សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះ សំណាល ហូបអាហារសាមគ្គី និងរាំកម្សាន្តជាមួយកម្មកររោងចក្រយីដា ជិត៤ពាន់នាក់ក្នុងថ្ងៃអបអរ«ទិវាពលកម្មអន្តរជាតិ១ឧសភា»

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​ និង​ លោក​ អ៊ូ​ កាណែល​៖

ក្នុងឱកាសអបអរសាទរខួប១៣៣ឆ្នាំ នៃទិវាពលកម្មអន្តរជាតិ១ឧសភា នៅព្រឹកថ្ងៃទី០១ខែ ឧសភាឆ្នាំ២០១៩នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា អញ្ជើញស្រស់ស្រូបអាហារសាមគ្គី និងរាំលេងកម្សាន្តជាមួយកម្មករ និយោជិតនៅរោងចក្រយីដាប្រមាណ ៣,៧០០នាក់ ស្ថិតនៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។


ក្រៅពីការស្រស់ស្រូបអាហារ និងរាំលេងកម្សាន្ត សម្តេចតេជោ ហ៊ុន សែន ក៏មានការឧបត្ថម្ភថវិកាដល់កម្មការិនីដែលមានផ្ទៃពោះផងដែរ។
រោងចក្រយីដា បានចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០១៥ និងមានកម្មករ និយោជិតសរុបប្រមា ណ ៣,៧០០នាក់ ក្នុងនោះស្រី ២,៨០៣នាក់។ ផលិតផលដែលផលិតនៅរោងចក្រយីដា ត្រូវបា ននាំចេញទៅលក់នៅអឺរ៉ុប និងសហរដ្ឋអាមេ រិក។


រោងចក្រនេះ បានផ្តល់ប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំជូនកម្មករ និយោជិតប្រមាណជិត៨៧ ម៉ឺន( ៨៦៦,៥៧០)ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ។ ប្រាក់ឈ្នួលជាមធ្យមសម្រាប់កម្មករ និយោជិតម្នាក់ៗមានចន្លោះពី ២២០ដុល្លារអាមេរិក ដល់ ២៨០ដុល្លារអាមេរិកក្នុងមួយខែ។


ក្រៅពីអត្ថប្រយោជន៍ដែលកំណត់ដោយច្បាប់ហើយនោះ រោងចក្រក៏បានផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗមួយចំនួនទៀតផងដែរ។ អត្ថប្រយោជន៍ទាំងនោះរួមមាន៖
* ប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់អ្នកដេរបានលឿន ចំពោះអ្នកដែលមានភាគរយចាប់ពី ៧០% ទៅ ៨៤% នឹងទទួលបាន១០ដុល្លារអាមេរិក ហើយសម្រាប់អ្នកដែលមានភាគរយចាប់ពី ៨៥%ឡើងទៅទទួលបាន ៣០ដុល្លារអាមេរិក។
* ប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់កម្មករដែលចេះជំនាញច្រើនម៉ាស៊ីន សម្រាប់ប្រធានក្រុមដេរ ជាងម៉ាស៊ីន អ្នកដេរគំរូ អ្នកពិនិត្យគុណភាព និងផ្នែកផ្សេងៗទៀត ដោយការគណនាអាស្រ័យទៅ លើភាគរយសរុបប្រចាំខែ ប្រាក់តួនាទី ពេលវេលាធ្វើការ និងកត្តាផ្សេងៗ។
* បន្ថែម ១.៥ដុល្លារអាមេរិក សម្រាប់អ្នកធ្វើការថែមម៉ោងចាប់ពី១០ ទៅ ១៤ថ្ងៃ នឹងចាប់ពី ២០ ថ្ងៃឡើងទៅ បន្ថែម៣ដុល្លារអាមេរិក ទៅលើសោ ហ៊ុយធ្វើដំណើរ។
* ប្រាក់ថ្លៃមើលថែទារក និងទឹកដោះគោ ១០ ដុល្លារអាមេរិក សម្រាប់កូន១ ក្នុងរយៈពេល ៣៦ ខែ។
សូមបញ្ជាក់ថា ទិវាពលកម្មអន្ដរជាតិ គឺជាទិវាថ្ងៃឈប់សម្រាកមួយ ​​​ដែលបណ្ដាប្រទេសច្រើនជាង ៨០ប្រទេសនៅលើពិភពលោកប្រារព្វឡើងក្នុងគោលបំណង​​​រំឭក និងឧទ្ទិស​​​​​​ដឹងគុណ​​​​​​ដល់វីរៈភាព​​​​​​ដ៏អង់អាច​​​​​​ក្លាហាន​​​​​​នៃកម្មករ កម្មការិនី ​​​ដែលបាន​​​ប្រឹងប្រែង​​​តស៊ូពុះពារ និងប្ដូរជីវិត ដើម្បីការ ងារសិទ្ធិកម្មករទាំងមូល។កម្ពុជាបន្ទាប់ពីត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ និងស្វែង រកបានសុខសន្តិភាពពេញនាចុងឆ្នាំ១៩៩៨ ក៏តែងតែបានប្រារព្ធទិវាពលកម្មអន្ដរជាតិ១ឧសភានេះ ដើម្បីលើកកម្ពស់សិទ្ធិពលកម្មរបស់កម្មករ និយោជិតផងដែរ។
ដើម្បីជាការលើកទឹកចិត្តដល់កម្មករ កម្មការិនី ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញវិស័យឧស្សាហកម្មរបស់កម្ពុជានោះ សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេលជិតពីរឆ្នាំចុង ក្រោយនេះ ពោលចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៧ មកទល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ បានចុះជួបសំណេះសំណាលជាមួយកម្មករ និ យោជិតចំនួន ៦៦លើក មានកម្មករ និយោជិតសរុបជិត៩៥ម៉ឺននាក់ បានចូលរួមក្នុងកិច្ចសំណេះសំណាលនេះ។
តាមរយៈដំណើរចុះជួបសំណេះសំណាលជា មួយកម្មករ និយោជិតជាបន្តបន្ទាប់នេះ សម្តេចតេជោ ហ៊ុន សែន បានដោះស្រាយបញ្ហាប្រឈមជាច្រើនរបស់កម្មករ និយោជិត ហើយបាននាំមកនូវអត្ថប្រយោជន៍ជាច្រើនទៀត ធានាដល់សិទ្ធិ ពលកម្ម និងលើក កម្ពស់ជីវភាពរបស់ពួកគេឱ្យកាន់តែប្រសើរ។
តាមរយៈសកម្មភាពខាងលើនេះ ត្រូវបានគេមើលឃើញថា ជាការយកចិត្តទុកដាក់ខ្ពស់មួយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទៅលើសិទ្ធិពលកម្ម និងជីវភាពរបស់កម្មករ និយោជិត ហើយក៏ជាការលើកកម្ពស់វិស័យឧស្សាហកម្មដែលជាកម្លាំងជំរុញសេដ្ឋកិច្ចរបស់កម្ពុជាដ៏សំខាន់៕