ស្ថានទូតជប៉ុនប្រកាសទទួលស្វាគមន៍សាធារណជនសរសេរសារថ្វាយព្រះពរ សម្រាប់ការឡើងគ្រងរាជ្យរបស់ព្រះអង្គម្ចាស់រាជទាយាទជប៉ុន                             

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ — ស្ថានទូតជប៉ុនបានប្រកាសជម្រាបជូនដល់សាធារណជន ក្នុងការស្វាគមន៍សម្រាប់ការ សរសេរ​សារថ្វាយព្រះពរ និងអបអរសាទរ ព្រះអង្គម្ចាស់ ណារូហ៊ីតូ ព្រះរាជទាយាទជប៉ុន ដែលនឹងឡើងគ្រងរាជ្យជាព្រះចៅអធិរាជជប៉ុន នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ខាងមុខ។ នេះបើ​យោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។ ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ស្ថានទូតជប៉ុន នឹងបើកទទួលស្វាគមន៍សាធារណ ជនចូលរួមក្នុងស្ថានទូតដើម្បីសរសេរសារថ្វាយព្រះពរ និងអបអរសារទរការឡើងគ្រងរាជនេះ ដែលស្ថិតនៅស្ថានទូតជប៉ុនប្រចាំកម្ពុជា សាលពហុប្រយោជន៍ (នៅបន្ទាប់ពីច្រកទ្វារចូល ផ្នែកកុងស៊ុល)នៅថ្ងៃសុក្រ ទី០៣ និងថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០១៩ ពេលវេលាម៉ោង ៩:០០-១១:០០ ព្រឹក និងម៉ោង ២:០០-​៤:០០ រសៀល។

ស្ថានទូតជប៉ុនក៏បានបញ្ជាក់ផងដែរថា ការចូលរួមសរសេរសារថ្វាយព្រះពរ និងអបអរ សាទរនេះ សាធារណជនទាំងអស់ សូមយកមកជាមួយនូវអត្តសញ្ញាណប័ណ្ណ។ ដោយឡែក សម្រាប់ការិយាល័យកុងស៊ុល ខេត្តសៀមរាប ក៏នឹងបើកទទួលការសរសេរសារថ្វាយ​ព្រះពរ​ផងដែរ។

សូមបញ្ជាក់ថា សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ផ្នែកវប្បធម៌ និងព័ត៌មាននៃ​ស្ថានទូតជប៉ុន តាមរយៈទូរស័ព្ទលេខ ០២៣ ២១៧ ១៦១ (លេខបន្ត១១២២) ឬ ផ្ញើអ៊ីម៉េល​មកកាន់អាស័យដ្ឋាន៖ info.jpn@pp.mofa.go.jp៕

ដោយ អ៊ុន រិទ្ធី