កម្ពុជានឹងធ្វើជាអនុប្រធាននៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ ADB ដែលនឹងប្រព្រឹត្តទៅនៅប្រទេសហ្វីជី

AKPភ្នំពេញថ្ងៃទី៣០ខែមេសាឆ្នាំ២០១៩ — ប្រទេសកម្ពុជានឹងធ្វើជាអនុប្រធាននៃកិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាលលើកទី៥២ របស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងណាឌី ប្រទេសហ្វីជី (Fiji)។ នេះគឺជាមោទនភាពថ្មីមួយទៀត សម្រាប់ ប្រជាជាតិកម្ពុជាទាំងមូល ហើយក៏ជាសក្ខីភាពសបញ្ជាក់ឱ្យឃើញថា កម្ពុជាពិតជាបាន និង កំពុងចូលរួមដោយស្មើភាព និងស្មើសិទ្ធិ នៅក្នុងការគ្រប់គ្រងកិច្ចការតំបន់ និងពិភពលោក និយាយជារួមនិងនិយាយដោយឡែក គឺជាការផ្តល់កិត្តិយស និងការទទួលស្គាល់នូវតួនាទី​ដ៏សំខាន់ និងសមត្ថភាពរបស់កម្ពុជា ក្នុងឋានៈជាប្រទេសសមាជិកនៅក្នុងស្ថាប័ន ហិរញ្ញវត្ថុ អន្តរជាតិមួយនេះ។

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង​ជាទេសាភិបាលជំនួសរបស់កម្ពុជាប្រចាំធនាគារអភិវឌ្ឍន៍អាស៊ីនឹងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំខាងលើនេះ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម វង្សី វិស្សុត ក៏នឹងចូលរួម​កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានបូក ៣ លើកទី ២២ (22nd AFMGM+3) ផងដែរ។ កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល​អាស៊ានបូក ៣ លើកទី ២២ នេះ នឹងធ្វើការពិភាក្សា និងផ្លាស់ប្ដូរទស្សនៈយោបល់លើ​របៀប​វារៈ​ចំនួន២ រួមមាន៖ ទី១- ស្ថានការណ៍ និងការវិវត្តន៍សេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកសំដៅ ធានាកំណើនសេដ្ឋកិច្ចតំបន់ប្រកបដោយ បរិយាប័ន្ន និងចីរភាព, និង ទី២- ការបន្តពង្រឹងកិច្ច សហ​ប្រតិបត្តិការហិរញ្ញវត្ថុក្នុងចំណោមប្រទេសអាស៊ានបូក៣។ ក្នុងនោះ អង្គប្រជុំនឹងធ្វើការ ពិនិត្យ និងផ្តល់ការណែនាំលើការពង្រឹងសមត្ថភាពអង្កេតតាមដានសេដ្ឋកិច្ចតំបន់ របស់អង្គ ភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (AMRO) ក៏ដូចជាពិភាក្សាលើវឌ្ឍនភាពនៃកិច្ច ការពាក់ព័ន្ធការធ្វើឱ្យប្រសើរឡើងនូវដំណើរការ និងការត្រៀមរួចរាល់នៃយន្តការពហុនីយកម្ម គំនិតផ្តួចផ្តើមឈៀងម៉ៃ (CMIM) ដែលយន្តការសុវត្ថិភាពហិរញ្ញវត្ថុតំបន់មួយ របស់ប្រទេសជា សមាជិកអាស៊ានបូក៣ សម្រាប់ជួយប្រទេសជាសមាជិកនៅពេលជួបវិបត្តិហិរញ្ញវត្ថុ។ បន្ថែម ពីនេះ អង្គប្រជុំក៏នឹងពិនិត្យលើវឌ្ឍនភាពនៃសហប្រតិបត្តិការនៅក្នុងយន្តការគំនិតផ្តួចផ្តើម ទីផ្សារសញ្ញាប័ណ្ណអាស៊ានបូក៣ (ABMI)ផងដែរ។ ដោយឡែក ចំពោះកិច្ចប្រជុំប្រចាំឆ្នាំរបស់ ADB លើកទី៥២ នៅក្នុងឆ្នាំ២០១៩នេះ ឯកឧត្តម វង្សី វិស្សុត ក្នុងនាមជាអនុប្រធានក្រុមប្រឹក្សា ទេសាភិបាល ADB នឹងចូលរួមដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យលើលទ្ធផលការងាររបស់ ADB នៅក្នុងឆ្នាំ២០១៨ ក៏ដូចជាកិច្ចការមួយចំនួនទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃប្រតិបត្តិការ របស់ ADB ដើម្បីផ្តល់ការឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាសមាជិក។ ក្រៅពី នេះ ឯកឧត្តម វង្សី វិស្សុត ក៏នឹងធ្វើការពិភាក្សាការងារដាច់ដោយឡែកជាមួយឯកឧត្តម Takehiko Nakao ប្រធាន ADB, លោកជំទាវ Victoria Kwakwa អនុប្រធានធនាគារពិភព លោក (WB) និងមន្រ្តីជាន់ខ្ពស់របស់ធនាគារវិនិយោគអឺរ៉ុប (European Investment Bank- EIB) ផងដែរ៕

ដោយ គង់ សិរីរ័ត្ន