មេដឹកនាំកម្ពុជា និងមីយ៉ាន់ម៉ា ឯកភាពគ្នាក្នុងការបន្តជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ឱ្យកាន់តែប្រសើរឡើង

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​លោកជំទាវ អោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋ នៃសា​ធារណរ​ដ្ឋ​ស​ហ​ភា​ព​មី​​យ៉ាន់ម៉ា បានឯកភាពគ្នា ក្នុងការជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ និងវិស័យ​ផ្សេ​ងៗទៀតឱ្យកាន់តែប្រសើរឡើង។ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានថ្លែងដូច្នេះប្រាប់​អ្នកយកព័​ត៌​មា​ន​ បន្ទាប់ពីជំនួបទ្វេភាគីរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា និងលោកជំទាវ អោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋ នៃ​សា​ធារណរ​ដ្ឋ​ស​ហ​ភាពមីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៩ នៅវិមានសន្តិភាព ក្នុង​ខណៈដែលលោកជំទាវបានដឹកនាំ​គណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅ​ព្រះ​រាជាណាចក្រកម្ពុជា។

លោកជំទាវ អោង សានស៊ូជី  បានមានប្រសាសន៍ថា នេះគឺជា​លើ​ក​​ទីមួយហើយ ដែលលោកជំទាវបានមកកាន់​ព្រះ​រា​ជា​ណាចក្រកម្ពុជា ដើម្បីមកជួបចរចា​ជា​មួ​យ​​សម្ដេចតេ ជោ ជាពិសេសគឺដើម្បីពង្រឹង និងពង្រីកទំ​នា​ក់​ទំនងប្រទេសទាំងពីរ ឱ្យកាន់​តែ​រីក​ច​ម្រើន និង​សកម្មកាន់តែខ្លាំងឡើងថែមទៀត។ លោក​ជំ​ទាវក៏បានលើកឡើងអំពីកិច្ច​សហប្រ​តិ​ប​ត្តិការ លើវិស័យវប្បធម៌ សាសនា និងវិស័យអប់រំក៏​ដូច​ជា​វិស័យសេដ្ឋកិច្ចផងដែរ។ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្វាគមន៍ចំពោះការលើក ឡើងនូវគ​ម្រោ​ង​កិច្ចសហប្រតិបត្តិការសំខាន់ៗ រវាងប្រទេសទាំងពីរ (កម្ពុជា-មីយ៉ានម៉ា) ដែល​លោក​ជំ​ទា​វ​ អោង សានស៊ូជី បានលើកឡើង។ សម្ដេចតេជោបានគូសបញ្ជាក់ថា ទាក់ទងនឹង បញ្ហា​​វប្ប​ធ​ម៌​ នៅឆ្នាំ២០២០ខាងមុខនេះគឺជាខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាង​ប្រទេស ទាំងពីរ (កម្ពុ​ជា​-មីយ៉ាន់ម៉ា) ដូច្នេះគប្បីណារៀបចំរួមគ្នាធ្វើសកម្មភាព ឱ្យមានភាពអធិកអធម និង​ជំ​រុ​ញ​វិស័​យ​ទេសចរណ៍ប្រទេសទាំងពីរ ជាពិសេសខេត្តសៀមរាប និងខេត្តបាហ្គាន ដែល​ជាខេត្តពោរ​ពេ​ញ​​ទៅដោយប្រាង្គប្រាសាទបេតិកភណ្ឌ។ ពាក់ព័ន្ធទៅនឹងវិស័យសាសនា សម្ដេចតេជោ​បា​ន​មា​នប្រសាសន៍ថ្លែងអំណរគុណដល់សហភាពមីយ៉ាន់ម៉ា ដែលបាន អនុញ្ញាតឱ្យកម្ពុជា​សាង​ស​ង់​​នូវព្រះវិហារនៅទីនោះ និងបានថ្លែងអំណរគុណដល់សហភាព មីយ៉ាន់ម៉ាផងដែរ ដែល​បាន​ជួ​យបណ្ដុះបណ្ដាសាមណសង្ឃកម្ពុជា ឱ្យបានទទួលការបណ្ដុះ​បណ្ដាលអប់រំនៅទីនោះ  ដែ​ល​​រហូតមកទល់សព្វថ្ងៃនេះមានសាមណសង្ឃចំនួន ៩៤អង្គ​ហើយ​ដែលបានបញ្ចប់ការសិក្សា​នៅ​ប្រទេសមីយ៉ាន់ម៉ា និងមានចំនួន៤អង្គទៀតកំពុងបន្តការ​សិក្សា។ ពាក់ព័ន្ធនឹងវិស័យអប់រំ ស​ម្ដេចតេជោបានលើកឡើងថា ធ្វើយ៉ាងណាឱ្យមានការ​ជំរុញអនុវត្តន៍នូវលើកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាជាមួយគ្នារួចមកហើយៗ ក៏បាន​ស្នើឱ្យមានការផ្លាស់ប្ដូរ និស្សិតកម្ពុជា និងនិស្សិតមីយ៉ាន់ម៉ាទៅវិញទៅមក និងស្នើឱ្យមាន​ការរៀបចំបញ្ជូនសិស្សមកបន្តការសិក្សា​នៅ​​កម្ពុជា ដោយមានការគាំទ្រពីរដ្ឋាភិបាលប្រទេស​ទាំងពីរ។ ជាងនេះទៀត សម្ដេចតេ​ជោ​នា​យ​​ករដ្ឋមន្ត្រី ក៏បានផ្ដល់អាហារូបករណ៍ចំនួន ១០​កន្លែងដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បី​ផ្ដ​ល់​ឱ​កាសឱ្យនិស្សិតប្រទេសមីយ៉ាន់ម៉ា បានមកបន្តការ​សិក្សានៅកម្ពុជាសម្រាប់ឆ្នាំ២០១៩-២០​២០​ខា​ងមុខនេះ។

ដោឡែកពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច សម្ដេចតេជោបានស្នើសុំឱ្យមានការពិនិត្យ​មើ​​ល ការយកពន្ធត្រួតគ្នា បញ្ហាកិច្ចព្រមព្រៀងគាំពារអ្នកវិនិយោគ និងវិស័យដទៃទៀតដែ​ល​ប្រ​ទេស កម្ពុជា និងមីយ៉ាន់ម៉ា មានសក្ដានុពលជំរុញឱ្យមានការរីកចម្រើនឱ្យកាន់តែធំធាត់ឡើង ជា​​ពិសេសការបង្កើនទំហំពាណិជ្ជកម្មពី១០លានដុល្លារអាម៉េរិក ឱ្យបានកាន់តែធំឡើង​ជាង​នេះ​ទៀត​។ ចំពោះរាល់កិច្ចការដែលបានលើកឡើងខាងលើនេះ លោកជំទាវ អោង សានស៊ូជី និ​ង​ស​ម្ដេ​ចតេជោ ហ៊ុន សែន បានឯកភាពគ្នាក្នុងការជំរុញវិស័យសំខាន់ៗនេះ ហើយក៏បាន​ផ្ដល់​ការ​ទុក​ចិត្តដល់រដ្ឋមន្ត្រីនៃប្រទេសទាំងពីរជំរុញការងារនេះបន្តទៀត៕

ដោយ ជឹម ណារី