រាជរដ្ឋាភិបាលបង្កើនការទប់ស្កាត់ករណីដួលសន្លប់និងគ្រោះថ្នាក់ចរាចរណ៍របស់កម្មករ

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ឹម ភិរក្សនារីរតនៈ ៖

 រាជរដ្ឋាភិបាលបានបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់ ករណីដួលសន្លប់ និងគ្រោះថ្នាក់ចរាចរណ៍របស់កម្មករនៅក្នុងវិស័យកាត់ដេរនិងផលិតស្បែកជើង ដើម្បីធានាឲ្យពួកគេមានសុវត្ថិភាពក្នុងពេលបំពេញការងារ។


ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ឆ្នាំ២០១៩នេះ ក្រសួងបានបង្កើតក្រុមការងារទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងាររបស់កម្មករនិយោជិតនិងក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត ដើម្បីធានាសុវត្ថិភាពរបស់កម្មករ ។
ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់ដល់កម្មករនិយោជិត ក្នុងពេលបំពេញការងារដែលមានបញ្ហាប្រឈមនិងគ្រោះថ្នាក់ការងារនៅចំពោះមុខដូចជា ករណីគ្រោះថ្នាក់ ករណីដួលសន្លប់ជាដើម ។
ឯកឧត្តមបានបន្តថា កន្លងមកនេះ ក្រុមការងារទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងាររបស់កម្មករនិយោជិតបានចុះអង្កេតនិងសិក្សាស្រាវជ្រាវករណីកម្មករនិយោជិតសន្លប់ ដើម្បីស្វែងរកមូលហេតុនិងចាត់វិធានការកែលម្អលើ រោងចក្រដែលមានកម្មករនិយោជិតសន្លប់មានចំនួន ១៧រោងចក្រ និងកម្មករនិយោជិតសន្លប់ចំនួន ២ ១០៩នាក់។
ឯកឧត្តមបានបញ្ចាក់ថា ក្រុមការងារនឹងបង្កើនការអប់រំផ្សព្វផ្សាយដល់ កម្មករ និយោជិត នៅតាមបណ្តាសហគ្រាសគ្រឹះស្ថាននានាឲ្យមានការយល់ដឹងពីស្ថានភាពដែលប្រឈម ដើម្បីឲ្យកម្មករនិយោជិតទទួលបាននូវសុខភាពល្អនិងជំរុញដល់ការលើកកំពស់ជីវភាពរស់នៅដោយផ្ទាល់ក៏ដូចជារួមចំណែកលើកកំពស់វិស័យសេដ្ឋកិច្ចកម្ពុជាឲ្យមានការីកចម្រើនផងដែរ ។
សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតក្រុមការងារទប់ស្កាត់ករណីសន្លប់និងបង្ការគ្រោះថ្នាក់ការងាររបស់កម្មករនិយោជិត និងក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយបានសហការជាមួយ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងសាធារណៈការ និងដឹកជញ្ជូន សាលារាជធានីភ្នំពេញ កាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា សហជីពតំណាងកម្មករនិយោជិត អង្គការជនពិការអន្តរជាតិ និងអង្គការមូលនិធិបង្ការរបួសអាស៊ី ៕