប់​ក្រុង​បាហ្គាន់(Bagan)របស់ភូមា មកក្រុងសៀមរាប ដើម្បីធ្វើឱ្យទំនាក់ទំនង​វិស័យទេស​ចរណ៍នៃប្រទេសទាំងពីរកាន់តែល្អប្រសើរ។

លោក អ៊ឹម សុខរិទ្ធី បានបញ្ជាក់ទៀតថា កម្ពុជា និងភូមា មានទំនាក់ទំនងគ្នា​​តាំង​ពីសម័យបុរាណមកម្លេះ ព្រោះថា តាមការស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា កន្លងមកបាន​ប្រទះឃើញសិលាចារឹកជាភាសាភូមាចំនួន១១កន្លែងផ្សេងគ្នា។ ក្នុងនោះទីតាំងដែលរក​ឃើញនោះ​មាន៩កន្លែងនៅប្រាសាទអង្គរវត្ត និង២កន្លែងទៀតក្នុងក្រុងអង្គរធំ ក្បែរប្រាសាទ បាយ័ន។ លោកបានអះអាងទៀតថា បើតាមការសិក្សាគេបានរកឃើញថា អក្សរចារឹក​ដែលចារចាស់ជាងគេ គឺនៅដើមសតវត្សរ៍ទី២០។ ជាមួយគ្នានេះ ចំពោះអ្នកដែលបានមកចារ​ខ្លះមក​ជា​លក្ខណៈ​គ្រួសារ និងមកតែឯង ហើយអត្ថន័យជាទូទៅ គឺបញ្ជាក់ពីឈ្មោះអ្នក​សរសេរ ពេលវេលា និង​តំបន់ដែលពួកគេរស់នៅ។ ចំណែកនៅប្រាសាទបាយ័ន អ្នកដែល​ចារគឺព្រះសង្ឃភូមា ដែលលោកបានមកគោរពព្រះនៅក្នុងប្រាសាទ ជាពិសេសព្រះអង្គងោក​តែម្តង៕

ដោយ ឃុត សៅ