សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជួបសវនាការ និងទទួលអំណោយជាថវិកាពីសប្បុរសជន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ — នៅទីស្នាក់ការកណ្តាល នាព្រឹកថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានជួបសវនាការជាមួយសប្បុរសជន និងទទួលអំណោយជាថវិកាសរុបចំនួន ៣៥០.០០០ដុល្លារ (សាមសិបប្រាំម៉ឺនដុល្លារអាម៉េរិក) ក្នុងឱកាសអបអរខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ក្រោមប្រធានបទ «ខ្ញុំស្រឡាញ់ កាកបាទក្រហមកម្ពុជា»។ ប្រភពពីកាកបាទក្រហមកម្ពុជាបានឱ្យដឹងថា​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោត សរសើរចំពោះទឹកចិត្តមនុស្សធម៌ប្រកបដោយសទ្ធាជ្រះថ្លារបស់សប្បុរសជនទាំងអស់ ដែល តែងតែជឿជាក់ និងជួយឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា ដើម្បីសមាគមជាតិមួយ នេះមានធនធានហិរញ្ញវត្ថុសម្រាប់ធ្វើប្រតិបត្តិការមនុស្សធម៌ប្រកបដោយប្រសិទ្ធភាពខ្ពស់។

នៅក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានថ្លែងអំពាវនាវដល់សប្បុរសជន ជាតិ-អន្តរជាតិដទៃទៀត អញ្ជើញចូលរួមឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា ក្នុង ឱកាសទិវា៨ ឧសភា ខាងមុខនេះ ដែលនឹងប្រារព្ធធ្វើឡើងក្រោមអធិបតីភាព សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកាក បាទក្រហមកម្ពុជាអាចសម្រេចជោគជ័យបេសកកម្មមនុស្សធម៌ក្នុងការបន្តជួយដល់ចាស់ជរាគ្មានទីពឹង កុមារកំព្រា ជនពិការ ស្ត្រីមេម៉ាយ អ្នកជំងឺរ៉ាំរ៉ៃ និងគ្រួសាររងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ។

ជាមួយគ្នានោះ សប្បុរជនទាំងអស់ បានសម្តែងនូវការអរគុណចំពោះសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូចូលជួបសម្តែងការគួរសម និងនាំយកអំណោយមកចូលរួមចំណែកសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋដែលត្រូវការឱ្យជួយជាចាំបាច់បំផុត។

សូមបញ្ជាក់ថា អំណោយដែលបានទទួលនាពេលនោះរួមមាន៖ ១. ថវិកាចំនួន ១០០.០០០ដុល្លារ (ដប់ម៉ឺនដុល្លារ) ពីក្រុមហ៊ុន ម៉ារីថាម គ្រុប MARITIME GROUP ដែលដឹកនាំដោយ ឧកញ៉ា ហេង សិទ្ធី ប្រធានក្រុមប្រឹក្សាភិបាល។ ២. ថវិកាចំនួន ២០០.០០០ដុល្លារ (ម្ភៃម៉ឺនដុល្លារ) ពីលោក លី ហ្កាង Mr. LI GANG ដែលតំណាងដោយឯកឧត្តម មួន សារ៉ន និងគណៈប្រតិភូ។ ៣. រថយន្ដម៉ាក FORD RANGER 2019 ចំនួន ១គ្រឿង ស្មើថវិកា ៤ម៉ឺនដុល្លារ និងមួកសុវត្ថិភាព១.០០០មួក ស្មើថវិកា ១ម៉ឺនដុល្លារ ពីក្រុមហ៊ុន ស្រាបៀរហ្គេនស៍បឺគ (GANZBERG BREWERY)  ដែលដឹកនាំដោយ លោក ហ្វ្រែន ជេ. ប្រ៊ូន Franz J. Brune ប្រធានរោងចក្រស្រាបៀរហ្គេនស៍បឺគ៕

ដោយ សាយ សុន (រូបថត៖កាកបាទក្រហម)