ឯកឧត្ដម ឃួង ស្រេង៖ អ្នកជួយប្អូនៗ និងក្មួយៗឱ្យរួចផុតពីគ្រឿងញៀន គឺជាអ្នកមានគុណធំ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ត្រីក្រោមឱវាទបានទៅសួរ សុខទុក្ខ និងលើកទឹកចិត្ដដល់ប្អូនៗ និងក្មួយៗ ដែលកំពុងស្នាក់នៅព្យាបាល អប់រំ ស្តារនីតិសម្បា និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្សាបគ្រឿងញៀននៅមជ្ឈមណ្ឌលឱកាស ខ្ញុំចំនួន១៤៣៣នាក់ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់កាលពីរសៀលថ្ងៃសៅរ៍ ៨រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ថា អ្នកជួយប្អូនៗ ក្មួយៗពីអន្ទាក់ គ្រឿងញៀន គឺជាអ្នកមានគុណរបស់ប្អូនៗក្មួយៗ ព្រោះរាជរដ្ឋាភិបាល និងអាជ្ញាធរចង់ជួយ ប្អូនៗក្មួយៗ ឱ្យក្លាយខ្លួនជាមនុស្សល្អ មនុស្សមានតម្លៃសម្រាប់សង្គម។ឯកឧត្ដមបន្តថា បើប្អូនៗមិនអាណិតនរណាក៏ហីទៅចុះ តែប្អូនៗត្រូវតែអាណិតខ្លួនឯង អាណិតឪពុកម្តាយ ត្រូវប្តេជ្ញាចិត្តឈប់ប៉ះពាល់គ្រឿងញៀនតទៅទៀត ព្រោះគ្រឿងញៀន វាបំផ្លាញអ្វីៗ និងជីវិតរបស់យើងថែមទៀតផង ហើយត្រូវចាំថា មានតែប្អូនៗនិងក្មួយៗខ្លួន ឯងទេ ដែលជួយខ្លួនឯងដំបូងគេ និងត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀនហើយយើងក៏មិន ចង់ឃើញប្អូនៗក្មួយៗនៅទីនេះរហូតដែរ។
ជាមួយគ្នានោះដែរ លោកស្រី មុំ ចាន់ដានី ប្រធានមជ្ឈមណ្ឌលបន្សាបគ្រឿង ញៀន ឱកាសខ្ញុំបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ ជនរងគ្រោះដោយសារគ្រឿង ញៀនដែលកំពុងស្នាក់នៅបន្សាបគ្រឿងញៀនក្នុងមជ្ឈមណ្ឌលមានចំនូន១៤៣៣នាក់ ក្នុង នោះស្រី៦៣នាក់។ ការជួយជនរងគ្រោះដោយសារគ្រឿងញៀននេះ មាន៣ចំណុច សំខាន់គឺ៖១. ប្រើថ្នាំពេទ្យ, ២.ការអប់រំផ្លូវចិត្ត, និង៣.ការធ្វើលំហាត់ប្រាណយ៉ាង ទៀងទាត់ដើម្បីបណ្តេញជាតិពុលពីក្នុងខ្លួន។

លោកស្រីប្រធានឱ្យដឹងទៀតថា ជនរងគ្រោះដែលប្រើប្រាស់គ្រឿងញៀនភាគ ច្រើនមានជំងឺច្រើនប្រភេទដែលធ្វើឱ្យក្នុងអំឡុងពេលផ្តាច់គ្រឿងញៀន លេចចេញមកនូវ ជំងឺមួយចំនួនដូចជា រវើរវាយផ្លូវចិត្ត ថប់ដង្ហើម ស្ពឹកដៃជើង រមួលក្រពើ រើម រលាកក្រពះ រលាកតម្រងនោមនិងជំងឺឱកាសនិយមច្រើនប្រភេទទៀត។

ទន្ទឹមនឹងការបន្សាបសារធាតុញៀន មជ្ឈមណ្ឌលក៏បានយកចិត្តទុក ដាក់បណ្តុះ បណ្តាលវិជ្ជាជីវៈដល់ប្អូនៗក្មួយៗដូចជា កាត់សក់ អ៊ុតសក់ រៀនកុំព្យូទ័រ រៀនភាសាអង់គ្លេស រៀនជួសជុលគ្រឿងអេឡិចត្រូនិកជាដើម ដើម្បីឱ្យប្អូនៗអាចប្រកបរបរចិញ្ចឹមជីវិតបានពេល វិលទៅលំនៅឋានវិញ៕

ដោយ​ សួស សំរិត