សមាជិក សហភាពសហព័ន្ធយុវជនកម្ពុជា បរិច្ចាកឈាមជូនមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

វិទ្យុជាតិកម្ពុជា៖សមាជិក សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក្រុងព្រះសីហនុ ព្រមទាំងមន្រ្តីរាជការ បានរួមគ្នាបរិច្ចាកឈាមជូនមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីជួយសង្គ្រោះជីវិតមនុស្ស និងជាអំពើរសប្បុរសធម៌ ។


ក្នុងឳកាសដឹកនាំសមាជិក សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក្រុងព្រះសីហនុចូល រួមគ្នាបរិច្ចាកឈាមនេះលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុនិងជាប្រធាន ស.ស.យ.ក ក្រុងព្រះសីហនុ បានអោយដឹងថាបរិច្ចាកឈាមជូនមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ធ្វើឡើងនារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នៅសាលាក្រុងព្រះសីហនុ។


លោក អភិបាលក្រុងព្រះសីហនុបានមានប្រសាសន៍ ថាការបរិច្ចាគឈាមគឺជាអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោកលោកស្រី អ្នកនាងកញ្ញា មន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទយុវជន បងប្អូនប្រជាពលរដ្ឋ គឺដើម្បីសង្គ្រោះជីវិតមនុស្សដែលស្ថិតក្នុងភាពអាសន្នចាំបាច់ត្រូវការឈាម។


លោកបានបញ្ជាក់ថាការបរិច្ចាគនេះគឺមិនប៉ះពាល់ដល់សុខភាពអ្នកបរិច្ចាគនោះឡើយ ផ្ទុយទៅវិញគឺបញ្ជាក់អំពីស្មារតីសាមគ្គី ភាពការចែករំលែកអំពីតម្លៃមនុស្សធម៌ការជួយគ្នាទៅវិញទៅមកនៅក្នុងសង្គមជាគុណ បុណ្យដ៏ធំមួយដែលជួយដល់ញាតិមិត្តជិតឆ្ងាយរបស់យើងដែលត្រូវការឈាមដើម្បីសង្គ្រោះជីវិត៕