អាជ្ញាធរបឹងទន្លេសាបចាប់ផ្តើមចុះបញ្ជីសារពើភ័ណ្ឌតំបន់ដីសើមនៅជុំវិញបឹងទន្លេរសាប

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ស្រី​ ផល​៖

អាជ្ញាធរបឹងទន្លេសាប រៀបចំចុះបញ្ជីសារពើភ័ណ្ឌតំបន់ដីសើមនៅជុំវិញបឹងទន្លេរសាប ដើម្បីឲ្យមានភាពងាយស្រួលក្នុងការការពារជីវៈចម្រុះនិងការអភិរក្សធនធានធម្មជាតិឱ្យកាន់តែប្រសើរឡើង។


ឯកឧត្តម ខូវ មាស អគ្គលេខាធិការរងនៃអាជ្ញាធរជាតិបឹងទន្លេសាបបានឲ្យដឹងថា ការចុះបញ្ជីសារពើភណ្ឌនៅតំបន់ដីសើមនៃបឹងទន្លេសាបនេះដើម្បីកំណត់ព្រំប្រទលតំបន់បឹងទន្លេសាប ទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹកដើម្បីយកដីធ្វើជាសកម្មសិទ្ធិរបស់ខ្លួន។ឯកឧត្តមបញ្ជាក់ថា ការរក្សាបានតំបន់ដីសើមនេះមានសារៈសំខាន់ណាស់ដើម្បីធានាការរីកលូតលាស់ធនធានមច្ឆជាតិដែលបំរើដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទំាងក្នុងតំបន់បឹងទន្លេសាបនិងប្រជាពលរដ្ឋទំាងនៅទូទំាងប្រទេស។សំលេង «យើងចង់ដឹងថាតើតំបន់ជុំវិញបឹងទន្លេសាប មានតំបន់ដីសើមជុំវិញបឹងទន្លេសាបមានវិសាលភាពកម្រិតណាហើយនិងអត្ថប្រយោជន៍វាជួយបង្កើនដល់ធនធានជីវះចម្រុះនិងធនធានធម្មជាតិដទៃទៀតសំខាន់កម្រិតណាដែលអាចធ្វើយ៉ាងណាឲ្យតំបន់ជុំវិញបឹងទន្លេសាបប្រើប្រាស់នូវធនធានធម្មជាតិបានយូរអង្វែងកិច្ចការងារនេះគឺអាជ្ញាធរបឹងទន្លេសាបក៏បាននឹងកំពុងធ្វើការងារនេះកន្លងមកហើយយើងនឹងសហការជាមួយនឹងស្ថាប័នជំនាញពាក់ព័ន្ធ ផ្សេងទៀតនៅក្នុងដែនអាជ្ញាធរបឹងទន្លេសាបយើងនេះ។


ឯកឧត្ថមបានអះអាថារាជរដ្ឋាភិបាលត្រូវតែចាត់វិធានាការការពារតំបន់បឹងទន្លេសាបនេះជាបន្ទាន់ខណៈដែលបច្ចុប្បន្ននេះ បឹងទន្លេសាបបានប្រឈម ការទន្ទ្រានកាប់រានយកដីព្រៃលិចទឹកក៏ដូចជាការចាប់នូវធនធានធម្មជាតិត្រីគ្រប់ប្រភេទដោយខុសច្បាប់។ការនេសាទខុសច្បាប់ក្នុងបឹងទន្លេសាបធ្វើឲ្យមានផលប៉ះពាល់នូវជីវៈចម្រុះក្នុងបឹងទន្លេសាបផងដែរ។
លោក ឱម សាវ៉ាត នាយកប្រតិបត្តិនៃអង្គការFACTបានជឿជាក់ថា ការរៀបចំចុះបញ្ជីសារពើភណ្ឌនាពេលនេះជូនដល់ប្រជាសហគមន៍នៅតាមតំបន់បឹងទន្លេសាបពិតជាបង្ហាញនូវភាពចាំបាច់និងសារៈសំខាន់ដែលមិនអាចខ្វះបានអំពីការចូលរួមរបស់ប្រជាជនគ្រប់រូបក្នុងការ អភិរក្សនិងកែលំអនូវធនធានធម្មជាតិមួយដែលមានភាពស្រស់បំព្រងក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងបំរែបំរួលនៃអាកាសធាតុដែលកំពុងតែជាបញ្ហាចោទដ៏សំខាន់សំរាប់ជីវិតរស់នៅរបស់មនុស្សនាពេលបច្ចុប្បន្ននេះផងដែរ។
សូមបញ្ជាក់ថាការ បឹងទន្លេសាបស្ថិតនៅក្នុងខេត្តចំនួន៦ ដូជាខេត្ត កំពង់ឆ្នាំង កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិសាត់ ហើយមានព្រៃលិចទឹកជាង៦សែន៤ម៉ឺនហិចតា។ នៅតំបន់បឹងទន្លេសាប សំបូរដោយធនធានធម្មជាតិជាច្រើន ដោយមានព្រៃលិចទឹក ត្រី សត្វស្លាប សត្វទឹក និងវារីរុក្ខជាតិជាច្រើនប្រភេទ ដែលជាប្រភពចំណី ជម្រកត្រី និងវារីសត្វ គ្រប់ប្រភេទ ហើយត្រូវបានចាត់ទុកជាជង្រុកត្រីដ៏ច្រើនលើសគេនៅក្នុងតំបនអាស៊ីអាគ្នេយ៍៕