សម្តេច​​ពិជ័យ​សេនា ​ទៀ ​បាញ់ អញ្ជើញចូលរួមក្នុងកិច្ច​ប្រជុំ​ពិភាក្សាឆ្លង​សេចក្តី​ព្រាងផែន​ការ​យុទ្ធ​សាស្ត្រ​ថវិ​កា ​ឆ្នាំ​២០២០​-​២០២២​

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ — ក្រសួង​ការ​ពារ​ជាតិ​ មាន​រៀបចំកិច្ចប្រជុំ​ពិភាក្សា​ឆ្លង​សេចក្តី​ព្រាង​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​សម្រាប់​​​​ឆ្នាំ២០២០​-​២០២២​ កាលពី​​ថ្ងៃ​ទី​២៩ ​ខែ​​មេសា ​ឆ្នាំ​២០១៩​ ​ក្រោម​អធិបតី​ភាព​ សម្តេច​​ពិជ័យ​​សេនា​ ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​​ការ​ពារជា​តិ ​និង​មាន​ការ​​អញ្ជើញ​​​ចូល​រួមពី​​ឯកឧត្តម​ លោក​ជំទាវ​ រដ្ឋលេខាធិការ អ​នុរដ្ឋ​លេខាធិការ​ ក្រសួង​​ការ​ពារ​​ជាតិ​,​ អគ្គ​មេ​បញ្ជាការ​​​នាយ​សេនា​ធិការ​ អគ្គ​មេ​បញ្ជាការ​​​​រង ​​នៃកងយោធពលខេមរភូមិន្ទមេ​បញ្ជាការ​ កង​ទ័ព​ជើង​គោក ​ជើង​ទឹក​ ជើង​អាកាស ​កង​រាជ​អាវុធ​ហត្ថ​,​ ឯកឧត្ត​ម​អគ្គនាយក ​អគ្គនាយក​រង​ ​អគ្គនាយក​ដ្ឋាន​, ​​ជា​នាយក ​នាយក​រង​​នាយក​ដ្ឋាន ​និង​ស្ថាប័ន​ចំណុះ​ក្រសួង​ការ​ពារ​ជាតិ ​និង​អគ្គ​បញ្ជាការ​​ដ្ឋាន​ នៃកងយោធពលខេមរភូមិន្ទ​​ជា​ច្រើន​​រូប​ទៀត។​នៅ​ក្នុង​ឱកាស​បើកកិ​ច្ច​ប្រជុំ​នោះ ​សម្តេច​​ពិជ័យ​​សេនា ​ទៀ បាញ់​ បាន​ថ្លែង​នូវ​ការ​​វាយ​​តម្លៃ​​ខ្ពស់​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ របស់​កងយោធពលខេមរភូមិន្ទក្នុង​រយៈពេល​​កន្ល​ង​ទៅ ​ដែល​ទទួល​​បា​ន​ជោគ​ជ័យ​នៅ​​ក្នុង​ការ​​បំពេញ​ការងារ​ការពារ​ជាតិ​ បូរណភាព​ទឹកដី ​ការ​រក្សា​​បា​ន​នូវសុខ​​សន្តិភាព ​និង​ស្ថិរភាព​សង្គម។​

សម្តេច​​ពិជ័យ​សេនា ​ឧបនាយក​រដ្ឋមន្ត្រី​ បាន​​បញ្ជាក់ថា​ កង​ទ័ព​​ជា​កម្លាំង​ស្នូល​នៅ​ក្នុង​ការ​ថែរក្សា​សុខ​សន្តិភាព​ និង​ស្ថិរភាព​​សង្គម​​នៅ​​កម្ពុជា​។​ សម្តេច​​ពិជ័​យសេនា ​បាន​អំពាវ​នាវ​ឱ្យ​​ក​ងទ័ព ​និង​​ប្រជាជន​ត្រូវ​មាន​កតញ្ញូ ​ចូល​​រួម​ថែរក្សា​​សុខ​​សន្តិភាព​នៅ​កម្ពុជា​។​ ជា​មួយ​គ្នា​នេះ​​បាន​​បញ្ជាក់​​​ថា​ ​​ការ​​​កែ​ទម្រង់​កង​ទ័ព​​នឹង​​បន្ត​​ធ្វើ​ នៅ​ពេល​​ខា​ង​​មុខ​តទៅ​ទៀត ​គឺ​ដោយ​រក្សា ​និង​​បង្កើន​ថ្មី ​ដូច​ដែល​​ពាក្យ​​ស្លោក​នេះ ​បាន​​ចារ​​​នៅ​ក្នុង​​វិមាន​​ឈ្នះ ឈ្នះ។​ កិច្ច​ប្រជុំ ​ក៏​បាន​​តាម​​ស្តាប់​ដោយកា​រយក​ចិត្ត​ទុកដា​ក់​ទៅ​លើ​សេចក្តី​ព្រាង​ផែន​ការ​​យុទ្ធ​​សាស្ត្រ​​ថវិកា​ ការពារ​ជាតិ​ សម្រាប់​ឆ្នាំ​២០២០ ​ដល់ ​ឆ្នាំ​២០២២​​។ ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ស៊ុំ ​សំ​ណាង ​អគ្គនាយក ​អគ្គនាយក​ដ្ឋាន​ភស្តុភារ ​និង​ហិរញ្ញវត្ថុ ​ក្រសួង​ការ​ពារ​ជាតិ ​បាន​​ឱ្យ​ដឹង​ថា​ ផែន​ការ​​យុទ្ធ​សាស្ត្រ​​ថវិកា​សម្រាប់​ឆ្នាំ​២០២០​ ដល់​ឆ្នាំ​២០២២​,​ ក្រុម​ការ​ងារ​ក្រសួងការ​ពារ​ជាតិ ​រួម​សហការ​ជា​មួយ​មន្ត្រី​ជំនាញ ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​បាន​រៀបចំ​ឡើង​ស្រប​តាម​​សារា​ចរណ៍​​​​ណែនាំ​របស់​រាជ​រដ្ឋាភិបាល​។​ គម្រោង​​កា​រនេះ​​​បាន​ធ្វើឡើង​​ដោយ​មាន​ការ​គិ​តគូរ​​អំពី​ចំនួន​ទ័ព, ​អំពី​ទិស​ដៅស​កម្មភាព​ការងារ,​ ការ​អនុវត្ត​អ​នុសាសន៍​​​​ដ៏ខ្ពង់​ខ្ពស់​ថ្មីៗ​​​ជាបន្ត​បន្ទាប់​​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​, អំពី​កត្តា​គ្រឿង​បំពាក់ ​ជាពិសេស​​លទ្ធភាព​​កញ្ចប់​ថវិកា​ជាតិ ​ដើម្បី​គិត​គូរ​លំអិត​លើខ្ទង់​​ចំណាយ​លើកិច្ចការនី​មួយៗ​​ដែល​នឹង​ត្រូវ​ធ្វើ​នា​​ពេល​ខាង​មុខ​។

​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ស៊ុំ ​សំ​ណាង បានបន្តថា ផែនការ​​យុទ្ធសាស្ត្រ​​ថវិកាឆ្នាំ​២០២០ ​គឺ​ជា​ឆ្នាំទី៣ ​ដែល​ត្រូវ​បាន​រៀបចំ​តាម​គម្រោង​​កម្មវិធី​ដូចមាន​ ចែង​​ក្នុង​សារាចរណ៍ណែនាំ​របស់​រាជរដ្ឋាភិបាល ​ហើយ​បាន​ចង​ក្រង​ជា​​កម្មវិធី​​ថវិកា​រួមមាន ​៤ ​កម្ម​វិធីធំៗ ​ក្នុង​នោះចែក​ជា​ ១៦​អនុកម្មវិធី,​ ៥២​ចង្កោម​ការងារ​ ហើយ​​លំអិត​​ចែ​ក​ចេញ​ជា​១៧១​ សកម្មភាព​ការ​ងារ​។​ គម្រោផែន​ការ​យុទ្ធសាស្ត្រថវិកា​ការ​ពារ​ជាតិ​ឆ្នាំ​២០២០​ មាន​កំណើនជាង ​១២,៨ភាគរយ បើ​​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ២០១៩​ មាន​ការ​កើន​ឡើង​​៥,៤ភាគរយ៕​

ដោយ សាយ សុន (រូបថត៖ ក្រសួងការពារជាតិ)