រដ្ឋមន្ត្រីក្រសួងធនធានទឹកជំរុញឱ្យអាជ្ញាធរទន្លេសាប ពង្រឹងប្រសិទ្ធភាពការងារ ឱ្យកាន់តែប្រសើរថែមទៀត

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ — ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយមបានជំរុញឱ្យអាជ្ញាធរ ទន្លេសាប ពង្រឹងប្រសិទ្ធភាពការងារសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។ ការជំរុញនេះ ធ្វើឡើងក្នុងកិច្ចប្រជុំសំណេះសំណាលលើការងារអាជ្ញាធរទន្លេសាបនៅសាលប្រជុំ អាជ្ញាធរ ទន្លេសាប កាលពីព្រឹកថ្ងៃចន្ទ ១០រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួង ធនធាន​ទឹក និង ឧតុនិយម។

ឯកឧត្តមលឹម គានហោ បានណែនាំ និងផ្តាំផ្ញើចំនួនបីចំណុចក្នុងគោលបំណង ដើម្បី បន្តពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារអាជ្ញាធរទន្លេសាបឱ្យបានកាន់តែប្រសើរថែម ទៀត សម្រាប់ពេលបច្ចុប្បន្ន និងអនាគតគឺទី១. ត្រូវរៀបចំធ្វើការបែងចែកភារកិច្ច និងការ ទទួលខុសត្រូវក្នុងចំណោមថ្នាក់ដឹកនាំអាជ្ញាធរទន្លេសាប។ ទី២. កសាងមូលដ្ឋានបច្ចេកទេស ឱ្យបានរឹងមាំ តាមរយៈការសិក្សាស្រាវជ្រាវឱ្យបានកាន់តែសកម្មថែមទៀត។ និងទី៣. ត្រូវបន្ត យកចិត្តទុកដាក់ពង្រឹងសមត្ថភាពជំនាញជាប្រចាំ និងសុខុមនីយកម្មការងារ។

ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបអំពីស្ថានភាពនយោបាយ និងសេដ្ឋកិច្ចទូទៅនាពេល បច្ចុប្បន្ននៅកម្ពុជា និងអំពីបេសកកម្ម និងសមិទ្ធផលការងារដែលអាជ្ញាធរទន្លេសាបសម្រេច បានរហូតមកដល់ពេលនេះ និងការងារជាអាទិភាពដែលត្រូវបំពេញចំពោះមុខ។ ឯកឧត្តម​រដ្ឋមន្រ្តីក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ ថ្នាក់នៃអាជ្ញាធរទន្លេសាប និងសមិទ្ធផលការងារដែលសម្រេចបានរហូតមកដល់ពេលបច្ចុប្បន្ន នេះ៕

ដោយ គង់ សិរីរ័ត្ន