រាជបណ្ឌិត្យសភាកម្ពុជាបើកកិច្ចពិភាក្សាតុមូលស្តីពីការឆ្លងឆ្លើយរវាងស្ថានទូតអាម៉េរិក និងចិនប្រចាំកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ — រាជបណ្ឌិត្យសភាកម្ពុជា បានបើកកិច្ចពិភាក្សាតុមូលស្តីពីការឆ្លងឆ្លើយរវាងស្ថានទូតសហរដ្ឋ អាមេរិក និងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ កិច្ចពិភាក្សាតុមូលនេះ មានការចូលរួមពីអ្នកស្រាវ ជ្រាវប្រវត្តិសាស្រ្ត និងអ្នកច្បាប់មកពីរាជបណ្ឌិត្យសភាកម្ពុជា និងទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានការចូលរួមពីសំណាក់សិស្សនិស្សិតជាច្រើនរូប​ កាលពី ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នៅរាជបណ្ឌិត្យសភាកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើក​ឡើង ថា វេទិកាតុមូលនៅថ្ងៃនេះគឺធ្វើឡើងដើម្បីឱ្យពលរដ្ឋដែលមាននិន្នាការចិននិយម និងអាម៉េរិក​និយមចៀសវាងការប្រកួតប្រជែងគ្នា ខណៈដែលប្រទេសមហាអំណាចអនុវត្តន៍នយោបាយ របស់​ពួកគេ។ ត្រង់ចំណុចនេះ ឯកឧត្តមបណ្ឌិតសភាចារ្យក៏សុំទោសផងដែរ​ដល់ស្ថាន​ទូត​អាម៉េរិក និងស្ថានទូតចិនប្រចាំកម្ពុជា ក្នុងការរៀបចំនូវកិច្ចពិភាក្សាតុមូលស្តីពីប្រធានខាង​លើនេះ ដោយក្នុងនោះគឺរាជបណ្ឌិត្យសភាកម្ពុជាមិនចង់ឱ្យមានការប៉ះពាល់​ដល់នយោបាយ​ការបរទេសរបស់ទាំងពីរនោះទេ។ ប៉ុន្តែកម្ពុជាត្រូវដឹងថា សង្រ្គាមដែលផ្ទុះឡើងនៅកម្ពុជា គឺវាកើតចេញពីការញុះញង់របស់ប្រទេសមហាអំណាច។

លោកបណ្ឌិត ដៀប សុផល សាស្រ្តាចារ្យស្រាវជ្រាវប្រវត្តិសាស្រ្ត និងទំនាក់ទំនង​អន្តរ ជាតិ បានឱ្យដឹងថា មហាអំណាចអាម៉េរិក និងចិន បានដើរតួនាទីយ៉ាងសំខាន់ និងច្រើន​នៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាតាំងពីយូរលង់ណាស់មកហើយដោយសារកម្ពុជាមិនទាន់មានឯករាជ្យភាពរឹងមាំបើទោះបីជាកម្ពុជាបានទទួលឯករាជ្យពីបារាំងពីឆ្នាំ១៩៥៣មក។ លោកបណ្ឌិតបន្ដថា ក្នុងនោះការបង្កើតឱ្យមានក្រុមមួយសេរី ក្រុមមួយកុម្មុយនីស្ដ នឹងប្រើ ប្រាស់​នយោបាយលាបពណ៌គ្នា ហើយទីបំផុតក៏មានសង្រ្គាមផ្ទុះកើតឡើង។ ត្រង់រឿងរ៉ាវ​ដែល​កើតឡើងខាងលើនេះ គឺជាមេរៀនដែលកម្ពុជាត្រូវពិចារណា ហើយកុំឱ្យកើតមានឡើង​សារជាថ្មី។

សូមជម្រាបថា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះ បានប្រើប្រាស់​នូវគេហទំព័រផ្លូវការស្ថានទូតប្រចាំកម្ពុជានិយាយអំពីទំនាក់ទំនងការទូត រវាង កម្ពុជា-ចិន ដែលអាម៉េរិកយល់ថា ចិនបានចំណេញពីកម្ពុជាច្រើនជាងកម្ពុជាចំណេញពីចិន​ក្នុងទំនាក់​ទំនងការទូតរវាងប្រទេសទាំងពីរ។ ក្រៅពីចំណេញពីកម្ពុជា ចិនក៏បានប្រើប្រាស់ន យោបាយ​កេង​ចំណេញពីប្រទេសដទៃទៀតផងដែរ។ បញ្ហាខាងលើនេះ​បានបង្កឱ្យមានការខឹង​សម្បា​ពីសំណាក់ភាគីចិននឹងបានធ្វើការឆ្លងឆ្លើយគ្នាជាពាក្យសម្តីលើគេហទំព័រផ្លូវការរបស់ ស្ថានទូតខ្លួនប្រចាំកម្ពុជាដោយចាត់ទុកការលើកឡើងរបស់អាម៉េរិកគឺជារឿងដែលមិនត្រឹមត្រូវ និង មិនអាចទទួលយកបាន៕

ដោយ ចាន់ សុធីវង្ស