ស្នងការនគរបាលខេត្តតាកែវជំរុញដល់កងកម្លាំងនគរបាលទាំងអស់ត្រៀមលក្ខណៈការពារព្រះរាជពិធីច្រត់ព្រះនង្គ័លនិងការពារ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឱ្យបានល្អ

AKP តាកែវ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ -កាលពីព្រឹកថ្ងៃចន្ទ ១០រោច​ ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅស្នងការនគរបាលខេត្តតាកែវ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណ៍ណែនាំរបស់អគ្គស្នងការនគរបាលជាតិ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សុខ សំណាង​ ស្នងការនគរបាលខេត្ត  និងមានការចូលរួមពីលោក លោកស្រី ស្នងការរងនគរបាលខេត្តតាកែវ លោក លោកស្រី អធិការ អធិការរងក្រុង​ ស្រុក មេប៉ុស្តិ៍ ឃុំ សង្កាត់ទាំង ១០០ ព្រមទាំងមន្ត្រីនគរបាលក្នុងខេត្តតាកែវ។

លោកឧត្តមសេនីយ៍ទោ សុខ សំណាង មានប្រសាសន៍ ក្រើនរម្លឹកដល់កងកម្លាំងនគរ  បាលទាំងអស់ត្រូវត្រៀមលក្ខណៈជាមុនឱ្យបានល្អនៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល និង ការពារ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាពេលខាងមុខ គឺមិនឱ្យកើតមានបញ្ហាណាមួយជាដាច់ខាត។ នៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនេះកងកម្លាំងទាំងអស់ត្រូវតែយកចិត្តទុកដាក់ការពារសុខ សុវត្ថិភាពដោយស្មារតីទទួលខុសត្រូវខ្ពស់ និងម៉ឺងម៉ាត់ជាទីបំផុត។ ព្រោះព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមរាថ នរោត្តម សីហមុនី​  ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀតរបស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងតំណាងស្ថានទូតជាច្រើនទៀត ក៏នឹងស្តេចយាងនិងអញ្ជើញចូលរួមនៅក្នុងពិធីដ៏មហោឡារិកនេះ។ ​ដូច្នេះទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ ត្រូវតែការពារឱ្យពិធីបុណ្យច្រត់ព្រះនង្គ័លដែលប្រារព្ធឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះនៅខេត្តតាកែវប្រព្រឹត្តទៅដោយរលូន ។

លោកឧត្តមសេនីយ៍ទោ សុខ សំណាង មានប្រសាសន៍បន្តថា កិច្ចការងារនេះវាពិតជាសំខាន់ខ្លាំងណាស់ ហើយក៏ជាមហាកិត្តិយសផងដែរសម្រាប់កងកម្លាំងនគរបាលខេត្តតាកែវរបស់យើង​ ដែលបានការពារសុខសុវត្ថិភាពជូនព្រះមហាក្សត្រ និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀត ក៏ដូចជាតំណាងស្ថានទូត និងឯកអគ្គរដ្ឋទូតប្រទេសជាមិត្តនានាផងដែរ ដែលបានស្តេចយាងនិងអញ្ជើញចូលរួមនៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅខេត្តតាកែវឆ្នាំនេះ​។ ដូច្នេះវាទាមទារឱ្យយើងទាំងអស់គ្នាដែលជាកងកម្លាំងនគរបាលជាតិចូលរួមសហការគ្នា និងសាមគ្គីគ្នាក្នុងការយាមកាម ការពារឱ្យបានល្អបំផុតទៅតាមគោលដៅរៀងៗខ្លួន។

លោកឧត្តមសេនីយ៍ទោ មានប្រសាសន៍បន្ថែមថា ក្រៅតែពីការការពារនៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល កងកម្លាំងនគរបាលរបស់យើង បន្ទាប់ពីភារកិច្ចការពារសុវត្ថិភាពហើយយើងនៅតែមានភារកិច្ចសំខាន់មួយទៀត គឺការពារការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ដោយយើងត្រូវតែការពារឱ្យការបោះឆ្នោតនេះដំណើរការទៅដោយរលូន តាមបែបប្រជាធិបតេយ្យ។ បន្ទាប់ពីនេះយើងនៅតែមានភារកិច្ចដដែល គឺការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ និងអនុវត្តន៍ឱ្យមានប្រសិទ្ធភាពនូវគោលនយោបាយភូមិ ឃុំ​មានសុវត្ថិភាព៕

ដោយ អ៊ុច សៀង