រដ្ឋបាលរាជធានីភ្នំពេញ និងក្រុងប៉ារីស ពិភាក្សាពីគម្រោងផែនការអភិវឌ្ឍន៏តំបន់ប៉ែកខាងត្បូងរាជធានី

វិទ្យុជាតិកម្ពុជា៖ដោយលោកចនណារិទ្ធ៖ រដ្ឋបាលរាជធានីភ្នំពេញនិងទីក្រុងប៉ារីសប្រទេសបារាំងបានសហការណ៍គ្នាបើកសិក្ខាសាលាពិភាក្សាពីគម្រោងផែនការនៃការអភិវឌ្ឍតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញនិងគម្រោងសិក្សាកែលម្អតីរវិថីព្រះស៊ីសុវត្ថិដើម្បីធ្វើឱ្យបានល្អប្រសើរឡើងទៅតាមកំណើនប្រជាពលរដ្ឋនិងជាការបង្កលក្ខណៈឱ្យប្រជាពលរដ្ឋរស់នៅតាមបែបស៊ីវិល័យនៃទីក្រុងវៃឆ្លាត។សិក្ខាសាលានេះបានធ្វើឡើងនៅថ្ងៃទី៣០ខែមេសាឆ្នាំ២០១៩នៅសាលារាជធានីភ្នំពេញដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមឃួងស្រេងអភិបាលរាជធានីភ្នំពេញនិងលោកស្រីអេឡូឌីគូយការតំណាងអោយសាលាក្រុងប៉ារីស។

មន្ដ្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថាសិក្ខាសាលានេះធ្វើឡើងក្រោមកិច្ចសហការណ៍ទ្វេរភាគីលើវិស័យនគររូបនីយកម្មក្នុងន័យជំរុញការគិតគូរអំពីបញ្ហាលំហរសាធារណៈអនាម័យបរិស្ថាននិងសោភណ្ឌភាពទីក្រុងដើម្បីឆ្លើយតបទៅនឹងគោលការណ៍នគររូបនីយបញ្ញាតិនិងភាពរីកចំរើនយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ។

ឯកឧត្ដមឃួងស្រេងមានប្រសាសន៍ថា  ការសិក្សាបច្ចេកទេសនេះគឺធ្វើឡើងបន្តពីការសិក្សាដែលរដ្ឋបាលរាជធានីភ្នំពេញបានធ្វើឡើងអស់រយះពេលជាង២ឆ្នាំមកហើយ។ក្នុងគោលបំណងចូលរួមផ្ដល់មតិយោបល់បទពិសោធន៍បំពេញបន្ថែមផ្នែកបច្ចេកទេសនិងគោលការណ៍ច្បាប់ដែលត្រូវលើកយកមកពិភាក្សា។

ឯកឧត្ដមបន្តថាការពិភាក្សាបានធ្វើឡើងលើ២ចំណុចគឺពិភាក្សាទៅលើការកែលម្អរតីរវិថីព្រះស៊ីសុវត្ថិក្នុងផ្នែកនេះអាជ្ញាធរនឹងពិនិត្យពិភាក្សាលើទិដ្ឋភាពលំហូរចរាចរណ៍ការសិក្សារៀបចំឱ្យមានការតភ្ជាប់លំហរបៃតងនៅតាមដងទន្លេសាប។ពិភាក្សាលើការធ្វើសមាហរណ៍កម្មគម្រោងអភិវឌ្ឍន៍នៅតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញក្នុងនោះអាជ្ញាធរក៏នឹងពិនិត្យពិភាក្សាទៅលើទិដ្ឋភាពនៃការសិក្សារៀបចំឱ្យមានចរន្តតភ្ជាប់រវាងបណ្តាញផ្លូវនិងហេដ្ឋារចនាសម្ព័ន្ធនៃគម្រោងអភិវឌ្ឍន៍នានាដែលនឹងកើតមាននាពេលអនាគតដោយភ្ជាប់គ្នាទៅនឹងហេដ្ឋារចនាសម្ព័ន្ធមានស្រាប់និងសិក្សារៀបចំឱ្យមានការតភ្ជាប់រវាងលំហរបៃតងនិងបណ្តាញការពារទឹកជំនន់រវាងតំបន់ភាគខាងត្បូងនិងតំបន់ជុំវិញ។ 

 

           សិក្ខាសាលានេះជាត្រីវិស័យសម្រាប់តម្រង់ទិសនិងបំពេញបន្ថែមចំណុចខ្វះខាតដើម្បីឱ្យការសិក្សាប្លង់អភិវឌ្ឍន៍តំបន់ភាគខាងត្បូងរាជធានីភ្នំពេញនិងគម្រោងសិក្សាកែលម្អតីរវិថីព្រះស៊ីសុវត្ថនេះអោយបានគ្រប់ជ្រុងជ្រោយ