អាជ្ញាធរស្រុកសេសានបង្កើតតំបន់រមណីយដ្ឋានទេសចរណ៍ប្រាសាទ គូ

វិទ្យុជាតិកម្ពុជា៖ដោយ លោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

អាជ្ញាធរស្រុកសេសានខេត្តស្ទឹងត្រែងរៀបចំអភិវឌ្ឍន៍តំបន់ប្រាសាទគូ ស្ថិតនៅក្នុងឃុំកំភុន ឱ្យទៅ រមណីយ៍ដ្ឋានទេសចរណ៍បែបវប្បធ៌ម ។


តំបន់ប្រាសាទនេះជាកន្លែងប្រវត្តិសាស្ត្រ មានសក្តានុពល លើវិស័យទេសចរណ៍ អាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាដូចតំបន់ទេសចរណ៍ផ្សេងៗទៀត។លោក សុវណ្ណពិសេដ្ឋអភិបាលស្រុកសេសានបានបញ្ជាក់ថា៖អាជ្ញាធរស្រុកបានកំណត់ផ្ទៃដី ចំនួន៦ហិកតាទុកសម្រាប់អភិរក្សតំបន់ប្រសាទនេះ ព្រោះវា សំបូរទៅដោយឈើធំៗ ក្នុងពេលដែលព្រះសង្ឃបានសាងសង់សាលាបុណ្យនិង ស្ថាបនាផ្លូវចូលរួចរាល់ហើយនោះ។ លោកចាត់ទុកថា៖ការរួមចំណែកពីព្រោះសង្ឃ ជាវិថីមួយដ៍ល្អបានជួយលើកស្ទួយវិស័យសាសនាផង ហើយការងារអភិរក្សមរតកវប្បធ៌ម ដូនតាក៍បានស្ថិតនៅគង់វង្សផង។
(សម្លេង)៖ប្រជាពលរដ្ឋនៅទីនេះតែងតែចូលរួមថែរក្សាហើយឥឡូវ អ្នកណាមកកាប់អីយើងដឹងព័ត៌មានលឿនណាស់ អញ្ចឹងបានន័យថាគាត់បានចូលរួមច្រើនព្រោះគាត់បានយល់ពីទីតាំងដែលមានសារប្រយោជន៍នៅតំបន់នេះយើងអាចពិចារណានិងធ្វើសង្ក្រានពេលឆ្នាំក្រោយៗយើងលើកមកធ្វើនៅទីនេះវិញព្រោះវាមានម្លប់ត្រជាក់ស្រួល។
ព្រះតេជគុណជុំ ខេង ចៅអធិការវត្តជ័យមង្គលឃុំកំភុនមានសង្ឃដីកាគាំទ្រចំពោះការផ្លាស់ប្តូរកន្លែងកំសាន្ត មកទីនេះព្រោះវាជាយន្តការថ្មីមួយទៀតបានបង្កើនការអភិរក្ស ធនធានធម្មជាតិនិង ទប់ស្កាត់កុំឱ្យមានការកាប់បំផ្លាញព្រៃឈើ នៅតំពន់ប្រាសាទយើងនេះ។ព្រះតេជគុណមានសង្ឃដីកាបន្តថាៈការងារអភិរក្សជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋទាំងអស់គ្នាជាពិសេសប្អូនៗយុវជនដែលត្រូវមកបន្តវេនគ្រប់គ្រងថែរក្សា។
កញ្ញា នី សំភាន មកពីភូមិកំភុន ឃុំ កំភុន ស្រុកសេសានបានទទួលស្គាល់ថាប្រសាទនេះជា សម្បត្តិវប្បធម៌ នៅសេសសល់ពីដូនតាមកមែន ហើយក្នុងនាមជាយុវតីជំនាន់ក្រោយខិតខំរួមគ្នាអភិរក្សទៅតាមការណែនាំនិងចូលរួមគ្រប់សកម្មភាពជាមួយអាជ្ញាធរដែលកំពុងរៀបចំនេះ។កញ្ញា សង្ឃឹមថា ពេលបង្កើតជាតំបន់អេកូទេសចរណ៍ ភ្ញៀវទេសចរជាតិនិងអន្តរជាតិនិងមកទស្សនាកំសាន្តទីនេះច្រើន ដោយសារប្រាសាទគូនេះនៅតាមបណ្តោយផ្លូវទៅកាន់រមណីយ៍ដ្ឋាន ធម្មជាតិ ជួចាប និង បុប្ផាភ្លុក ផង ហើយខេត្តក៍បានធ្វើផ្លូវ ស្ពានស្រួលធ្វើដំណើរហើយដែរ។
សូមបញ្ជាក់ថា៖ខេត្តស្ទឹងត្រែងមានទីកន្លែងមរតកវប្បធ៌មចំនួន៦កន្លែងដូចជា ប្រាសាទព្រះគោ- ប្រាសាទបាដើម -ប្រសាទបាចុង- ប្រសាទភ្នំធាតុ – ប្រាសាទ៩ល្វេង- នឹងប្រសាទគូ-នេះជាដើម។ តែអាជ្ញាធរពាក់ពន្ធ័នៅខេត្តនេះ មិនទាន់ចាប់អារម្មណ៍រៀបចំឲ្យក្លាយទៅជារមណីយដ្ឋានសំរាប់បំរើវិសយ័ទេសចរនៅឡើយទេ៕