រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅអនុវត្តន៍បន្ត

AKP ព្រះសីហនុ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ — នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃ ១០រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំ ខែមេសា និងលើកទិសដៅអនុវត្តន៍បន្តរបស់រដ្ឋបាលខេត្តព្រះសីហនុ ក្រោម អធិបតីភាព ឯកឧត្ដម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការ អញ្ជើញចូលរួមអភិបាល អភិបាលរងក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត។

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យគ្រប់មន្ទីរអង្គភាព ជំនាញ ស្ថាប័នតុលា កងកម្លាំងប្រដាប់អាវុធ ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបន្តអនុវត្តន៍នូវគោល ការណ៍ចំនួន៣ធំៗគឺ៖ ទី១. គោលការណ៍ពង្រឹងការអនុវត្តច្បាប់, ២. ការដោះស្រាយការវិវាទ ទំនាស់ដីធ្លី,  ៣.ជំរុញការដោះស្រាយការងារអនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណ: សុវត្ថិភាពសាធារណៈជាដើម ព្រមទាំងពិភាក្សាការងារបញ្ហាប្រឈម និងការងារអនុវត្តន៍នា ពេលខាងមុខប្រកប ដោយប្រសិទ្ធភាព និងតម្លាភាព។

ឯកឧត្តមបានកោតសរសើរមន្ត្រីគ្រប់ផ្នែក អង្គភាពនានា បានបំពេញតួនាទីភារកិច្ច តាមជំនាញ បង្ការទប់ស្កាត់បានទាន់ពេលវេលានូវរាល់បទល្មើសនានាបានល្អប្រសើរ ដើម្បី សេចក្តីសុខរបស់ បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ព្រមទាំងបានជំរុញឱ្យមន្ត្រីគ្រប់ផ្នែក តាមក្រុង ស្រុក  ឃុំ សង្កាត់ ត្រូវបង្កើនការយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាព សា ធារណៈជូនប្រជាជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសចូលរួម អនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព៩ ចំណុចរបស់រាជរដ្ឋាភិបាលលុបបំបាត់ និងស្រាវជ្រាវកំណត់មុខសញ្ញាប្រើប្រាស់ និងចែកចាយគ្រឿងញៀននៅក្នុងមូលដ្ឋាន និង លុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បី ភូមិ ឃុំ មានសុវត្ថិភាព៕

ដោយ ងូ សុមុនី