កីឡាករ កីឡាការិនីប៉េតង់កម្ពុជាចេញទៅប្រជែងមេដាយ ជើងឯកពិភពលោកនៅប្រទេសអេស្ប៉ាញ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ — អត្តពលិកជម្រើសជាតិឈុតធំ៤នាក់ កីឡាករ២នាក់ និង កីឡាការិនី២នាក់ អមដោយគ្រូ បង្គោល២នាក់ ដឹកនាំដោយលោក អ៊ឹម គឹមស្រ៊ុន អគ្គលេខាធិការសហព័ន្ធ កីឡាប៊ូល និង ប៉េតង់កម្ពុជាជា ប្រធានប្រតិភូបានចេញដំណើរហើយ កាលពីល្ងាចថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩ ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡា ប៉េតង់ជើងឯកពិភពលោក លើកទី២ នៅទីក្រុង Almeiria ប្រទេសអេស្ប៉ាញ។ថ្លែងមុនពេលចេញដំណើរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, លោក សុខ ម៉ុង គ្រូបង្វឹក ជម្រើសជាតិទទួលបន្ទុកផ្នែកនារីមានប្រសាសន៍ថា ការប្រកួតនេះគណៈកម្មការបានរៀបចំ វិញ្ញាសាចំនួន៥ ក្នុងនោះ មានវិញ្ញាសាឯកត្តជនបុរស, ឯកត្តជននារី, វាយគូបុរស, វាយគូនារី និងវាយចម្រុះបុរស-នារី។ លោកបានពន្យល់ថា ហេតុអ្វីបានជានៅឆ្នាំ២០១៩នេះ មានការ ប្រកួតជើងឯកពិភពលោក ដល់ទៅពីរដង គឺនៅប្រទេសអេស្ប៉ាញ ខែឧសភា ឆ្នាំ២០១៩ ដែលប្រកួតសម្រាប់ឈុតធំ និងនៅខែវិច្ឆិកា ឆ្នាំ២០១៩ នៅព្រះរាជាណាចក្រកម្ពុជា ដែល មានវិញ្ញាវាយយកពិន្ទុ និង៣នាក់ទល់៣នាក់ និងឈុតយុវជន។ ការរៀបចំនេះគឺសហព័ន្ធ ប៉េតង់ពិភពលោក មានគោលដៅបង្កើនវិញ្ញាសាបន្ថែម សម្រាប់ព្រឹត្តិការណ៍ អូឡាំពិកហ្គេម ២០២៤ នៅប្រទេសបារំាង។ គ្រូបង្គោលរូបនេះ បញ្ជាក់ទៀតថា ការចេញទៅ ប្រកួតលើកនេះ គឺជាការការពារម្ចាស់មេដាយមាសផ្នែកនារី កាលពីលើកទី១ នៅប្រទេសថៃ ដែលដណ្តើម បាន​ដោយវីរកីឡាការិនី អ៊ុក ស្រីមុំ ប៉ុន្តែលោកក៏បានបង្ហាញនូវជំនឿចិត្តខ្ពស់ ផងដែរ ក្នុងការ ប្រជែងយកមេដាយក្នុងកម្រិតណាមួយ ដោយលោកមិនហ៊ានសន្យាថា ដឹងតែឈ្នះមេដាយ មាសនោះទេ។ ទោះយ៉ាងនេះក្តីលោកថា ក្រុមជម្រើសជាតិប៉េតង់ទាំងអស់ នឹងខិតខំឱ្យអស់ពី សមត្ថភាព ដើម្បីប្រជែងយកលទ្ធផលដ៏គាប់ប្រសើរមួយយកមកជូនជាតិ របស់ខ្លួន។

សូមបញ្ជាក់ថា អត្តពលិកប៉េតង់៤នាក់ដែលចូលរួមក្នុងកម្រិតពិភពលោកនេះ រួមមាន កីឡាករ២នាក់ ក្នុងនោះកីឡាករថ្មីម្នាក់ និងម្ចាស់មេដាយមាស១ជំនាន់ ឆ្នាំ២០១៦ កីឡាករ សុខ ចាន់មាន និងកីឡាការិនីម្ចាស់ មេដាយមាសពិភពលោក៣សម័យកាល កែ ឡេង និងវីរកីឡាការិនី អ៊ុក ស្រីមុំ៕

ដោយ ហេង ណាលីន