ឯកឧត្តម ម៉ៅ ធនិន ផ្តល់ស្បៀងជូនពលរដ្ឋដែលមានជីវភាពខ្វះខាត

AKP ពោធិ៍សាត់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ -ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាមហាមេគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត នាព្រឹកថ្ងៃចន្ទ ១០រោច​ ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ បានបន្តប្រើប្រាស់តួនាទីតាមឋានានុក្រមក្រុមគ្រួសារ ផ្តល់ស្បៀងជូនជនចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតពិតប្រាកដ សម្រាប់សម្រួលដល់ការរស់នៅប្រចាំថ្ងៃ បានជាង៣០០គ្រួសារ ដែលពួកគាត់ទាំងអស់នោះ សុទ្ធសឹងមកពីបណ្តាស្រុក ក្រុងមួយចំនួន ក្នុងខេត្តពោធិ៍សាត់។

ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា ក្នុងនាមអាជ្ញាធរដែនដី និងក្នុងនាមជាបងប្អូន កូន ក្មួយប្រជាពលរដ្ឋទូទាំងខេត្ត បើប្រជាពលរដ្ឋមានទុក្ខលំបាក ឯកឧត្តមមិនដែលធ្វើព្រងើយនោះទេ ជាក់ស្តែងប្រជាពលរដ្ឋ ជាង ៣០០គ្រួសារខាងលើនេះ គឺពួកគាត់សុទ្ធសឹងមានជីវភាពខ្វះខាត មានមុខរបរមិនពិតប្រាកដ និងជនចាស់ជរាក្រីក្រ មកពីបណ្តាស្រុកក្រុងមួយចំនួនក្នុងខេត្ត ដោយក្នុងមួយគ្រួសារទទួលបានអង្ករ១០គីឡូក្រាមស្មើៗគ្នា។

ឯកឧត្តមបានសង្កត់ធ្ងន់ថា អង្ករទាំងអស់នេះ បានមកតាមរយៈការចែករំលែក មួយផ្នែកពីឯកឧត្តម និងមួយផ្នែកពីសប្បុរសជនដែលមានធនធាន សម្រាប់ចែកជូនបងប្អូនដែលមានជីវភាពខ្វះខាត់ពិតប្រាកដ។ ដូច្នេះជាក់ស្តែងបើមានគឺត្រូវចែកជូន តែបើអត់យើងត្រូវគិតបន្តទៀត។ ឯកឧត្តមបានគូសបញ្ជាក់ថា ការដោះស្រាយជាបឋមនេះ មិនអាចឱ្យបងប្អូនយកទៅទទួលទានបានច្រើនថ្ងៃនោះទេ គឺគ្រាន់តែដោះស្រាយបានមួយគ្រាប៉ុណ្ណោះ កត្តាដែលសំខាន់នោះ សូមឱ្យបងប្អូនរកទទួលទានដោយខ្លួនឯង ទើបធ្វើឱ្យជីវភាពគាប់ប្រសើរ។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា យើងបានជួបជុំគ្នា មើលឃើញពីសមិទ្ធផលធំៗទូទាំងខេត្ត ក៏ដូចជាទូទាំងប្រទេសនាពេលនេះ គឺដោយសារសង្គមជាតិយើងមានសុខសន្តិភាព ស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងនាមរដ្ឋបាលខេត្ត ខ្ញុំសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវប្រើប្រាស់សម្តីមាស សម្តីពេជ្រ ប្រកបដោយឥរិយាបទថ្លៃថ្នូរ ពីដូនតាបន្សល់មក បើខ្វះខាតពិតប្រាកដត្រូវសុំគេ និងត្រូវចេះរួមរស់នៅជាមួយគ្នា ស្រឡាញ់គ្នា ជួយគ្នាទៅវិញទៅមក កុំទៅចោលគ្នា ត្រូវចាត់ទុកយើងទាំងអស់គ្នាជាគ្រួសារតែមួយ។

ក្នុងថ្ងៃដដែលនោះ ឯកឧត្តមអភិបាលខេត្ត បានបន្តចូលរួមដោះស្រាយបញ្ហាប្រឈម និងទុក្ខកង្វល់ ទៅតាមសំណូមពរប្រជាពលរដ្ឋ បានជាច្រើនករណីផ្សេងគ្នា នៅអគារបូរាណសាលាខេត្តផងដែរ៕

ដោយ ណៅ ធឿន