រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយទីក្រុងប៉ារីស បើកសិក្ខាសាលាបច្ចេកទេស ស្ដីពីប្លង់អភិវឌ្ឍន៍តំបន់ប៉ែកខាងត្បូងរាជធានី

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ — រដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយទីក្រុងប៉ារីស ប្រទេសបារំាងបើកសិក្ខា សាលាបច្ចេកទេសស្តីពីប្លង់អភិវឌ្ឍន៍តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ និងគម្រោងសិក្សា កែលម្អតីរវិថីព្រះស៊ីសុវត្ថិឱ្យបានល្អប្រសើរ ទៅតាមកំណើនប្រជាជនទីក្រុងបង្កលក្ខណៈឱ្យ ពួកគាត់រស់នៅតាមបែបស៊ីវិល័យនៃទីក្រុងវៃឆ្លាត។ សិក្ខាសាលានេះបានធ្វើឡើង កាលពីព្រឹកថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ដោយ មានការអញ្ជើញចូលរួមពី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី អេឡូឌីគូយការ (ELODIE COUCA) តំណាងសាលាក្រុងប៉ារីស។

សិក្ខាសាលានេះធ្វើឡើងក្រោមកិច្ចសហការទ្វេភាគីលើវិស័យនគរូបនីយកម្មក្នុងន័យជំរុញការគិតគូរអំពីបញ្ហាលំហសាធារណៈអនាម័យ បរិស្ថាន និងសោភណភាព ទីក្រុងដើម្បី ឆ្លើយតបទៅនឹងគោលការនគរូបនីយបញ្ញាតិនិងភាពរីកចម្រើនយ៉ាងឆាប់រហ័ស របស់ រាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង  បានថ្លែងថា ការសិក្សាបច្ចេកទេសនេះគឺធ្វើឡើង បន្តពីការ សិក្សាដែលរដ្ឋបាលរាជធានីភ្នំពេញបានធ្វើឡើងអស់រយៈពេលជាង២ឆ្នាំមកហើយ។ សិក្ខា សាលានេះក្នុងគោលបំណងរកដំណោះស្រាយល្អ ពីអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមផ្ដល់មតិ យោបល់បទពិសោធន៍បំពេញបន្ថែមផ្នែកបច្ចេកទេសនិងគោលការណ៍ច្បាប់ដែលត្រូវលើកយកមកពិភាក្សាមុននឹងយកទៅអនុវត្ដន៍បន្ដ។

ឯកឧត្ដម ឃួង ស្រេង  បានបន្តថា ការពិភាក្សាបានធ្វើឡើងលើ២ ចំណុចគឺពិភាក្សាទៅ លើការកែលម្អដងតីរវិថីព្រះស៊ីសុវត្ថិ ដែលក្នុងផ្នែកនេះយើងនឹងពិនិត្យពិភាក្សាលើទិដ្ឋភាព លំហូរចរាចរណ៍ ការសិក្សារៀបចំឱ្យមានការតភ្ជាប់លំហរបៃតងនៅតាមដងទន្លេសាប។ ការធ្វើសមាហរណកម្មគម្រោង អភិវឌ្ឍន៍នៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ដែល ក្នុងផ្នែកនេះយើងក៏នឹងពិនិត្យពិភាក្សាទៅលើទិដ្ឋភាពនៃការសិក្សារៀបចំឱ្យមានចរន្តតភ្ជាប់រវាងបណ្តាញផ្លូវនិងហេដ្ឋារចនាសម្ព័ន្ធ នៃគម្រោងអភិវឌ្ឍន៍នានាដែលនឹងកើត មាននាពេល អនាគតឱ្យស្របគ្នាទៅនឹងហេដ្ឋារចនាសម្ព័ន្ធមានស្រាប់ និងសិក្សារៀបចំឱ្យ មានការ តភ្ជាប់រវាងលំហបៃតង និងបណ្តាញការពារទឹកជំនន់រវាងតំបន់ ភាគខាងត្បូងនិងតំបន់ជុំវិញ។

ឯកឧត្តមបានបន្តទៀតថា យើងទទួលបានព័ត៌មានគ្រប់គ្រាន់ហើយនោះតាមរយៈ អង្គសិក្ខាសាលាក្នុង ពេលនេះនឹងត្រូវបានប្រើប្រាស់ជាត្រីវិស័យ សម្រាប់តម្រង់ ទិស និង បំពេញបន្ថែមចំណុចខ្វះខាត ដើម្បីឱ្យការសិក្សាប្លង់អភិវឌ្ឍន៍ តំបន់ប៉ែកខាងត្បូង រាជធានីភ្នំពេញនិងគម្រោងសិក្សាកែលម្អ តីរវិថីព្រះស៊ីសុវត្ថិ ឱ្យកាន់តែមានសុក្រឹត្យ ភាពគ្រប់ជ្រុងជ្រោយ និងមានសមធម៌ ក្នុងការអនុវត្ត គម្រោងនីមួយៗទទួលបានជោគជ័យ៕

ដោយ សួស សំរិត