ទឹកប្រាក់ជាង ១០ម៉ឺនដុល្លារបានមកពីទិវាពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ អង្គរ ប្រគល់ជូនអង្គការសប្បុរសធម៌នានា

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ — ទឹកប្រាក់ចំនួន១០៥.០៣១ដុល្លារសហរដ្ឋអាមេរិក ដែលបានមកពីព្រឹត្តិការណ៍កីឡា​រត់​ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ នៅអង្គរវត្ត ឆ្នាំ២០១៨ កន្លងទៅត្រូវបានគណៈ កម្មការម៉ារ៉ាតុងអង្គរប្រគល់ជូនដល់មន្ទីរពេទ្យ អង្គការសប្បុរសធម៌នានាចំនួន១០ នៅព្រឹក​ថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានមាន​ប្រសាសន៍​ថា ឯកឧត្តម សូមស្វាគន៍យ៉ាងកក់ក្តៅចំពោះតំណាងមន្ទីរពេទ្យគន្ធបុប្ជា មន្ទីរពេទ្យ​កុមារអង្គរ និងបណ្តាអង្គការនានា ដែលបានចូលរួមក្នុងពិធីប្រគល់ថវិកាសប្បុសធម៌នេះ។ ឯកឧត្តមបានបញ្ជាក់ថា ការប្រគល់ថវិកានេះគណៈកម្មការម៉ារ៉ាតុងអង្គរតែងតែបាន ប្រគល់​ជារៀងរាល់ឆ្នាំ ហើយនៅក្នុងទិវាពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ ខេត្តសៀមរាប លើកទី​២៣ឆ្នាំ កាលពីថ្ងៃទី២ ខែធ្នូ ២០១៨ ដែលទាក់ទាញបានអ្នកចូលរួមច្រើន​លើសពីការរំពឹងជាង​១ម៉ឺននាក់ ហើយជាឆ្នាំជោគជ័យខ្លាំងបំផុត ដែលជាកំណត់ត្រាប្រវត្តិសាស្រ្តថ្មីមួយ។ ឯកឧត្តម បន្ដ​ថា កាលពីព្រឹត្តិការណ៍ដូចគ្នា នេះកាលពីលើកទី១ មានអ្នករត់ត្រឹម ៣០០នាក់ប៉ុណ្ណោះ កាលពីឆ្នាំ១៩៩៦ ដែលនេះឯកឧត្តមបានចាត់ទុកថា ទិវានេះបានរីកចម្រើនជាលំដាប់ ដោយ សារទទួលបានការគាំទ្រយ៉ាងខ្លាំងពីដៃគូឧបត្ថម្ភនានាជាបន្តបន្ទាប់ជា មួយនឹងការគាំទ្រដល់ វិស័យសង្គមជួយសង្រ្គោះដល់ជនរងគ្រោះដោយសារគ្រាប់មីន និងសប្បរសធម៌ជាដើម។ សម្រាប់ប៉ុន្មានឆ្នាំចុងក្រោយនេះទិវាអន្តរជាតិមួយនេះទទួលបានការឧបត្ថម្ភធំពី Manulife Cambodia និងបណ្តា ក្រុមហ៊ុនជាច្រើនទៀត។

លោក សែម ផល្លា នាយកចាត់ការទូទៅទិវារត់ប្រណាំងម៉ារ៉ាងតុងនៅកម្ពុជាបានឱ្យ ដឹងដែរថា គណៈកម្មការបច្ចេកទេសតែងតែបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការទាក់ទាញអ្នករត់ ឱ្យ​​បានច្រើនកុះករ ជាមួយនឹងការជួយសម្រួលដល់ការថែរក្សាសណ្តាប់ធ្នាប់ សុខភាពអ្នក រត់ទាំងអស់ ដើម្បីទិវាមួយនេះកាន់តែ ទាក់ទាញនិងជោគជ័យបន្ថែមទៀត នៅចុងឆ្នាំនេះ ក៏ដូចជាឆ្នាំបន្តបន្ទាប់ទៀត។ លោកគូសបញ្ជាក់ទៀតថា សម្រាប់ថវិកាជាង១០ម៉ឺនដុល្លារនោះ ត្រូវបានបែងចែកជូនដល់មន្ទីរពេទ្យ និងអង្គការចំនួន១០ រួម មាន៖ កាកបាទក្រហមកម្ពុជា ១ម៉ឺនដុល្លារ, មន្ទីរពេទ្យគន្ធបុប្ជា ៥.០០០ដុល្លារ, Cambodia Trust ៣.៦០០ដុល្លារ, Handicap International Belgium ៣.០០០ដុល្លារ, គម្រោងទាំង៥ នៃអង្គការ បេះដូងមាស សរុបចំនួន ១១.៨០០ ដុល្លារ និងមន្ទីរពេទ្យ កុមារអង្គរ ថវិកាចំនួន ៧១.៦៣១ដុល្លារសហរដ្ឋអាមេរិក៕

ដោយ ហេង ណាលីន