សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបប្រគល់អណ្តូងទឹកប្រើដោយម៉ូទ័រដល់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកអង្គរធំ និងស្រុកបន្ទាយស្រី

AKP សៀមរាប ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ -អណ្តូងទឹកដែលប្រើប្រាស់ដោយម៉ូទ័រចំនួន២កន្លែង ត្រូវបានសាខាកាកបាទក្រហមខេត្តសៀមរាបផ្តល់ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកអង្គរធំ និងស្រុកបន្ទាយស្រី  ត្រូវបានធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃចន្ទ ១០រោច​ខែចេត្រ ឆ្នាំកុរ​ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានមានប្រសាសន៍ថា ការប្រគល់អណ្តូងទឹកជូនដល់អនុសាខាកាក បាទក្រហមទាំងពីរស្រុកនេះ គឺដើមី្បផ្គត់ផ្គង់ទឹកដល់បងប្អូនប្រជាពលរដ្ឋ ដែលខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ សំខាន់ក្នុងពេលរដូវប្រាំងនេះ។  ក្នុងនោះដែរលោកជំទាវ ក៏បានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ អំពីសុខភាព និង អនាម័យ ។

លោកជំទាវក៏បានលើកឡើងថា បញ្ហាសុខភាព គឺជាកត្តាចម្បងសម្រាប់មនុស្សយើងគ្រប់រូប ដូច្នេះបញ្ហាទឹកស្អាត ក៏ជាកត្តាដ៏ចាំបាច់សម្រាប់មនុស្សជាតិយើងគ្រប់រូប ក្នុងការរស់នៅប្រចាំថ្ងៃ ដើមី្បបរិភោគប្រើប្រាស់ជាអចិន្ត្រៃយ៍ ទឹកគឺជាថាមពលចិញ្ចឹមសរីរាង្គកាយមនុស្ស សត្វ និង រុក្ខជាតិ ។ ម៉្យាងទៀតអណ្តូងទឹកដែលប្រគល់ជូនដល់អនុសាខាទាំងពីរស្រុក នាឱកាសនេះ  ក៏ជាសមទ្ធិផលថ្មីសម្រាប់បងប្អូនប្រជាពលរដ្ឋទាំងពីរស្រុក បានប្រើប្រាស់គ្រប់ៗគ្នា ដែលមិនបានចោទជាបញ្ហា ក្នុងការកង្វះខាតទឹកប្រើប្រាស់ទៀតឡើយ ទាំងរដូវប្រាំង និង រដូវវស្សា។

លោកជំទាវ ក៏បានបញ្ជាក់ទៀតថា អណ្តូងទឹកដែលផ្តល់ជូនដល់អនុសាខាទាំងពីរនាឱកាសនេះ គឺបានប្រើប្រាស់ដោយម៉ូទ័រ ក្នុងការងាយស្រួលដល់បងប្អូន មិនចាំបាច់ប្រើដោយកម្លាំងឡើយ គ្រាន់តែចុចបញ្ជាទឹកនឹងបូមឡើងយ៉ាងងាយៗបំផុត ។  កត្តាដែលជំរុញឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏ជាការជំរុញយកចិត្តទុកដាក់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយយោងទៅលើស្ថានភាពនៃភាពរាំងស្ងួតអូសបន្លាយ  រយៈពេលវែង និង ការប្រែប្រួលអាកាសធាតុ ព្រមទាំងបំពេញនូវតម្រូវការចាំបាច់ក្នុងការប្រើប្រាស់ទឹកចំពោះមុខរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ និង ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ “ទឹកជាប្រភពនៃជីវិត” ។

លោកជំទាវក៏បានធ្វើការលើកទឹកចិត្តដល់បងប្អូនត្រូវចេះដាំដំណាំរួមផ្សំនៅជិតៗផ្ទះ ដើម្បីជួយសម្រួលដល់ជីវភាព និង ការរស់នៅប្រចាំថ្ងៃរបស់បងប្អូន ហើយយើងក៏មិនចាំបាច់បារម្ភពីការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ដែរ ហើយត្រូវពិសាទឹកស្អាត ឬទឹកដាំពុះ ។ លោកជំទាវបានបន្តថា រដូវនេះជារដូវប្រាំង សូមបងប្អូនទាំងអស់គ្នាត្រូវចេះប្រុងប្រយ័ត្នចំពោះភ្លើង ផ្សែង និង សុខភាព អនាម័យ សំខាន់កុមារតូចៗ បើឃើញថាមិនស្រួលត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត ។ លោកជំទាវក៏បានផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋទាំងពីរស្រុក ត្រូវចេះសម្អាត ថែរក្សាអណ្ដូងទឹកស្អាតទាំងពីរនេះ ដើម្បីបានប្រើប្រាស់យូរអង្វែងតរៀងទៅ សមនឹងពាក្យស្លោកថា “ការប្រើប្រាស់ទឹកស្អាត និងមានអនាម័យ នាំឱ្យគ្រួសារមានសុខភាពល្អ និងមានសុភមង្គល”  ។

ក្នុងពិធីនោះដែរលោកជំទាវក៏បានធ្វើការអំពាវនាវដល់ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស យុវជនកាកបាទក្រហម និង ប្រជាពលរដ្ឋទាំងពីរស្រុក គឺត្រូវចូលរួមក្នុងចលនានៃយុទ្ធនាការ ដាំដុះកូនឈើឡើងវិញ ដើមី្បទប់ស្កាត់នូវការបម្រែបម្រួលអាកាសធាតុ និង គ្រោះធម្មជតិ កើតមានឡើងនៅក្នុងមូលដ្ឋានខ្លួន ព្រមទាំងបញ្ឈប់នូវការកាប់ទន្ទ្រានព្រៃឈើយកដីធ្វើកម្មសិទ្ធិផងដែរ ។  បញ្ហាការបាត់បង់ធនធានធម្មជាតិទាំងនេះហើយដែលធ្វើឱ្យយើងជួបនូវគ្រោះធម្មជាតិ ព្រមទាំងធ្វើឱ្យបាត់បង់នូវទ្រព្យសម្បត្តិ និង អាយុជីវិតទៀតផងដែរ ៕

ដោយ ឃុត សៅ